​គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលរ៉ាប់​រងទាំងស្រុង​លើការ​ចំណាយ​លើពិធី​បុណ្យសព​សម្តេចវិបុលបញ្ញា សុខ អាន, ថវិកាបីពាន់លានរៀល​បង្វែរចូល​ថវិការដ្ឋវិញ

FN ៖ នៅមុននេះបន្តិចបណ្តាញសារព័ត៌មាន Fresh News ទើបបានទទួលលិខិតមួយច្បាប់បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានសម្រេចទទួលរ៉ាប់រងទាំងស្រុងលើការចំណាយក្នុងពិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ចំណែកថវិកាបីពាន់លានរៀល នឹងត្រូវបង្វែរចូលទៅថវិការបស់រដ្ឋវិញ។ យោងតាមលិខិតរបស់សម្តេច សាយ ឈុំ ផ្ញើជូនសម្តេចតេជោ ហ៊ុន​ សែន បានឲ្យដឹងថា៖ «ប៉ុន្មានថ្ងៃនេះខ្ញុំឃើញមានព័ត៌មានផ្សាយថា រាជរដ្ឋាភិបាលបានសម្រេចដកថវិការដ្ឋចំនួនបីពាន់លានរៀល សម្រាប់ចំណាយលើការបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ផ្អែកលើការប្រជុំគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅរសៀថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ អង្គប្រជុំបានឯកភាពគ្នា ឲ្យខ្ញុំធ្វើសំណើគោរពជូនសម្តេចនាយករដ្ឋមន្រ្តី មេត្តាបង្វែរលុយខាងលើនេះចូលទៅក្នុងថវិការដ្ឋវិញ រីឯការចំណាយសម្រាប់រៀបចំបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន គណបក្សប្រជាជនកម្ពុជាទទួលរ៉ាប់រងទាំងស្រុង»៕

​សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ភារកិច្ចបន្ថែមជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចបន្ថែមជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងសេចក្តីសម្រេច៖ «ប្រការ១៖ ត្រូវបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព»៕

​សាររំលែកមរណទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកជំទាវ អានី សុខអាន

FN ៖ នៅមុននេះបន្តិចនាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកមរណភាពទុក្ខជូនលោកជំទាវ អានី សុខអាន ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ​នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។ នៅលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ «សូមសម្តែងនូវសមានទុក្ខ ស្តាយស្រណោះអាឡោះអាល័យ និងក្តីសង្វេគអនេកប្បការ ព្រោះថាមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ឧត្តមស្វាមីប្រកបដោយភក្តីភាពបំផុត ចំពោះភរិយា ហើយក៏ជាការបាត់បង់លោកឪពុក និងជីតាពោរពេញដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួតចំពោះ បុត្រាបុត្រី បុត្រាបុត្រីប្រសា និងចៅៗទាំងអស់ជាស្រឡាញ់ លើសពីនេះទៀត នេះក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើម របស់ជាតិមួយរូប ដែលបានបំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានធ្វើពលិកម្ម​សព្វបែបយ៉ាង»។