សេចក្តីដកស្រង់ប្រសាសន៍ សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ (ទីតាំងទី ២)

ខូចខាតទ្រព្យសម្បត្តិ/ផលដំណាំ ប៉ុន្តែប្រាកដថាបានរស់រានមានជីវិត … បងប្អូនជនរួមជាតិ។ ថ្ងៃនេះ បើទោះបីជាទឹក ជំនន់ យាយីយើង ក៏ប៉ុន្តែយើងបានជួបគ្នាក្នុងទឹកមុខរីករាយ ដោយសារតែយើងបានមកកាន់តំបន់ដែលមានសុវត្ថិភាព ហើយយើងបានដឹងខ្លួនឯងយ៉ាងច្បាស់ថា ក្នុងគ្រួសារនីមួយៗ បើទោះបីមានការខូចខាតទ្រព្យសម្បត្តិ ផលដំណាំ ប៉ុន្តែ ហោចណាស់យើងប្រាកដក្នុងចិត្តថា យើងបានរស់រានមានជីវិត ក្រោយពេលដែលយើងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ឬក៏នៅនឹងកន្លែងដែលយើងមានផ្ទះខ្ពស់ក្នុងការស្នាក់អាស្រ័យ។ ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងទុក្ខក្រៀមក្រំ ហើយទុក្ខក្រៀមក្រំនោះ គឺការចូលរួមមរណទុក្ខចំពោះអ្នកដែលបានបាត់បង់ជីវិតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរហូតមកដល់ពេលនេះមានរហូតទៅដល់ ១៨ នាក់ ក្នុងចំណោម ៣៤ នាក់ នៅទូទាំងប្រទេស … មុននឹងចូលទៅដល់បញ្ហាដទៃទៀត អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ ពីសំ​ណាក់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជូនចំពោះបងប្អូនជនរួមជាតិ ហើយក៏បានសម្ដែងនូវកង្វល់ ព្រមទាំងសមានទុក្ខចំពោះអ្នកដែលបានបាត់បង់។ នឹងត្រឡប់មកបន្តចែកជំនួយនៅបន្ទាយមានជ័យម្ដងទៀតថ្ងៃសៅរ៍ ថ្ងៃនេះ បើទោះបីថាខ្ញុំបានមកយឺតបន្តិច ក៏ប៉ុន្តែ មិនទាន់ហួសពេលទេ។ ខ្ញុំសូមអភ័យទោស ដែលទុកឱ្យបងប្អូននៅចាំនៅទីនេះយូរ ដោយសារខ្ញុំជាប់កម្មវិធីនៅដំណាក់ទី ១ នៅក្បែរសិរីសោភ័ណអម្បាញ់មិញ ហើយនៅទីនោះគ្មានដំបូលទេ គឺយើងជួបគ្នានៅកណ្ដាលថ្ងៃ។ តែនៅទីនេះ យើងមានដំបូលជ្រក…

សេចក្តីដកស្រង់ប្រសាសន៍ សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ (ទីតាំងទី ១)

… ថ្ងៃក្រោយជាបទពិសោធន៍ កាលណាជួបជាមួយប្រជាពលរដ្ឋដែលលំបាក (ការរៀបចំឱ្យ)មានតុ(វេទិកា) យ៉ាប់បន្តិច។ ខ្ញុំព្រះករុណាខ្ញុំ ធុញនឹងមន្ត្រីរបស់យើង ដែលចុះមូលដ្ឋាន បែរជាមានតុអធិបតី វេទិកា ហើយប្រជាជនអង្គុយនៅមុខក្តៅ ហើយនិយាយព្រោកប្រាជ្ញនៅហ្នឹងហើយ។ បំបាត់ទម្លាប់ហ្នឹងខ្លះទៅ។ ឥឡូវ គេរៀបចំឱ្យខ្ញុំព្រះករុណាខ្ញុំ មានតុ(វេទិកា)។ នាំមកជូននូវព្រះរាជបណ្ដាំសួរសុខទុក្ខ និងចូលរួមសំដែងមរណទុក្ខ ដំបូង, ខ្ញុំសូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅទីនេះ ក្នុងគ្រាដ៏លំបាកនេះ។ អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីសំណាក់ព្រះករុណា ព្រះបាទនរោត្តម សីហមុនី និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ គឺសម្ដេចម៉ែ ដែលព្រះអង្គបានផ្ដាំផ្ញើ តាមរយៈខ្ញុំ និងតាមរយៈព្រះរាជសាររបស់ព្រះអង្គមកដល់ខ្ញុំ ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​។ ខ្ញុំក៏សូមយកឱកាសនេះ សំដែងមរណទុក្ខចំពោះអ្នកដែលបាត់បង់ជីវិតនៅ ខេត្តបន្ទាយមានជ័យ និយាយដោយឡែក និងនិយាយដោយរួមនៅទូទាំងប្រទេស ដែលមកដល់ពេលនេះ មានរហូតដល់ ៣៤នាក់ (ក្នុង)នោះខេត្តបន្ទាយមានជ័យគ្របដណ្ដប់ទៅដល់ ១៨ នាក់រួចទៅហើយ។ ខ្ញុំសូមយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព។ គួរឱ្យអាណិតអាសូរចំពោះអ្នកនៅស្រុកថ្មពួកម្នាក់ ដែលលោតទៅសង្គ្រោះកូន ក៏ប៉ុន្តែទទួលការបាត់ជីវិតខ្លួនឯង ដែលទើបរកឃើញសពពីម្សិលមិញនេះ។ បន្ទាយមានជ័យ ជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរជាងគេ នេះជាគ្រោះមហន្តរាយមួយ ដែលប្រទេសរបស់យើងបានជួបប្រទះ ហើយ(បាន)កើតឡើងនៅក្នុងស្ថានភាពដ៏លំបាក…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះទៅកាន់តំបន់ដែលពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ (គោលដៅទី២)

FN ៖ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅកាន់តំបន់ដែលបងប្អូនប្រជាពលរដ្ឋទទួលរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ នៅក្នុងឱកាសចុះក្នុងគោលដៅទី២នោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ដូចខាងក្រោម៖ * សម្ដេចតេជោ ហ៊ុន សែន កំពុងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀសចេញពីតំបន់ព្រែកជ្រៃ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត * សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឲ្យតែគ្រោះមហន្ដរាយមិនដែលស្រួលនោះទេ គឺលំបាកទាំងអស់ សំខាន់ត្រូវរួបរួមគ្នាជាកម្លាំងតែមួយ ដើម្បីធ្វើសកម្មភាពព្រមគ្នា * សម្ដេចតេជោ ហ៊ុន សែន រំលឹកពាក្យបីឃ្លាថា យើងត្រូវខិតខំរួមគ្នាយកឈ្នះកូវីដ-១៩ ឲ្យខាងតែបាន, ត្រូវរួមគ្នាដើម្បីយកឈ្នះលើគ្រោះទឹកជំនន់ គ្រោះមហន្ដរាយ ដែលកំពុងមាន, យើងត្រូវរួមគ្នាស្ដារឡើងវិញ ក្រោយជំនន់ និងក្រោយកូវីដ-១៩ * សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ម្ដងទៀតថា…