សន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃប្រតិបត្តិការរុករក និងសង្គ្រោះ ជនរងគ្រោះ ពីគំនរអគារ ៧ ជាន់នៅខេត្តកែប

• “… ប្រតិបត្តិការនេះប្រើពេលយូរ រហូតទៅដល់ ៤៣ ម៉ោង។ ប៉ុន្តែ ខ្ញុំបានដាក់ចេញនូវបទបញ្ជាសម្រាប់សង្គ្រោះនៅទីនេះ គឺទី ១ ត្រូវឱ្យអាទិភាពខ្ពស់ទៅលើការសង្គ្រោះជីវិតមនុស្ស … ដូច្នេះហើយ នៅពេលដែលយើងរុករកឃើញមានសញ្ញាណាមួយដែលមិនប្រក្រតី ហើយដែលអាចសង្ស័យថាមានមនុស្ស យើងត្រូវតែបញ្ឈប់នូវគ្រឿងចក្រទាំងឡាយ ហើយប្រើដោយមធ្យោបាយផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន … ទី ២ គឺគោរពទៅដល់សាកសព បើទោះបីជាពួកគាត់បានស្លាប់ទៅហើយ តែយើងត្រូវតែធានាថា សាកសពទាំងនោះមិនត្រូវបានពុះជ្រៀកដោយសារគ្រឿងចក្ររបស់យើងទេ …”

• “… ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលរាប់ទាំងការចូលរួមវិភាគទានជាថវិកា … មកជូនរាជរដ្ឋាភិបាលដើម្បីបន្តផ្តល់ជូនទៅដល់ជនរងគ្រោះ។ អរគុណចំពោះស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទាន … ខ្ញុំចង់សម្តែង(អំណរគុណ)ខ្លាំងជាងគេ គឺកម្លាំងប្រតិបត្តិការនៅទីនេះផ្ទាល់តែម្តង ដែលខ្ញុំចាត់ទុកថា ជាបង្អែកនៃកម្លាំងរបស់ជាតិរបស់យើង ដែលខ្ញុំមានមោទនភាពខ្លាំងណាស់ … យើងត្រូវរៀបចំផែនការហ្វឹកហាត់បន្ថែម …”

• “… មានអ្នកវាយសារចូលមកក្នុង WhatsApp និង Telegram របស់ខ្ញុំ ធ្វើការស្តីបន្ទោសអ្នកនេះ/អ្នកនោះ ត្រូវការដកអ្នកនេះ/អ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់អំពីអ្វីដែលជាការគិតដំបូងបំផុត គឺបញ្ហាសង្គ្រោះជីវិតរបស់ពលរដ្ឋរបស់យើង … ដើម្បីចៀសវាងនូវការសង្ស័យណាមួយ អភិបាលខេត្តកែប និងមន្ត្រីក្នុងខេត្ត មិនត្រូវបានដកចេញពីតំណែងទេ … ខ្ញុំនឹងពិនិត្យមើលមន្ត្រីដែលវាយចូលក្នុង WhatsApp របស់ខ្ញុំ និងការបង្ហោះតាមហ្វេកប៊ុកមួយចំនួន ដើម្បីខ្ញុំចាត់ការទៅថ្ងៃក្រោយដើម្បីព្រមាន …”

• “… (អំពី)ម្ចាស់សំណង់ … តាមដឹងស្នងការនគរបាលខេត្តកែប នឹងបញ្ជូនទៅតុលាការខេត្តកំពត ហើយពេលនោះនីតិវិធីតុលាការយ៉ាងណា គឺអាស្រ័យទៅលើតុលាការ។ សំណងរដ្ឋប្បវេណី គឺត្រូវតែប្តឹងទាមទារ … ខ្ញុំបានសម្រេចពីម្សិលមិញ សម្រាប់អ្នករបួសម្នាក់ គឺទទួលបានថវិកាចំនួន ១ ម៉ឺនដុល្លារ។ ដោយឡែក ករណីពិសេស គឺករណីដែលអ្នករកបាននៅក្នុងគំនរបាក់បែកដូចជា ៧ នាក់ គឺបានទទួលម្នាក់ ២ ម៉ឺនដុល្លារ។ សម្រាប់សាកសព គឺក្នុងម្នាក់ចំនួន ៥ ម៉ឺនដុល្លារ និងប្រាក់សម្រាប់ធ្វើបុណ្យ ១០ លានរៀល …”

សម្តេចតេជោ ហ៊ុន សែន, សន្និសីទកាសែតអំពីលទ្ធផល នៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្នុងគំនរអគារ ៧ ជាន់ ខេត្តកែប, ៥ មករា ២០២០

សម្តេចតេជោ ហ៊ុន សែន៖ មកទល់ព្រឹកថ្ងៃទី៤ មករានេះ ក្រុមការងារសង្រ្គោះកំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត, គិតត្រឹមម៉ោង៥ព្រឹក ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ស្លាប់៧នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចុះផ្ទាល់ដើម្បីជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេចថា មកទល់នឹងព្រឹកនេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត ខណៈគិតត្រឹមម៉ោង៥ព្រឹក ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់។ កាលពីយប់មិញថ្ងៃទី៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នមពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥៖០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា ដែលពេលនោះបានជួយសង្គ្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរួចផុតពីសេចក្តីស្លាប់។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខប្តីប្រពន្ធទាំងពីរនាក់ និងបងប្អូនរងគ្រោះជាច្រើនទៀត នៅមន្ទីរពេទ្យបង្អែកខេត្តកែបនេះ។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។ អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន…

សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ថវិកាជាង ៥ម៉ឺនដុល្លារ សម្រាប់សពម្នាក់ៗ និង ១ម៉ឺនដុល្លារ សម្រាប់អ្នករងរបួសម្នាក់ៗ ក្នុងករណីបាក់រលំអគារនៅខេត្តកែប

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាភ្លាមៗ ដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ។ សម្ដេចតេជោ ហ៊ុន សែន បានប្រើថវិការបស់រដ្ឋ និងថវិកាសប្បុរសជនដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួស ហើយចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច យកថវិកាទាំងនេះ ទៅប្រគល់ជូនដល់ផ្ទះគ្រួសារសពតែម្ដង។ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះ ទាំងអ្នករបួស និងគ្រួសារអ្នកដែលបានស្លាប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ ១០០០០ដុល្លារ។ សម្រាប់អ្នកស្លាប់សាកសពមួយថវិកាចំនួន ២០០លានរៀលស្មើនឹង ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនិមួយៗ។ ថវិការដ្ឋ និងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិកាទៅដល់ផ្ទះនៃគ្រួសារសព»។ គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ…