ផ្លូវជាតិលេខ ១ បួនគីឡូម៉ែត្រចុងក្រោយ កំពុងមមាញឹកសាងសង់

ថ្ងៃ ១០ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមហ្វេសប៊ុកថា រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជាបន្តបន្ទាប់ទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កំណាត់ផ្លូវជាតិលេខ ១ ដែលនៅសល់ប្រវែង ៤ គីឡូម៉ែត្រទៀត គិតចាប់ពីគល់ស្ពានមុនីវង្ស ដល់ម្តុំវត្តក្តីតាកុយ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែស្ថាបនាយ៉ាងមមាញឹក។ គំរោងស្ថាបនាកំណាត់ផ្លូវនេះ គឺជាកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានជួយទាំងផ្លូវជាតិលេខ ១ ទាំងស្ពានអ្នកលឿង(ទ្សឹបាសា)។ សមិទ្ធិផល និងគម្រោងផ្លូវដែលមានស្រាប់ និងកំពុងបន្តពង្រីក ភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងច្រើន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនចល័តទូទាំងប្រទេស ជាពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋជាតិរួមទាំងផ្លូវថ្នល់ និងស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជា។ សូមប្រជាពលរដ្ឋបើកបរលើផ្លូវដែលកំពុងសាងសង់នេះ ដោយគោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។