វាយតម្លៃផលប៉ះពាល់បន្ថែមទៀត សម្រាប់គម្រោង ទំនប់វារីអគ្គិសនី ដនសាហុង

នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៥, សម្តេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍ ឯកឧត្តម Somsavat Lengsavad ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចឡាវ ហើយសម្តេចបានជំរុញឲ្យរដ្ឋាភិបាលឡាវ ធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានបន្ថែមទៀត មុននឹងចាប់ផ្តើមគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ដោយបង្កើតជាគណៈកម្មាធិការរួមមួយ រវាងកម្ពុជា និងឡាវ ដើម្បីសិក្សាឡើងវិញលើគម្រោងនេះ។ ជាការឆ្លើយតបមកវិញ, ឯកឧត្តម Somsavat Lengsavad បានឯកភាព និងបានសង្កត់ធ្ងន់ថា ឡាវនឹងមិនបន្តនូវគម្រោងនេះឡើយ បើសិនជាវានឹងមានផលប៉ះពាល់ដល់កម្ពុជា និងវៀតណាម៕ (ដកស្រង់ពី AKP, ថ្ងៃទី ០៧ តុលា ២០១៥)

កាន់បិណ្ឌផង ថែរក្សាដំណាំកសិកម្មផង

សម្តេចតេជោ ហ៊ុន សែន ជម្រុញអោយប្រជាកសិករកម្ពុជា យកចិត្តទុកដាក់ថែទាំដំណាំកសិកម្ម ជាពិសេសស្រូវសន្ទូង ក្នុងខណៈដែលទូទាំងប្រទេសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ។ សម្តេចតេជោ កត់សម្គាល់ថា ទឹកជំនន់រដូវមានកំពស់មិនគ្រប់គ្រាន់ ដើម្បីបញ្ជូនទឹកចូលទៅតាមបឹង និងអាងស្តុកទឹកនានាទេ ហើយអំពាវនាវអោយប្រជាកសិករកម្ពុជាប្រឹងប្រែងរក្សាទឹកក្នុងស្រែ អាងស្តុក និងប្រឡាយនានា

អញ្ជើញកាន់បិណ្ឌ ថ្ងៃទី ៤

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយសមាជិកក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌថ្ងៃទី ៤ នៅវត្ត លង្ការ រាជធានី ភ្នំពេញ។ បុណ្យកាន់បិណ្ឌ ជាផ្នែកមួយនៃ បុណ្យភ្ជុំបិណ្ឌ ឬជាបុណ្យសម្រាប់ឧទ្ទិសដល់បុព្វការីជន សាច់ញាតិ ដែលបានចែកស្ថានទៅ ហើយក៏ជាបុណ្យសាសនាមួយធំបំផុត នៅប្រទេសកម្ពុជា មានរយៈពេលប្រារព្ធទាំងអស់ ១៥ ថ្ងៃ។