គ.ជ.ប៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨

FN ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមសេចក្ដី ជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។ គ.ជ.ប បានឲ្យដឹងថា សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ មានចំនួន៦២រូប ក្នុងនោះរួមមាន៖ * សមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ * សមាជិកព្រឹទ្ធសភា ២រូប ត្រូវជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀបពីរដ្ឋសភា * សមាជិកព្រឹទ្ធសភា ៥៨រូបទៀត ត្រូវជ្រើសតាំងតាមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ ដែលក្នុងនោះអាសនៈបានបែងចែកតាមភូមិភាគចំនួន៨ ទូទាំងប្រទេស។ សូមជម្រាបថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងទៅនោះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៥៦ឃុំ-សង្កាត់​ គណបក្សសង្គ្រោះជាតិទទួលបាន ៤៨៩ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំផងដែរ៕

គ.ជ.ប បង្ហាញតារាង​ស្ថិតិ​ប្រជាពលរដ្ឋ​ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបង្ហាញតារាង​ស្ថិតិ​ប្រជាពលរដ្ឋ​ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧ ។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាសរុបមានចំនួន ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ខណៈ ប្រជាពលរដ្ឋខ្មែរដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួន ១,៤១២,១៤៩នាក់ទៀត។ សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕

អ្នកនាំពាក្យ គ.ជ.ប៖ អ្នកគ្មានទីជម្រក ជនអនាថា រស់នៅតាមវត្តអារាមទាំងអស់ ដែលមិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ គឺមានសិទ្ធិបោះឆ្នោត

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថាប្រជាពលរដ្ឋ ដែលរស់នៅគ្មានទីជម្រក ជនអនាថារស់តាមវត្តអារាមទាំងអស់ ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរ សមត្ថកិច្ចគឺពួកគាត់មិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិចូលរួមបោះឆ្នោតនោះទេ។ ការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះក្នុងឱកាសលោកផ្តល់បទសម្ភាសន៍​ ជាមួយក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចូលរួម ជួបពិភាក្សាការងារជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេសរបស់ អង្គការសហប្រជាជាតិ UN នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។ លោក ហង្ស ពុទ្ធា បានបន្តថា ចំពោះប្រជាពលរដ្ឋដែលការចំណាកស្រុក ក៏មិនបាត់បង់សិទ្ធិចុះឈ្មោះបោះឆ្នោតផងដែរ ហើយរយៈពេល នៃការបោះឆ្នោត នឹងចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា រហូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានរយៈពេល៧០ថ្ងៃ ដូច្នេះពួកគាត់អាចអញ្ជីញ មកចុះឈ្មោះបោះឆ្នោត នៅក្នុងប្រទេសព្រោះច្បាប់មិនតម្រូវឲ្យ គ.ជ.ប រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមជាយដែន ឬនៅតាម ស្ថានទូតនោះទេ។…