សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ ក្រុមប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទេវហេតុបាក់រលំអគារនៅខេត្តកែប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានចេញលិខិតថ្លែងអំណរព្រះរាជគុណ ដល់ព្រះមហាក្សត្រ ព្រះករុណជាអរម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ព្រមទាំងអរគុណដល់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការជួយសង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទេវហេតុ បាក់រលំអគារ នៅក្នុងខេត្តកែប។ ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គុណូបការៈដ៏ប្រសើរថ្លៃថ្លា ឧតុង្គឧត្តមរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បានបង្ហាញនូវឆន្ទៈ ដ៏មោះមុត ក្នុងការបូជាកម្លាំងកាយ កម្លាំងចិត្ត រួបរួមសាមគ្គីគ្នា ដើម្បីសម្រេចបាននូវការឈាន ទៅបញ្ចប់យុទ្ធនាការរុករកជនរងគ្រោះ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ…

សន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃប្រតិបត្តិការរុករក និងសង្គ្រោះ ជនរងគ្រោះ ពីគំនរអគារ ៧ ជាន់នៅខេត្តកែប

• “… ប្រតិបត្តិការនេះប្រើពេលយូរ រហូតទៅដល់ ៤៣ ម៉ោង។ ប៉ុន្តែ ខ្ញុំបានដាក់ចេញនូវបទបញ្ជាសម្រាប់សង្គ្រោះនៅទីនេះ គឺទី ១ ត្រូវឱ្យអាទិភាពខ្ពស់ទៅលើការសង្គ្រោះជីវិតមនុស្ស … ដូច្នេះហើយ នៅពេលដែលយើងរុករកឃើញមានសញ្ញាណាមួយដែលមិនប្រក្រតី ហើយដែលអាចសង្ស័យថាមានមនុស្ស យើងត្រូវតែបញ្ឈប់នូវគ្រឿងចក្រទាំងឡាយ ហើយប្រើដោយមធ្យោបាយផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន … ទី ២ គឺគោរពទៅដល់សាកសព បើទោះបីជាពួកគាត់បានស្លាប់ទៅហើយ តែយើងត្រូវតែធានាថា សាកសពទាំងនោះមិនត្រូវបានពុះជ្រៀកដោយសារគ្រឿងចក្ររបស់យើងទេ …”

• “… ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលរាប់ទាំងការចូលរួមវិភាគទានជាថវិកា … មកជូនរាជរដ្ឋាភិបាលដើម្បីបន្តផ្តល់ជូនទៅដល់ជនរងគ្រោះ។ អរគុណចំពោះស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទាន … ខ្ញុំចង់សម្តែង(អំណរគុណ)ខ្លាំងជាងគេ គឺកម្លាំងប្រតិបត្តិការនៅទីនេះផ្ទាល់តែម្តង ដែលខ្ញុំចាត់ទុកថា ជាបង្អែកនៃកម្លាំងរបស់ជាតិរបស់យើង ដែលខ្ញុំមានមោទនភាពខ្លាំងណាស់ … យើងត្រូវរៀបចំផែនការហ្វឹកហាត់បន្ថែម …”

• “… មានអ្នកវាយសារចូលមកក្នុង WhatsApp និង Telegram របស់ខ្ញុំ ធ្វើការស្តីបន្ទោសអ្នកនេះ/អ្នកនោះ ត្រូវការដកអ្នកនេះ/អ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់អំពីអ្វីដែលជាការគិតដំបូងបំផុត គឺបញ្ហាសង្គ្រោះជីវិតរបស់ពលរដ្ឋរបស់យើង … ដើម្បីចៀសវាងនូវការសង្ស័យណាមួយ អភិបាលខេត្តកែប និងមន្ត្រីក្នុងខេត្ត មិនត្រូវបានដកចេញពីតំណែងទេ … ខ្ញុំនឹងពិនិត្យមើលមន្ត្រីដែលវាយចូលក្នុង WhatsApp របស់ខ្ញុំ និងការបង្ហោះតាមហ្វេកប៊ុកមួយចំនួន ដើម្បីខ្ញុំចាត់ការទៅថ្ងៃក្រោយដើម្បីព្រមាន …”

• “… (អំពី)ម្ចាស់សំណង់ … តាមដឹងស្នងការនគរបាលខេត្តកែប នឹងបញ្ជូនទៅតុលាការខេត្តកំពត ហើយពេលនោះនីតិវិធីតុលាការយ៉ាងណា គឺអាស្រ័យទៅលើតុលាការ។ សំណងរដ្ឋប្បវេណី គឺត្រូវតែប្តឹងទាមទារ … ខ្ញុំបានសម្រេចពីម្សិលមិញ សម្រាប់អ្នករបួសម្នាក់ គឺទទួលបានថវិកាចំនួន ១ ម៉ឺនដុល្លារ។ ដោយឡែក ករណីពិសេស គឺករណីដែលអ្នករកបាននៅក្នុងគំនរបាក់បែកដូចជា ៧ នាក់ គឺបានទទួលម្នាក់ ២ ម៉ឺនដុល្លារ។ សម្រាប់សាកសព គឺក្នុងម្នាក់ចំនួន ៥ ម៉ឺនដុល្លារ និងប្រាក់សម្រាប់ធ្វើបុណ្យ ១០ លានរៀល …”

សម្តេចតេជោ ហ៊ុន សែន, សន្និសីទកាសែតអំពីលទ្ធផល នៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្នុងគំនរអគារ ៧ ជាន់ ខេត្តកែប, ៥ មករា ២០២០

សម្តេចតេជោ ហ៊ុន សែន៖ មកទល់ព្រឹកថ្ងៃទី៤ មករានេះ ក្រុមការងារសង្រ្គោះកំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត, គិតត្រឹមម៉ោង៥ព្រឹក ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ស្លាប់៧នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចុះផ្ទាល់ដើម្បីជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេចថា មកទល់នឹងព្រឹកនេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត ខណៈគិតត្រឹមម៉ោង៥ព្រឹក ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់។ កាលពីយប់មិញថ្ងៃទី៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នមពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥៖០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា ដែលពេលនោះបានជួយសង្គ្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរួចផុតពីសេចក្តីស្លាប់។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខប្តីប្រពន្ធទាំងពីរនាក់ និងបងប្អូនរងគ្រោះជាច្រើនទៀត នៅមន្ទីរពេទ្យបង្អែកខេត្តកែបនេះ។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។ អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន…