មជ្ឈមណ្ឌលសេវាកម្មអាជីវកម្មដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ ដើម្បីជួយជំរុញកំណើរអាជីវកម្ម

FN ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានរៀបចំសម្ពោធជាផ្លូវការនូវ មជ្ឈមណ្ឌលសេវាកម្ម អាជីវកម្ម ដំបូងគេបង្អស់នៅកម្ពុជា។ មជ្ឈមណ្ឌលសេវាកម្មនេះ គឺបង្កើតឡើងដើម្បី សម្របសម្រួល និងជំនួយស្មារតីការចាប់ផ្ដើមអាជីវកម្មថ្មី ដែលកំពុងប្រកបអាជីវកម្ម និងជួយជំរុញកំណើនវិស័យឯកជននៅកម្ពុជា។ ការសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសេវាកម្មអាជីវកម្មនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធិ រដ្ឋមន្រ្ដីក្រសួង​ ឧស្សាហកម្ម និងសប្បកម្ម, ប្រធានសមាគមលោក សុខ ពិសិដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ដើម្បីចូលរួមអភិវឌ្ឍវិស័យឯកជន ក៏ដូចជាជួយគាំទ្រដល់ការបង្កើត និងពង្រឹងសហគ្រាសធុនតូច និងមធ្យម មជ្ឈមណ្ឌលមួយ​នេះនឹងក្លាយជាមជ្ឈមណ្ឌលព័ត៌មានតែមួយគត់ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលផ្ដល់ព័ត៌មានចុងក្រោយទាក់ទង ​ទៅ​នឹងច្បាប់អាជីវកម្ម បទបញ្ជា ឱកាស និងសេវាកម្មគាំទ្រអាជីវកម្មផ្សេងៗ ហើយមជ្ឈមណ្ឌលមួយនេះក៏នឹងដើរតួនាទីឈាន​មុខគេ ជួយដោះស្រាយនូវការលំបាករបស់វិស័យឯកជនក្នុងការសហការ និងធ្វើអាជីវកម្មផងដែរ។ លោក សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងឲ្យដឹងថា «មជ្ឈមណ្ឌលនេះគឺបានទទួលការគាំទ្រ​ផ្នែក​បច្ចេកទេស ពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងគំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ (MBI) បានធ្វើការជាមួយ សមាគមសហគ្រិនវ័យ​ក្មេងកម្ពុជា YEAC…

រដ្ឋមន្ដ្រីក្រសួងអប់រំ ស្នើឲ្យអភិបាលរាជធានី-ខេត្ត ទប់ស្កាត់កុំឲ្យសណ្ឋាគារ និងផ្ទះសំណាក់ដំឡើងថ្លៃ ពេលប្រឡងបាក់ឌុប និងសម្រួលចរាចរណ៍ឲ្យបេក្ខជនចូលប្រឡងទាន់ពេល

FN ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ស្នើឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវទប់ស្កាត់កុំមានការដំឡើងថ្លៃសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីជួយសម្រាលបន្ទុកដល់បេក្ខជន ដែលមកពីគ្រួសារមានជីវភាពលំបាក។ នេះតាមលិខិតរបស់លោករដ្ឋមន្ដ្រី ផ្ញើជូនអភិបាលរាជធានី-ខេត្តទាំង២៥ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចនេះ។ ក្រៅពីការទប់ស្កាត់កុំឲ្យមានការតម្លើងថ្លៃនេះ លោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុង ក៏បានប្រាប់ថ្នាក់ដឹកនាំខេត្ត សម្រួលរៀបចំឲ្យសិស្សស្នាក់នៅក្នុងវត្ត និងសាលារៀនដែលនៅជិតមណ្ឌលប្រឡង, សម្រួលចរាចរណ៍ដើម្បីឲ្យបេក្ខជនបានចូលប្រឡងទាន់ពេលកំណត់, ការផ្ញើកង់ ម៉ូតូ និងស្ថិរភាពចរន្ដអគ្គិសនី នៅតាមមណ្ឌលប្រឡង។ សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ថា មន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍ នឹងទទួលបានប្រាក់សោធន មិនឲ្យតិចជាង៤៨ម៉ឺនរៀលនោះឡើយ នៅឆ្នាំ២០១៨

FN ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងតម្លើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិល ដែលត្រូវដល់អាយុចូលនិវត្តន៍ទាំងអស់ មិនឲ្យតិចជាង៤៨០,០០០រៀលក្នុងមួយខែ នៅឆ្នាំ២០១៨ ខាងមុខនេះ នោះឡើយ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងសារជាថ្មីនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ។ នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីអំពីលក្ខខណ្ឌបែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិ នាថ្ងៃនេះ លោក សំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិ សន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល បានថ្លែងឲ្យដឹងថា កិច្ចប្រជុំបានសម្រេចពីនីតិវិធី និងបែបបទក្នុងការតម្លើងប្រាក់សោធនិវត្តន៍ដល់មន្ត្រីរាជការស៊ីវិលនៅឆ្នាំ២០១៨ មិនឲ្យតិចជា៤៨ម៉ឺនរៀល ក្នុងមួយខែ និងបន្តខិតខំក្នុងការកាត ​បន្ថយគម្លាតរវាងអ្នកទទួលបាន សោធនខ្ពស់ និងទទួលបានសោធនទាបឲ្យកៀក និងប្រហាក់ប្រហែងគ្នា។ លោក សំហេង បុរស បានសង្កត់ធ្ងន់ថា ការសិក្សាក្នុងការតម្លើងរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍នៅឆ្នាំ២០១៨ មិនឲ្យតិចជាង៤៨ម៉ឺនរៀល ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយសម្តេចបានយកចិត្តទុកដាក់ចំពោះបងប្អូន អតីតមន្ត្រីរាជការស៊ីវិល…