សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិភាក្សាអំពីពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោកជាមួយមេដឹកនាំអាស៊ាន

នៅថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយនឹងថ្នាក់ដឹកនាំអាស៊ាន និងពិភាក្សាការងារទាក់ទងទៅនឹងប្រធានបទ ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក។ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯ.ឧ ចាសស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្រ្តីកាណាដា ឯ.ឧ សេបាសស្ទៀន ពីណេរ៉ា (Sebastian Pinera) ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងលោកជំទាវ គ្រីស្ទីន ឡាហ្កាដ (Christine Lagarde) នាយកគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។ មេដឹកនាំអាស៊ានបានចាត់ទុកថា នេះគឺជាវេទិកាដ៏កម្រមិនធ្លាប់មានពីមុនមក ហើយស្ថិតក្រោមប្រធានបទមួយដែលមានសារសំខាន់ខ្លាំងណាស់សម្រាប់តំបន់ និងសកលលោក ដែលស្ថិតនៅក្នុងបរិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបច្ចុប្បន្ន។ ជាក់ស្តែងការកើនឡើងនៃនិន្នាការគាំពារនិយម សកម្មភាពពាណិជ្ជកម្មឯកតោភាគី និងសង្រ្គាមពាណិជ្ជកម្ម បាននិងកំពុងតែដាក់សម្ពាធ និងគំរាមកំហែងដល់ស្ថិរភាពកំណើនសេដ្ឋកិច្ច និងវិបុលភាពនៃតំបន់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងបរិកាណ៍នេះ អាស៊ានកំពុងតែប្រឹងប្រែងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ឲ្យកាន់តែស៊ីជម្រៅ តាមរយៈការពន្លឿនការធ្វើពាណិជ្ជកម្មសេរី តួយ៉ាង អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការជំរុញសម្រេចឲ្យបាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី ២

នៅរសៀលថ្ងៃទី ១៤ វិច្ឆិកា ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី ២ ដែលមានការចួលរួមពីមេដឹកនាំអាស៊ានទាំងអស់ ដែលបានចាត់ទុកថា ការប្រែប្រួលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ក្លាយទៅជាប៉ូលសេដ្ឋកិច្ចស្នូល ដែលជួយរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ចសកលលោក ព្រមទាំងអាចជួយទប់ស្កាត់នូវនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម។ ថ្លែងទៅកាន់មេដឹកនាំនៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច ប៉ុន្តែកម្ពុជាសូមជំរុញឲ្យក្រុមអ្នកចរចាខិតខំពុះពារនូវឧបសគ្គតាមវិស័យនីមួយៗឲ្យបញ្ចប់ការចរចាតាមអាណត្តិ ដែលផ្តល់ដោយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានមួយចំនួន ព្រមទាំងត្រូវផ្តល់នូវការសម្របសម្រួលជាច្រើនជាមួយបណ្តាប្រទេសដៃគូដទៃទៀតក៏ដោយ។ កម្ពុជានៅតែរក្សាជំហរ និងឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយទាំងអស់ថា កិច្ចព្រមព្រៀងនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើបគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់ ទោះបីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នានៃទំហំ និងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដោយសារកម្រិតនៃសមត្ថភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ។ មេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរួមរបស់ប្រធានកិច្ចប្រជុំ និងរបាយការណ៍រដ្ឋមន្រ្តីនៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី ២១

នៅរសៀលថ្ងៃទី ១៤ វិច្ឆិកា ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី ២១ ជាបន្តទៀត ដែល មានវត្តមានមេដឹកនាំអាស៊ាន និងនាយករដ្ធមន្ត្រីជប៉ុន។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនលើកទី ២១ ថ្ងៃនេះ។ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់សំគាល់នៅក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។ ក្នុងស្មារតីនេះ មេដឹកនាំអាស៊ានទាំងអស់ ក៏បានស្វាគមន៍ និងគាំទ្រចំពោះការចេញផ្សាយសេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២១ ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ ជាមួយគ្នានេះដែរ មេដឹកនាំអាស៊ានក៏បានគាំទ្រនូវការបន្តធ្វើការយ៉ាងជិតស្និទ្ធរវាងសមាជិកអាស៊ាន និងជប៉ុន ដើម្បីអនុវត្តការកែសម្រួលផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលត្រូវបានអនុម័តកាលពីខែសីហា ឆ្នាំ ២០១៧ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ…