សម្តេចតេជោ ហ៊ុន សែន ជម្រុញអោយប្រជាកសិករកម្ពុជា យកចិត្តទុកដាក់ថែទាំដំណាំកសិកម្ម ជាពិសេសស្រូវសន្ទូង ក្នុងខណៈដែលទូទាំងប្រទេសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ។ សម្តេចតេជោ កត់សម្គាល់ថា ទឹកជំនន់រដូវមានកំពស់មិនគ្រប់គ្រាន់ ដើម្បីបញ្ជូនទឹកចូលទៅតាមបឹង និងអាងស្តុកទឹកនានាទេ ហើយអំពាវនាវអោយប្រជាកសិករកម្ពុជាប្រឹងប្រែងរក្សាទឹកក្នុងស្រែ អាងស្តុក និងប្រឡាយនានាសំរាប់ការស្រោចស្រប់ដំណាក់កាលលូតលាស់ចុងក្រោយនៃស្រូវវស្សា និងការចាប់ផ្តើមដាំដុះស្រូវរដូវប្រាំង។ សម្តេចតេជោ បានជម្រុញអោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រៀមបម្រុងធ្វើអន្តរាគមន៍តាមការចាំបាច់ និងជម្រុញអោយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការ ចូលរួមជួយបង្កបង្កើនផលប្រជាជន ពិសេសគ្រួសារជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរាខ្វះពលកម្ម ដែលនៅជិតទីតាំងប្រតិបត្តិការរបស់ខ្លួន។ (ដកស្រង់ពី Facebook: Samdech Hun Sen, 3 October 2015)៕
Share this post