Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីសម្ពោធវិហារឥស្លាម ជើមៀក

… ថ្ងៃនេះ ខ្ញុំពិតជាកា​រ​សប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​នូវវិហារ​ឥស្លាម​​ជើមៀក​​ដែលស្ថិត​នៅ​មិន​ឆ្ងាយពីទីក្រុងកំពង់ចាមរបស់យើង​។ អ្វីដែលជាមោទនភាពធំបំផុតរបស់ខ្ញុំ នៅត្រង់​ថា​ យើងបានសម្រេច​លទ្ធផល​ពីជំហានមួយទៅកាន់ជំហានមួយ។ យោងទៅតាមប្រវត្តិ នៃវិហារជើមៀក សម្ដេច ហេង សំរិន កាលពីអតីតកាល ធ្លាប់បានមកសម្ពោធដាក់ឲ្យប្រើប្រាស់ម្ដងរួចទៅហើយ។ ក៏ប៉ុន្តែរយៈ​ពេល​នោះ​ប្រ​ទេសរបស់យើងមានភាពក្រីក្រ​ ជួបការលំបាក យើងក៏ត្រូវធ្វើតាមដំណាក់កាលនោះ។ ​ឥឡូវក្នុង​ស្ថានភាព​ថ្មី ព្រះវិហារនេះក៏ត្រូវធ្វើតាមរបៀបថ្មីដែរ។ ម៉្យាងទៀត ខ្ញុំក៏ចង់ជម្រាបជូនឯកឧត្តម លោកជំទាវ អស់​លោក លោក​ស្រី និងបងប្អូនថា នៅទីកន្លែងដែលយើងកំពុងអង្គុយនៅទីនេះ បានបុកគ្រឹះសម្រាប់សង់សាលា​ ៣ ជាន់ ១៨ បន្ទប់​សំរាប់ការសិក្សា បន្ទាប់ពីយើងបញ្ចប់ការសម្ពោធនេះទៅ អគារសិក្សា ១ ខ្នងដែលផ្ដល់​ដោយ​​ខ្ញុំ ហើយ​កង​វិស្វកម្មរបស់ខ្ញុំក៏បានចូលមកសាងសង់នៅទីនេះ នឹងកើតចេញជារូបរាង​ជាមួយ​នឹង​អគារ​ខ្ពស់​ស្កឹមស្កៃនៅ​ខាង​​មុខនេះផងដែរ។ ខ្ញុំពិតជាមានការរីករាយដល់ថ្ងៃនេះ ឯកឧត្តម លោកជំទាវ​ ដែលបាន​អញ្ជើញ​​មកពីបណ្ដាប្រទេសនានា ហើយ​ក៏មានអគ្គរដ្ឋទូត(ម៉ាឡេស៊ី)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចូលរួម​ផងដែរ ជានិមិត្តរូបឲ្យ​ឃើញ​​អំពី​ការយកចិត្តទុកដាក់ និងសាមគ្គីភាពនៅក្នុងចំណោមសហគមន៍ឥស្លាម មិនត្រឹម​តែក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែយើងស្ថិតនៅក្នុងចរន្ដរួម។ ម្យ៉ាងទៀត​ ថ្ងៃ​នេះ បងប្អូនថ្នាក់ដឹកនាំឥស្លាមនៅទូទាំងប្រទេស​អញ្ជើញ​មក​ពី​ទីកន្លែងនានា ក៏បានមកកាន់ទីនេះ ដើម្បីចូលរួម​ទទួល​យកសមិទ្ធផលសម្រាប់ជាទីសក្ការៈបូជា​របស់សាស​និក​ឥស្លាម ដែលខ្ញុំគិតថានេះគឺជារឿងគប្បីដែល​យើងត្រូវធ្វើ។ រាជរដ្ឋាភិបាលកម្ពុជាជោគជ័យ ក្នុងការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ១៣.១៦៩ នាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី ២

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ចូលរួមសំណេះសំណាលជាមួយកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី ២ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំ​ជាមួយនឹងកម្មករ/ការិនីរបស់យើង នៅក្នុងសួនឧស្សា​ហកម្មវឌ្ឍនៈទី ២ ដែលមាន(កម្មករ កម្មការិនី)ចំនួន ១៣.១៦៩ នាក់ ដែលអញ្ជើញមកចូលរួមនៅទីនេះ។ ហើយក៏មិនភ្លេចផងដែរ ជាមួយនឹងការស្វាគមន៍ទុកជាមុន ចំពោះចៅៗ ដែលនឹងមកដល់នៅពេលខាងមុខចំនួន ៥៥៦ នាក់ ដែលថ្ងៃនេះ គឺអោយអង្គុយនៅមួយកន្លែងនៅខាងណេះ(កម្មការិនីមានផ្ទៃពោះ) ព្រោះថា ដើរទៅប៉ះគេ ប៉ះឯង (ខ្លាច)វាមានបញ្ហាទៀត។ បើអញ្ចឹងយើងរៀបចំមួយកន្លែង(អោយពួកគាត់)។ ហើយដល់ពេលអម្បាញ់មិញ ខ្ញុំមកខាងណេះ ដល់ត្រឡប់ទៅវិញ យើងទៅខាងណោះ ដើម្បីទៅជួបជាមួយ(កម្មការិនីរបស់យើង)។ ផ្ដាំដល់កម្មការិនីជិតឆ្លងទន្លេ និងប្ដី ត្រូវនៅថែរក្សាប្រពន្ធកូន យ៉ាងណាក៏ដោយ អ្នកខ្លះត្រឹមតែមួយខែទៀតមកហើយ ប៉ុន្តែសូមផ្ដាំទុកអោយហើយ ក្រែងលោខ្ញុំភ្លេចនិយាយ។ ពេលណាដែលរៀបឆ្លងទន្លេ និងថ្ងៃឆ្លងទន្លេ ចាប់ប្ដីអោយជាប់ កុំអោយទៅណា ស្ដាប់បានទេ(សើច)? ហើយជាពិសេស បុរសដែលជាស្វាមី ពេលដែលប្រពន្ធឆ្លងទន្លេ កុំឆ្លៀតដើរទៅលេងឯណា នៅមើលប្រពន្ធ មើលកូន។…

សារលើហ្វេសប៊ុក អបអរសាទរកីឡាករ/ការិនី ដែលឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា SEA Games លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី

ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស ៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។ នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករ/កីឡាការិនីក្នុងផ្នែកវិញ្ញាសាដទៃទៀតទទួលបានជោគជ័យដូចគ្នា នៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី៕