សម្តេចតេជោ ហ៊ុន សែន ណែនាំការធ្វើអាទិភាពវូបនីយកម្មមុខសញ្ញាចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ មុនគេ

សូមផ្ញើជូនគណៈកម្មការប្រឆាំងកូវីដ-១៩! ថ្ងៃស្អែកនេះ មានការប្រជុំដឹកនាំដោយឯកឧត្តន អូន ព័ន្ធមុន្នីរ័ត្ន តាមរយៈវីដេអូ conference ដោយសារតែឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានការជាប់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ជាមួយនឹងក្រសួងសុខាភិបាលស្តីពីការទិញ និងការស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង។ ដំបូងយើងសម្រេចថាទិញ(វ៉ាក់សាំង) ១ លានដូស។ ប៉ុន្តែ យើងមិនទាន់ប្រាកដថាទិញនៅប្រទេសណានៅឡើយ ចាំបាច់ត្រូវតែធ្វើការពិភាក្សា ហើយនិងស្វះស្វែងរកជំនួយថែមទៀត។ (វ៉ាក់សាំង) ១ លានដូសនេះ យើងចាក់បានត្រឹមតែ ៥០ ម៉ឺននាក់តែប៉ុណ្ណោះ ដូច្នេះត្រូវតែផ្តល់អាទិភាពសម្រាប់អ្នក(ដែលមានការចាំបាច់)ត្រូវបានមុន។ ខ្ញុំគ្រាន់តែលើកជាយោបល់(ថា) ក្នុង(វ៉ាក់សាំង) ១ លាន ដូសនេះ អ្នកដែលត្រូវបានមុនគេគឺគ្រូពេទ្យ … ព្រោះអ្នកទាំងហ្នឹងប្រឈមនឹងគ្រោះថ្នាក់ជួរមុខតែម្តង។ បន្ទាប់ទៅ យើងត្រូវផ្តល់ទៅឲ្យគ្រូបង្រៀនដែលមានប្រមាណជា ១២ ម៉ឺននាក់ ទៅឲ្យកម្លាំងប្រដាប់អាវុធរួមមានកងទ័ព មានអាវុធហត្ថ មាននគរបាល មានមន្រ្តីពន្ធនាគារជាដើម ដែលអ្នកទាំងនេះត្រូវប្រឈមនឹងហានិភ័យខ្ពស់។ បើយើងត្រូវធ្វើអន្តរាគមន៍នានា គឺយើងត្រូវប្រើប្រាស់កម្លាំងនេះ ក្នុងពេលដែលកម្លាំងនេះមិនមានវ៉ាក់សាំងចាក់ទេ គឺអ្នកទាំងនេះប្រឈមមុខនឹងគ្រោះថ្នាក់។ ដូច្នេះ កម្លាំងនគរបាល កងទ័ព អាវុធហត្ថ មន្រ្តីអនុរក្សពន្ធនាគារ ត្រូវទទួលបាន…

បំរុងថវិកាទិញវ៉ាក់សាំងចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូង

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំង កូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ពេលនេះ ប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយ និងកំពុងបញ្ចេញលក់អោយប្រទេសនានា។ ល្ងាចនេះ ខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជា មួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា? ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ ១ លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់ ២ ដង) ក្នុងពេលយើងមានប្រជាជន ១៦ លាននាក់ ទាំងចាស់ទាំងក្មេង ក្នុងនោះអាចមានមនុស្សប្រមាណ ១០ លាននាក់ត្រូវការចាក់វ៉ាក់សាំង។ ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រ ខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២ រូប អោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។ យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើង ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយ។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ ៣ លានដូសថែមទៀតផងដែរ សម្រាប់ដំណាក់កាលបន្ទាប់៕

មិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ

ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបម្រុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា “ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន” ដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ ពេញមួយថ្ងៃនេះ ការបំផ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំ ពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហករបស់ជនអាក្រក់នោះដែរ។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕