រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១២ ខែវិច្ឆិកា

FN ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងដំណើរការបម្រើសេវានេះ ជាធម្មតាវិញ។ តាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ក្រុមកីឡាករ-កីឡាការិនីទូក «ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក «ង»។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូតនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់៕

មេដឹកនាំពិភពលោក៖ សុខសន្តិភាព និងស្ថេរភាពនយោបាយ ជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម

FN ៖ មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសពាក់ព័ន្ធ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសថៃ បានមើលឃើញថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ការគូសបញ្ជាក់របស់មេដឹកនាំអាស៊ាន និងបណ្តាមេដឹកនាំពិភពលោក បានធ្វើឡើងក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ពិសេសក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមកិច្ចពិភាក្សាជាពិសេសលើ «ការអភិវឌ្ឍប្រកបដោយចីរភាព»។ ក្នុងពិធីសោយក្រយ៉ា និងទទួលទានអាហារថ្ងៃត្រង់ពិសេសនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានពិនិត្យលើវឌ្ឍនភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ និងក្នុងភាពជាដៃគូសន្ទនា ដែលបានដំណើរការប្រកបដោយស្មារតី នៃ ការទទួលខុសត្រូវខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសពាក់ព័ន្ធ បានគូសបញ្ជាក់ជាពិសេសពីវឌ្ឍនភាព គួឱ្យកត់សម្គាល់របស់អាស៊ាន ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៃការអភិវឌ្ឍប្រកប ដោយចីរភាព រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនក្នុងវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសតាមរយៈការបន្ស៉ីគោលនយោបាយជាតិនានា ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ មេដឹកនាំទាំងអស់ បានគូសបញ្ជាក់ដែរថា ការបន្តរក្សានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត…

ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន ប្តេជ្ញារួមគ្នាកសាងសហគមន៍អាស៊ាន ឱ្យកាន់តែខ្លាំងក្លា និងរឹងមាំ

FN ៖ កិច្ចប្រជុំកំពូល (ពេញអង្គ)របស់អាស៊ានលើកទី៣៥ បានប្រារព្វពិធីបើកជាផ្លូវការហើយនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៉ីផែក ជាយរាជធានីបាងកក ក្នុងខេត្តនុនថាក់បូរី ប្រទេសថៃ។ ពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ាន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមជាទីបំផុត។ ព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងលោកអគ្គលេខាធិការអាស៊ាន ត្រូវបានទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សម្គាល់សាជាថ្មី អំពីគោលបំណងក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ការភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និងនាំមកនូវស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផលនៃបដិវត្តន៍ឱស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។ មេដឹកនាំអាស៊ាន បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវវឌ្ឍនភាពប្រកបដោយចីរភាព ក្នុងការអនុវត្តផែនការលម្អិត…