ធនធានមនុស្សក្លាយជាអាទិភាពទី ១, ហ្វេសប៊ុកបង្កើនល្បឿនដោះស្រាយកង្វល់ប្រជាពលរដ្ឋ

ថ្ងៃ ១១ កុម្ភៈ ឆ្នាំ ២០១៦ ថ្លែងសង្កថាសម្ពោធសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការវិនិយោគរបស់រដ្ឋ និងឯកជន លើវិស័យអប់រំ ដោយរុញច្រាន​សា​លារៀនឱ្យទៅកៀកនឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជួយអោយប្រទេសកាត់បន្ថយបាន​នូវគម្លាតខាង​ខួរក្បាល។ សម្តេចអះអាងថា ការបណ្ដុះបណ្ដាលធនធានមនុស្សបានក្លាយ ទៅជាប្រធានបទគន្លឹះនៃការ​អភិវឌ្ឍរបស់កម្ពុជា ដែលកាត់បន្ថយគម្លាតផ្ទៃក្នុងខ្លួនឯងផង និងក៏កាត់បន្ថយគម្លាតអភិវឌ្ឍន៍ជាមួយ​ប្រ​ទេស​ដទៃថែមទៀតផង។ “អាទិភាព ៤ គឺ មនុស្ស, ទឹក, ផ្លូវ ភ្លើង ត្រូវតែដើរស្របគ្នា និងនៅតែជាអាទិ​ភាពដែលយើងត្រូវដោះស្រាយ” សម្តេចតេជោបញ្ជាក់ និងកត់សម្គាល់ថា ការពង្រាយសាលាទៅជិត​សិស្ស បានជួយអោយសិស្សមានលទ្ធភាពរៀនចប់ថ្នាក់ទី ៩ ហើយក៏បង្កឱកាសអោយយុវ​នារី​នៅមូល​ដ្ឋាន អាចបន្តការសិក្សាបានដែរ។ ស្តីពី E-Government ឬរដ្ឋាភិបាលអេឡិកត្រូនិក ហើយក៏ជាការឆ្លើយតបទៅនឹងក្រុមអ្នកវិភាគ ដែល​រិះ​គន់​ថា ការដែលសម្ដេចប្រើហ្វេសប៊ុក ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ​បានធ្វើឱ្យបាត់ប្រព័ន្ធការ​ងារ​របស់ក្រសួង ស្ថាប័ន រដ្ឋ, សម្ដេចទាញបំភ្លឺថា ការប្រើហ្វេសប៊ុកមិនចោលប្រព័ន្ធការងារដែល​ធ្លាប់​មាន​ពី​មុនទេ ក៏ប៉ុន្តែវាបានបង្កើន និងពន្លឿនប្រសិទ្ធិភាពដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។ “ខ្ញុំសូមផ្តាំ​ត្រ​ឡប់​ទៅវិញ ខ្ញុំអត់ចោលប្រព័ន្ធការងារដែលធ្លាប់មានពីមុនទេ។ ខ្ញុំគ្រាន់តែ​បង្កើន​ល្បឿន​ឲ្យមន្ត្រីរបស់យើង​គ្រប់ទីកន្លែង ដោះស្រាយការងារឲ្យបានលឿនបំផុតសម្រាប់ប្រជាពលរដ្ឋ” សម្តេចបញ្ជាក់៕

ផ្លូវជាតិលេខ ១ បួនគីឡូម៉ែត្រចុងក្រោយ កំពុងមមាញឹកសាងសង់

ថ្ងៃ ១០ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមហ្វេសប៊ុកថា រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជាបន្តបន្ទាប់ទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កំណាត់ផ្លូវជាតិលេខ ១ ដែលនៅសល់ប្រវែង ៤ គីឡូម៉ែត្រទៀត គិតចាប់ពីគល់ស្ពានមុនីវង្ស ដល់ម្តុំវត្តក្តីតាកុយ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែស្ថាបនាយ៉ាងមមាញឹក។ គំរោងស្ថាបនាកំណាត់ផ្លូវនេះ គឺជាកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានជួយទាំងផ្លូវជាតិលេខ ១ ទាំងស្ពានអ្នកលឿង(ទ្សឹបាសា)។ សមិទ្ធិផល និងគម្រោងផ្លូវដែលមានស្រាប់ និងកំពុងបន្តពង្រីក ភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងច្រើន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនចល័តទូទាំងប្រទេស ជាពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋជាតិរួមទាំងផ្លូវថ្នល់ និងស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជា។ សូមប្រជាពលរដ្ឋបើកបរលើផ្លូវដែលកំពុងសាងសង់នេះ ដោយគោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។

ដោះស្រាយបញ្ហាអោយរហ័ស តម្លាភាព និងប្រសិទ្ធិភាព ជូនប្រជាពលរដ្ឋ, នឹងជួបពលរដ្ឋខ្មែររាប់រយនាក់នៅសហរដ្ឋអាមេរិក

ថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​សេចក្តីណែនាំ ដល់សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូ រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រ​​ធានគ្រប់ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អោយបង្កើតក្រុមការងារ​តាមដាន​ និង​ស្រង់​​ព័ត៌​មាន ពាក្យបណ្តឹង និងសំណូមពរប្រជាពលរដ្ឋនៅលើគេហទំព័រ Facebook សម្តេចនាយក​រដ្ឋ​មន្រ្តី។ “ខ្ញុំសូមសម្តេច សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូ រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រ​​ធានគ្រប់ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់លើកិច្ចការសំខាន់នេះ ដើម្បីរួមសហការគ្នាដោះស្រាយរាល់បញ្ហា ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់” សម្តេចបានសរសេរក្នុងសេចក្តីណែនាំ។ ហ្វេសប៊ុកសម្តេចតេជោ សព្វថ្ងៃទទួលបាន​នូវរបាយការណ៍ជាព័ត៌មានចម្រុះ រួមទាំងពាក្យបណ្តឹងពីប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងថ្ងៃដដែល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រ​កាស​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរាប់រយនាក់ ដែលមកពីគ្រប់កន្លែងនៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អា​មេ​រិក នៅ…