សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

… (និយាយរឿងបាល់) ថ្ងៃនេះ បានជួបជុំក្មួយៗសាជាថ្មីម្ដងទៀត ប៉ុន្តែអ្នកនិយាយមុខដដែល ឯចំពោះអ្នកស្ដាប់មុខខុសពីមិ្សលមិញ។ មិ្សលមិញចំនួនជាង ២​ ម៉ឺន ៤ ពាន់នាក់ ថ្ងៃនេះចំនួន ២ ម៉ឺន ១ ពាន់នាក់ជាង … មានមន្រ្តីរាជការ ក៏ដូចជាក្រុមគ្រូពេទ្យ និងកងសន្ដិសុខចូលរួមដែរ។ ឯថ្ងៃនេះ ក្មួយៗមកពីកន្លែងផ្សេងៗគ្នា ក្នុងនោះមានស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាផ្អៀរ ក្រុងកំពង់ឆ្នាំង ហើយក៏មានក្រុមបើកបររថយន្ត ដើម្បីដឹកកម្មករ/ការិនីផងដែរ។ កាល ៣២ ឆ្នាំមុន ប្រវត្តិនៅតំបន់ខ្លាគ្រហឹម ខេត្តកំពង់ឆ្នាំង ខ្ញុំចង់សួរបន្ដិចថា មានក្មួយៗណានៅម្ដុំ ខ្លាគ្រហឹម? ពូនៅចាំប្រវត្តិនៅខ្លាគ្រហឹមកាលពីឆ្នាំ ១៩៨៦។ បើគិតមកដល់ឥឡូវ ៣២ ឆ្នាំ។ កាលពេលនោះ ពូធ្វើដំណើរតាមទឹក។ ក្នុងរដូវវស្សា ទឹកឡើងខ្ពស់ ហើយកងទ័ពរបស់យើងបោះជំរុំនៅទីទួលមួយនៅវត្តខ្លាគ្រហឹមហ្នឹង។ បន្តទៅទៀត ទៅដល់ពាមឆ្កោក ទៅដល់ព្រៃគ្រីឯណោះ។ កាលហ្នឹង ពេលដែលមកពេលយប់។ ពួកអាពត ស្ទាក់បាញ់ស្លាប់កងទ័ពយើងប៉ុន្មាននាក់។ ខ្ញុំធ្វើដំណើរតាមកូនម៉ារីនតូច កាត់ទន្លេសាប។…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ដំបូង សុំសួរថា ក្មួយៗសុខសប្បាយទេ? ឥឡូវមិនថា យុវជន ឬយុវនារីទេ សុទ្ធតែចេះមើលបាល់ទាំងអស់ ប៉ុន្តែពូសូមសំណូមពរថា កុំឲ្យភ្នាល់តែប៉ុណ្ណោះ តែឲ្យចេះមើលបាល់ ដើម្បីយើងចលនាគាំទ្របាល់ទាត់របស់យើងតទៅទៀត។ ថ្ងៃនេះ ពូពិតជាមានការរីករាយ ដែលបានមកកាន់ខេត្តកំពង់ឆ្នាំង។ គិតថា ក្មួយៗក៏ទន្ទឹងរង់ចាំពូ ឯពូក៏ទន្ទឹងរង់ចាំនូវថ្ងៃនេះ ដើម្បីមកជួបជុំក្មួយៗ ព្រោះថា កម្មវិធីត្រូវធ្វើនៅកំពង់ឆ្នាំងនេះ ពិតមែនតែយឺតបន្ដិច ក៏ប៉ុន្តែពូធ្លាប់និយាយហើយថា មកយឺតប្រសើរជាងមិនបានមក។ ពូត្រូវបានខិតខំរៀបចំកម្មវិធីនេះ ហើយថ្ងៃនេះ ក៏ចំថ្ងៃពេញបូណ៌មី ខែអាសាឍ ដែលជាថ្ងៃមួយល្អសម្រាប់ការជួបជុំរបស់យើង ក៏ប៉ុន្តែក៏មានការជួបជុំនៅថ្ងៃស្អែក នៅទីកន្លែងដដែលនេះ ដោយសារតែជួបម្ដងមិនអស់ទេ។ នេះគ្រាន់តែ ៥ រោងចក្រ មានចំនួនទៅដល់ ២៤.៧២៥ នាក់ រួចស្រេចទៅហើយ។ ភាពកក់ក្ដៅជាមួយប្រជាពលរដ្ឋ មិនថាក្នុង និងក្រៅប្រទេស ពូពិតជាមានការអរគុណជាមួយនឹងភាពកក់ក្ដៅ ដែលក្មួយៗបានផ្ដល់ចំពោះពូអម្បាញ់មិញនេះ។ គ្រាន់តែដើរមិនដល់ ១០០ ម៉ែត្រផងនោះ យើងត្រូវចំណាយពេលប្រហែល ៤៥ នាទី ថតរូបជាមួយ​នឹងក្មួយៗមួយចំនួននៅទីនេះ។ កាយវិការរបស់ក្មួយៗ ដែលធ្វើចំពោះពូ មិនមែនគ្រាន់តែទំនាក់​ទំនងរវាងមេដឹកនាំប្រទេស ជាមួយនឹងប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែកាយវិការដែលក្មួយៗបាន​បង្ហាញចេញច្បាស់ថា…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងដូនកែវ ខេត្តតាកែវ

មុនចាប់ផ្ដើម ចង់សួរសំណួរសំខាន់មួយទៅកាន់ក្មួយៗ តើក្បែរភ្លឺនេះ រុស្សី និងអេហ្ស៊ីប អ្នកណាឈ្នះ? …​ អរគុណហើយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកកាន់ខេត្តតាកែវដើម្បីជួបជុំជាមួយនឹងក្មួយៗ ជាកម្មករ/ការិនីដែលនៅទីនេះ ហើយបើទោះបីថា ក្មួយៗបានទន្ទឹងរង់ចាំយូរបន្តិច ប្រៀបធៀបនឹងពេលពូចេញដំណើរ ការចាប់ផ្ដើមនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងទៅខេត្តផ្សេងទៀត ដូចជាខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ចាម។ បើទោះបីការរង់ចាំនោះត្រូវបានមកយឺតបន្តិច ប៉ុន្តែពាក្យដែលគេថាមកយឺត ប្រសើរជាងមិនមក។ ថ្ងៃនេះ បើទោះបីជាមកយឺតបន្តិចក៏គង់ថាយើងមានឱកាស យើងបានជួបជុំគ្នានៅទីនេះ។ ពូសូមថ្លែងនៅអំណរគុណចំពោះក្មួយៗទាំងអស់ ដែលបានមកចូលរួមនៅក្នុងថ្ងៃនេះ ហើយក៏សូមថ្លែងអំណរគុណ និងស្វាគមន៍ ចំពោះវត្តមានរបស់ម្ចាស់រោងចក្រទាំងអស់ ហើយអរគុណចំពោះការដែលផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបជាមួយខ្ញុំនៅថ្ងៃនេះ បន្ថែមដោយល្ងាចនេះ ទទួលបាននូវការឈប់សម្រាករយៈពេលមួយល្ងាចទៀត ដោយមានប្រាក់ឈ្នួលពេញ។ តាកែវនឹងទទួលបានការវិនិយោគបន្ថែម បន្ទាប់ពីផ្លូវជាតិលេខ ២ និងលេខ ២២ បានកែលម្អ ខ្ញុំពិតជាមានអារម្មណ៍រីករាយ​ បន្ទាប់ពីគោលនយោបាយពង្រាយសាលារៀនតាមមូលដ្ឋាន គោលនយោ​បាយពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើ និងបង្កើតប្រាក់ចំណូល នៅតាម​បណ្ដាខេត្ត បាន និងកំពុងវិវឌ្ឍទៅបានយ៉ាងល្អប្រសើរ។ សង្ឃឹមថា ខេត្តតាកែវរបស់យើងនេះ នឹងក្លាយទៅជាខេត្ត ដែលទទួលបានការវិនិយោគបន្ថែមទៀត…