ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីណែនាំអាជ្ញាធររាជធានី-ខេត្ត ពាក់ព័ន្ធការដាក់ចេញវិធានការរដ្ឋបាល និងបញ្ជាឱ្យកែសម្រួលឡើងវិញជាបន្ទាន់

ជូនឯកឧត្តម លោកជំទាវ អភិបាលខេត្តរាជធានី រាជរដ្ឋាភិបាលបានបិទបញ្ចប់ក្នុងការបិទទីក្រុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម្ល៉េះ។ ក្នុងពេលបិទបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្តល់អំណាចទៅឲ្យអភិបាលខេត្តរាជធានីដើម្បីគ្រប់គ្រងសភាពការណ៍តាមការជាក់ស្តែង។ ប៉ុន្តែ ខ្ញុំពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតទៅដល់កម្រិតប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ។ ដូចជាខ្ញុំត្រូវធ្វើដំណើរទៅឥណ្ឌូនេស៊ី ត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ បើ(បណ្តាខេត្ត)ធ្វើយ៉ាងដូច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ។ ឧទាហរណ៍ ប្រជាជនត្រូវឆ្លងកាត់នៅខេត្តនោះចាំបាច់ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងខេត្តមួយនោះ។ យើងត្រូវបន្តគ្រប់គ្រងនូវការធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យដែលមានហានិភ័យថាមានកូវីដ-១៩ ដើម្បីឲ្យទៅយកសំណាកហើយត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ។ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល។ សុំឲ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្តីសម្រេចហួសទៅហើយត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំនិយាយនេះមិនមែនសំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឲ្យយកសំណាក និងនាំការធ្វើចត្តាឡីស័កដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែគឺសំដៅឲ្យកែសម្រួលសេចក្តីសម្រេច ដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បើមិនដូច្នោះទេ គ្រប់ខេត្តនីមួយៗ ដាក់(ការកំណត់អោយ)ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ វាមិនខុសពីចែកកម្ពុជាទៅជា ២៥ ប្រទេស (ដែលការ)ឆ្លងពីខេត្តមួយទៅខេត្តមួយ (តម្រូវអោយ)ធ្វើចត្តាឡីស័កនោះទេ។ បើចេញពីខេត្ត(នោះ) ចូលមកខេត្តនេះវិញ (ក៏ត្រូវ)ធ្វើចត្តាឡីស័ក ដូច្នោះតើយើងរស់របៀបម៉េច? អញ្ចឹងខ្ញុំសុំស្នើឲ្យឯកឧត្តមលោកជំទាវអភិបាលខេត្តរាជធានីត្រូវធ្វើការកែសេចក្តីសម្រេចជាបន្ទាន់របស់ខ្លួន។ បើមិន(កែសេចក្តីសំរេច)ដូច្នេះ យើងគ្រប់គ្រងប្រជាជនដែលនៅក្នុងតែខេត្តរបស់ខ្លួន ហើយប្រជាជនខេត្តដទៃដែលទៅរកស៊ីធ្វើការចូលទៅក្នុងខេត្តរបស់ខ្លួនត្រូវតែធ្វើចត្តាឡីស័ក ដល់ប្រជាជនខ្លួនចេញទៅខេត្តដទៃក៏ត្រូវធ្វើចត្តាឡីស័ក។…

សេចក្តីដកស្រង់ សារសំឡេងស្ដីពី ការចាក់វ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ នៅតំបន់ក្រហម នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល

សម្តេចពិជ័យសេនា ទៀ បាញ់,​ ឯកឧត្តម វង្ស៊ី វិសុទ្ធ, លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម​ អ៊ិត សារ៉ាត់, ឯកឧត្តម ឃួង ស្រេង ដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម គឺប្រព្រឹត្តទៅបានយ៉ាងល្អ ដែលធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើងដល់ជាង ១.៥០០.០០០ នាក់ ដែលត្រូវជាជាង ១៥% នៃចំ​នួន​ប្រជាជនដែលត្រូវចាក់។ សម្រាប់នៅក្នុងតំបន់ក្រហម កន្លងទៅគណៈកម្មការចំពោះកិច្ច បានបញ្ជូនវ៉ាក់សាំងចំនួន ៩០ ម៉ឺនដូសទៅ(ក្រុមគ្រូពេទ្យនៃ)កម្លាំងប្រដាប់អាវុធដែលបានចូលទៅចាក់នៅក្នុងតំបន់ក្រហម។ ​ប៉ុន្តែ ចំនួនប្រជាពលរដ្ឋតួលេខជាក់ស្តែងនៅទីនោះ គឺមានរហូតទៅដល់ជាង ៥២ ម៉ឺននាក់ នេះបើយោងទៅតាមតួលេខដែលខ្ញុំបានទទួល ហើយដែលយើងបានដឹងទាំងអស់គ្នា។ ក៏ប៉ុន្តែ យើងមានវ៉ាក់សាំងត្រឹមតែ ៩០ ម៉ឺនដូសតែប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាមិនទាន់ចាក់អស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ។ ចំនួន ៩០ ម៉ឺនដូសដែលបញ្ជូនចូលទៅនេះ គឺបានប្រជាជនត្រឹមតែជាង ៤០ ម៉ឺននាក់ ប្រសិនបើមានការខូចខាតមួយចំនួន។ តាមធម្មតាតែងតែមានការខូចខាត នោះហើយដែលយើងគិតថាវាអាចបាន ៤៤ ម៉ឺននាក់ទៅចុះ។…

កំណត់ខេត្តបន្ទាយមានជ័យ ជាភូមិសាស្ដ្រត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

FN ៖ ក្រសួងសុខាភិបាល បានកំណត់យកខេត្តបន្ទាយមានជ័យបន្ថែមមួយទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។