ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកពាមរក៍ ខេត្តព្រៃវែង

FN ៖ ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន នៅស្រុកពាមរក៍ខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ ក្រសួងបានបញ្ជាក់ទៀតថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកពាមរក៍ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតាអ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

បុគ្គលិកកន្លែងម៉ាស្សា «ឡេស៍រីឡេកស្ប៉ា» ៣នាក់វិជ្ជមានកូវីដ១៩! ក្រសួងសុខាភិបាល ប្រកាសឱ្យអ្នកធ្លាប់ទៅកន្លែងនេះ ប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក

FN ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បុគ្គលិកបម្រើការងារនៅកន្លែងម៉ាស្សា «ឡេស៍រីឡេកស្ប៉ា» ចំនួន ៣នាក់ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩។ ក្រសួងបានអំពាវនាវដល់អ្នកធ្លាប់ទៅរកសេវានៅកន្លែងម៉ាស្សាទាំង៣ទីតាំង នៅសង្កាត់បឹងកេងកង១ និងសង្កាត់ទន្លេបាសាក់ ប្រញាប់ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានឱ្យតដឹងថា មានស្ត្រីជនជាតិចិនវិជ្ជមានជំងឺកូវីដ១៩ម្នាក់ ធ្លាប់បានទៅហាងម៉ាស្សាឈ្មោះ «ឡេសំរីឡែកភ្លៅ (Let’s Relex Spa)» ស្ថិតនៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។ ក្រសួងបានគូសបញ្ជាក់ថា ការយកវត្ថុសំណាកលើកទី២ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លទ្ធផលវិភាគមន្ទីរពិសោធន៍បានបង្ហាញថា មានករណីវិជ្ជមាន វីរុសកូវីដ-១៩ លើបុគ្គលិកហាងម៉ាស្សានេះ ចំនួន ០៣នាក់។ ក្រសួងបានអះអាងថា កន្លែងម៉ាស្សាទាំង៣ទីតាំង សុទ្ធតែជាប់ពាក់ព័ន្ធនឹងការកើតជំងឺកូវីដ១៩។ ដូច្នេះអតិថិជនដែលបានប្រើប្រាស់សេវានៅទីតាំងទាំង៣កន្លែងខាងលើ មានភាពស្មោះត្រង់មកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្តាច់បាននូវការចម្លងវីរុសកូវីដ- ១៩ នៅក្នុងសហគមន៍យើងបានទាន់ពេលវេលា បញ្ចៀសបាននូវគ្រោះថ្នាក់នៃការរាតត្បាតលក្ខណៈធំធេងនៅរាជធានីភ្នំពេញ និង នៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា។…

ដកស្រង់ប្រសាសន៍ សារសំឡេងពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពកូវីដ-១៩ នៅ កម្ពុជាដែលបានកំពុងរីករាលដាលខ្លាំងឡើងៗ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ថ្ងៃនេះ សភាពការណ៍ក្នុងប្រទេសយើងពិតជាមិនធម្មតា។​​ រហូតមកដល់ម៉ោងនេះ ការរកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ រហូតដល់ ៤៩ នាក់ គិតតែនៅទី​ក្រុង​ភ្នំពេញ ខេត្ដព្រះសីហនុ និងមកពីខេត្តព្រៃវែង និងអាចមានផ្នែកខ្លះនៅក្នុងខេត្តកណ្ដាលតែប៉ុណ្ណោះ​។ សភាពការណ៍នេះ បានដាក់ចេញជាចំណោទធំៗសម្រាប់យើងក្នុងការបន្ដជំហាន​ប្រយុទ្ធ​ជាមួយជំងឺដ៏កាចសាហាវនេះ​។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអំពាវនាវផង និងចេញបញ្ជាផង។​ ការចេញបទបញ្ជា គឺសុំឲ្យស្ថាប័ននីមួយរបស់រាជរដ្ឋាភិបាល និងសុំអំពាវនាវស្ថាប័ននីតិបញ្ញតិ្ដ សុំផ្អាកបណ្ដោះអាសន្ននៅស្ថាប័ន​​​ តែយ៉ាងហោចណាស់យើងត្រូវមានមនុស្សធ្វើការតិចតួច ដោយ(ឲ្យ)មនុស្សភាគច្រើនធ្វើការតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃ។ ក្រោយ ៧ ថ្ងៃ ខ្ញុំព្រះ​ករុណាខ្ញុំនឹងជូនដំណឹងទៅស្ថាប័នទាំងនោះ។ ធ្វើយ៉ាងដូច្នេះ យើងនឹងប​ញ្ចៀសបាននូវហានិភ័យ ដែលយើងមិនទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ ព្រោះមានការច្របូកច្របល់ខ្លាំងណាស់​នៅពេលនេះ។ មានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ដ្រីរាជការ រហូតដល់សិល្បករ សិល្បការិនីផងដែរ។ ដូចនេះ ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុង​ទេ​ ក៏ប៉ុន្ដែសុំឲ្យកាត់បន្ថយចំនួនមនុស្សយ៉ាងតិច ៩០% ហើយមានមនុស្សមួយចំនួនតួចតែប៉ុណ្ណោះ​ ដែលនៅប្រចាំការធ្វើការតាមស្ថាប័ន។ សម្រាប់វិស័យឯកជន ខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់ បើអាចធ្វើបានសុំកាត់បន្ថយបុគ្គលិក​(មកធ្វើការ ដោយ)ផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសភាពកកកុញរបស់មនុស្សនៅតាមកន្លែងធ្វើការ​ផង ​និងតាមផ្លូវផង។ ខ្ញុំសូមអំពាវនាវក្រុមគ្រួសារ សុំកុំអោយកូនៗ ចេញក្រៅផ្ទះ…