សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីពិសារអាហារស្រាយបួសរ៉ាម៉ាឌនលើកទី ៥

លោកឧកញ៉ា សុខ គឹមរី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា លោកជំទាវ ម៉ាឡា តាឡឹបណា អតីតរដ្ឋមន្ត្រីវប្បធម៌ យុវជន និងកីឡា សាធារណរដ្ឋឥស្លាម … និងជាតំ​ណាងឯកឧត្តម បណ្ឌិត យូសុះ អាល់អូសេមិន អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម OIC ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយបន្ទាប់ពីឆ្នាំមុន ដែលយើងបានជួបគ្នានៅទីនេះ ហើយឆ្នាំនេះក៏ជាឆ្នាំមួយដែល យើងបានជួបជុំគ្នាសាជាថ្មីបន្តម្ដងទៀត មុននឹងឈានទៅដល់ដំណាក់កាលថ្មីមួយ ដែលយើងត្រូវនឹងមានការរៀបចំរាជរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ ខ្ញុំពិតជាមានការសប្បាយរីករាយ ដោយសារតែយើងមានការជួបជុំគ្នានៅទីនេះ ហើយថ្ងៃនេះមានតំណាង នៃអង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏មានវត្តមាន នៃបណ្ដាមិត្តភក្កិ ដែលបានអញ្ជើញពីបណ្ដាប្រទេសនានា និងសូមសំដែងនូវការស្វាគមន៍ផងដែរ ចំពោះឯកឧត្តមអគ្គរដ្ឋទូតអគ្គរាជទូត​ ឯកឧត្តមលោក លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។…

សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីសម្ពោធវិហារឥស្លាម ជើមៀក

… ថ្ងៃនេះ ខ្ញុំពិតជាកា​រ​សប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​នូវវិហារ​ឥស្លាម​​ជើមៀក​​ដែលស្ថិត​នៅ​មិន​ឆ្ងាយពីទីក្រុងកំពង់ចាមរបស់យើង​។ អ្វីដែលជាមោទនភាពធំបំផុតរបស់ខ្ញុំ នៅត្រង់​ថា​ យើងបានសម្រេច​លទ្ធផល​ពីជំហានមួយទៅកាន់ជំហានមួយ។ យោងទៅតាមប្រវត្តិ នៃវិហារជើមៀក សម្ដេច ហេង សំរិន កាលពីអតីតកាល ធ្លាប់បានមកសម្ពោធដាក់ឲ្យប្រើប្រាស់ម្ដងរួចទៅហើយ។ ក៏ប៉ុន្តែរយៈ​ពេល​នោះ​ប្រ​ទេសរបស់យើងមានភាពក្រីក្រ​ ជួបការលំបាក យើងក៏ត្រូវធ្វើតាមដំណាក់កាលនោះ។ ​ឥឡូវក្នុង​ស្ថានភាព​ថ្មី ព្រះវិហារនេះក៏ត្រូវធ្វើតាមរបៀបថ្មីដែរ។ ម៉្យាងទៀត ខ្ញុំក៏ចង់ជម្រាបជូនឯកឧត្តម លោកជំទាវ អស់​លោក លោក​ស្រី និងបងប្អូនថា នៅទីកន្លែងដែលយើងកំពុងអង្គុយនៅទីនេះ បានបុកគ្រឹះសម្រាប់សង់សាលា​ ៣ ជាន់ ១៨ បន្ទប់​សំរាប់ការសិក្សា បន្ទាប់ពីយើងបញ្ចប់ការសម្ពោធនេះទៅ អគារសិក្សា ១ ខ្នងដែលផ្ដល់​ដោយ​​ខ្ញុំ ហើយ​កង​វិស្វកម្មរបស់ខ្ញុំក៏បានចូលមកសាងសង់នៅទីនេះ នឹងកើតចេញជារូបរាង​ជាមួយ​នឹង​អគារ​ខ្ពស់​ស្កឹមស្កៃនៅ​ខាង​​មុខនេះផងដែរ។ ខ្ញុំពិតជាមានការរីករាយដល់ថ្ងៃនេះ ឯកឧត្តម លោកជំទាវ​ ដែលបាន​អញ្ជើញ​​មកពីបណ្ដាប្រទេសនានា ហើយ​ក៏មានអគ្គរដ្ឋទូត(ម៉ាឡេស៊ី)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចូលរួម​ផងដែរ ជានិមិត្តរូបឲ្យ​ឃើញ​​អំពី​ការយកចិត្តទុកដាក់ និងសាមគ្គីភាពនៅក្នុងចំណោមសហគមន៍ឥស្លាម មិនត្រឹម​តែក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែយើងស្ថិតនៅក្នុងចរន្ដរួម។ ម្យ៉ាងទៀត​ ថ្ងៃ​នេះ បងប្អូនថ្នាក់ដឹកនាំឥស្លាមនៅទូទាំងប្រទេស​អញ្ជើញ​មក​ពី​ទីកន្លែងនានា ក៏បានមកកាន់ទីនេះ ដើម្បីចូលរួម​ទទួល​យកសមិទ្ធផលសម្រាប់ជាទីសក្ការៈបូជា​របស់សាស​និក​ឥស្លាម ដែលខ្ញុំគិតថានេះគឺជារឿងគប្បីដែល​យើងត្រូវធ្វើ។ រាជរដ្ឋាភិបាលកម្ពុជាជោគជ័យ ក្នុងការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍…

សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិសារអាហារស្រាយបួស វិហារច្រាំងចំរេះ

សាងសង់អគារសម្រាប់គណៈចាងហ្វាង … អម្បាញ់មិញ ខ្ញុំពិគ្រោះជាមួយគណៈចាងហ្វាង ពិគ្រោះជាមួយឯកឧត្តម អូស្មាន់ ហាសាន់ ចាងហ្វាងចៅអធិការនៅនេះ ហាកឹម … ខ្ញុំគិតថាយើងគួរតែមានទីកន្លែងគណៈចាងហ្វាងឲ្យបានច្បាស់លាស់ ហើយឲ្យបានល្អ ដើម្បីការលើកមុខមាត់នៃបងប្អូនសាសនិកឥស្លាមផងដែរ។ គណៈចាងហ្វាង គឺបើនិយាយពីតួនាទីមិនខុសពីសម្តេចសង្ឃរាជខាងព្រះពុទ្ធសាសនាទេ  ដូច្នេះយើងគួរតែមានកន្លែងមួយដែរ។ អញ្ចឹងនៅពេលដែលយើង​កសាងអគារសិក្សា ៤ ជាន់ ២៤ បន្ទប់នៅខាងនេះ ប្រើដីនៅសល់ខាងនេះ អគារចាស់នោះយើងនឹងវៃវាចោល ហើយពេលដែលវៃវាចោលហើយ យើងនឹងធ្វើអគារសម្រាប់គណៈចាងហ្វាង។ ធ្វើនេះមិនមែនសម្រាប់ តែ​ត្រឹមឧកញ៉ា សុខ នី ទេ ក៏ប៉ុន្តែសម្រាប់តជំនាន់ទៅថ្ងៃក្រោយ ថាមានទីតាំងមួយសម្រាប់គណៈចាងហ្វាងធ្វើការ … ខ្ញុំស្នើសុំអញ្ចេះ ប្រមូលបងប្អូនបញ្ញវន្ត័ និងនិស្សិតឥស្លាមទាំងអស់នាំគ្នាគូរប្លង់ ដើម្បីធានាថា ប្លង់នេះគឺត្រូវបានគូរដោយបញ្ញវ័ន្ត និងនិស្សិតរបស់ឥស្លាមកម្ពុជា ដែលទទួលបាននូវការបណ្តុះបណ្តាល ទទួលបាននូវផលប្រ​យោជន៍​ពីសុខសន្តិភាពដែលគណបក្សប្រជាជនផ្តល់ជូនបងប្អូន។ តាម(ការអោយដឹងពី)ឯកឧត្តម ហ្សាការីយ៉ា អាដាម ថា កំពស់ប្រហែល ៤ ជាន់ដូចគ្នា។ ឥឡូវ ប៉ុន្មានជាន់ខ្ញុំអត់ដឹងទេ ចំណាយប៉ុន្មានខ្ញុំអត់ដឹងទេ ខ្ញុំដឹងថា គូរប្លង់ឲ្យហើយស្រេច … ជាងរបស់ខ្ញុំនឹងចូលមកធ្វើ…