FN ៖ មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសពាក់ព័ន្ធ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសថៃ បានមើលឃើញថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
ការគូសបញ្ជាក់របស់មេដឹកនាំអាស៊ាន និងបណ្តាមេដឹកនាំពិភពលោក បានធ្វើឡើងក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ពិសេសក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមកិច្ចពិភាក្សាជាពិសេសលើ «ការអភិវឌ្ឍប្រកបដោយចីរភាព»។
ក្នុងពិធីសោយក្រយ៉ា និងទទួលទានអាហារថ្ងៃត្រង់ពិសេសនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានពិនិត្យលើវឌ្ឍនភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ និងក្នុងភាពជាដៃគូសន្ទនា ដែលបានដំណើរការប្រកបដោយស្មារតី នៃ ការទទួលខុសត្រូវខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសពាក់ព័ន្ធ បានគូសបញ្ជាក់ជាពិសេសពីវឌ្ឍនភាព គួឱ្យកត់សម្គាល់របស់អាស៊ាន ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៃការអភិវឌ្ឍប្រកប ដោយចីរភាព រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនក្នុងវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសតាមរយៈការបន្ស៉ីគោលនយោបាយជាតិនានា ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
មេដឹកនាំទាំងអស់ បានគូសបញ្ជាក់ដែរថា ការបន្តរក្សានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គ្រប់ដណ្តប់លើគ្រប់វិស័យ ការខិតខំសម្រេចបានគោលដៅទាំងនេះ ពិតជាត្រូវការនូវធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈម ដ៏ធំមួយរបស់ពិភពលោក ដែលកំពុងតែបង្កជាបញ្ហាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
បញ្ហាទាំងនេះតម្រូវឲ្យមានការចូលរួមដោះស្រាយពីគ្រប់ប្រទេសទាំងអស់ ក៏ដូចជាត្រូវការនូវភាពបុរេសកម្ម របស់អង្គការសហប្រជាជាតិ នៅក្នុងការជំរុញអនុវត្តនូវសន្ធិសញ្ញា និងកិច្ចព្រមព្រោងនានា ដែលបានឯកភាពគ្នារួច។ ការកើនឡើងនូវភាពមិនប្រាកដប្រជាក្នុងតំបន់ និងពិភពលោក ពិសេស នៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារគោលនយោបាយគាំពារនិយម សង្រ្គាមពាណិជ្ជកម្ម និងការរំលោភលើគោលការណ៍ពហុភាគីនិយមជាដើម បានក្លាយជាឧបសគ្គដ៏ធំក្នុងកិច្ចប្រឹងប្រែងឈានទៅសម្រេចបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសម្រាប់ប្រទេសដែលមានការ អភិវឌ្ឍតិចតួច។
មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនា បានគូសបញ្ជាក់ថា ត្រូវតែរួមគ្នាធានាថា យន្តការនៃកិច្ចសហប្រតិបត្តិការ នៅតែរក្សាបាននូវស្មារតីបើកចំហរ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ពោលគឺការចូលរួមរបស់វិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាក្នុងការអភិវឌ្ឍសង្គម តាមរយះការទទួលខុស ត្រូវផ្នែកសង្គម គឺពិតជាមានសារះសំខាន់ខ្លាំងណាស់៕