អាជ្ញាធរថៃកំពុង​បញ្ជូនពលករខ្មែរ​ខុសច្បាប់​រាប់រយនាក់ មកទម្លាក់​នៅក្រុង​ប៉ោយប៉ែត

FN ៖ យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ពលករខ្មែរ ដែលលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់ ទាំងចាស់ក្មេង រួមទាំងកុមារតូចៗរាប់រយនាក់ ត្រូវបានអាជ្ញាធរថៃដឹកមកទម្លាក់ចោលនៅច្រកព្រំដែនប៉ោយប៉ែត។ បើទោះបីជាយ៉ាងណា ការដឹកនាំមកទម្លាក់នេះ គឺអាជ្ញាធរថៃបានជូនដំណឹងមកភាគីកម្ពុជាហើយក៏មានការរង់ចាំទទួលពលករទាំងនោះពីសំណាក់អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ ផងដែរ។ បើតាមអាជ្ញាធរក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកនេះមានចំនួនសរុបជាង ១ពាន់នាក់ ហើយពួកគេនឹងត្រូវបញ្ជូនមកចាប់ពីយប់ថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ក្រុមពលករដែលអាជ្ញាធរបញ្ជូនត្រឡប់មកវិញនេះ គឺមកស្ទើរតែពីគ្រប់ខេត្តទាំងអស់។ ក្រុមពលករដែលត្រូវអាជ្ញាធរថៃ ដឹកមកទម្លាក់នៅក្រុងប៉ោយប៉ែត បានប្រាប់ក្រុមអ្នកព័ត៌មានថា ពួកគេត្រូវបានក្រុមមេខ្យល់នាំចូលទៅប្រទេសថៃ តាមច្រករបៀងជាថ្នូរនឹងការបង់ប្រាក់ប្រមាណ ៧០ដុល្លារអាមេរិក៕

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ជំរុញឲ្យស្ថាប័នពាក់ព័ន្ធ លុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀនឲ្យមានប្រសិទ្ធិភាព ឆ្លើយតបនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់រាជរដ្ឋាភិបាល

FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានថ្លែងជំរុញ ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងបន្ដទៀត ក្នុងការលុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀន ឲ្យមានប្រសិទ្ធិភាព ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១​របស់រាជរដ្ឋាភិបាលកម្ពុជា និងពិភាក្សាពីភាពចាំបាច់នៃការបង្កើតអនុក្រឹត្យ ស្ដីពីនិតីវិធីលំអិត សម្រាប់វិធីសាស្ដ្រព្យាបាល ស្ដារនីតិសម្បទា និងសមាហរណកម្ម អ្នកញៀនគ្រឿងញៀន ស្របតាមមាត្រា១០២ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួង សុខាភិបាល ដែលមានការអញ្ជើញចូលរួមពី ក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិចំនួន១៩ និងតំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ដទាំង២៥ ដែលជាសមាជិកនៃគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀន ។ រដ្ឋមន្ដ្រីថ្លែងបន្ដថា «កន្លងមកនេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀន តែខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នា នឹងបន្ដកិច្ចខិតខំប្រឹងប្រែងនេះបន្ដទៀត លើបញ្ហានៃការប្រើបា្រស់គ្រឿងញៀន ក្នុងចំណោមកម្មកររោងចក្រ រួមទាំងពិភាក្សាលើយន្ដការត្រួតពិនិត្យ…

ក្រសួងការបរទេសបញ្ជាក់ថា កិច្ចព្រមព្រៀងកម្ពុជា-អាមេរិក ស្តីពីការបញ្ជូនពលរដ្ឋខ្មែរមកកាន់មាតុភូមិវិញ នៅតែបន្ត, គ្មានការបញ្ឈប់ទេ

FN ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពីការបញ្ជូនពលរដ្ឋខ្មែរមកកាន់មាតុប្រទេសវិញនោះ នឹងនៅតែបន្ត ដោយពុំមានការបញ្ឈប់នោះឡើយ។ ការបញ្ជាក់យ៉ាងច្បាស់លាស់របស់ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីមាន សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា កម្ពុជាបានសម្រេចបញ្ឈប់កិច្ចព្រមព្រៀង (MOU) ជាមួយនឹងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា។ ព័ត៌មាននេះ បានអះអាងឡើង ក្រោយជំនួបរវាងលោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេស អាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធនូវព័ត៌មាននេះ។ លោកបានចាត់ទុកថា ការផ្សព្វផ្សាយនេះ គឺជាចុះផ្សាយខុសពីការពិត ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។…