សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ វេស្ទើន

កុំមានការបារម្ភ ឬឃោសនាអកុសលអំពីសមយុទ្ធពីរកំពុងដំណើរការ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចែកសញ្ញាបត្រ សម្រាប់និស្សិត នៃសាកលវិទ្យាល័យ វេស្ទើន ចំនួន ២ ​៨៣១ នាក់ ដែលសប្តាហ៍នេះ គឺមានដូចជា ២ លើក។ មើលកម្មវិធីនៅសល់មួយលើកទៀត អា​ទិត្យក្រោយនោះ … អញ្ចឹង បានសេចក្ដីថា សាកលវិទ្យាល័យនានាត្រូវការឱ្យខ្ញុំព្រះករុណាខ្ញុំចែកសញ្ញាបត្រ គឺនៅក្នុងខែ វិច្ឆិកា, ធ្នូ ហើយចូលទៅដល់ខែ មករា ឯណោះ។ អញ្ចឹងទេ ក៏ចេះតែប្រឹងទៅ ដើម្បីនឹងមកជួ​បជាមួយនឹងនិស្សិតរបស់យើង មុនពេលដែលចាកចេញពីការសិក្សា ហើយទៅបំពេញនូវកិច្ចការ ដែលជាការផ្ដល់នូវកិត្តិយសមួយ (ឬ)ជាការលើកទឹកចិត្តមួយ សម្រាប់និស្សិតរបស់យើង។ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំយកឱកាសនេះ ជម្រាបជូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាបថា នៅថ្ងៃនេះ មានសមយុទ្ធពីរកើតឡើងផ្ទួនគ្នាតែម្ដង។ សមយុទ្ធទី ១ គឺការសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ពេលដែលមានឧបទ្ទវហេតុ នៃការធ្លាក់យន្តហោះ ដែលកិច្ចការនេះ ប្រព្រឹត្តនៅឯព្រលានយន្តហោះទីក្រុងសៀមរាប ហើយសូមកុំឱ្យមានការភ័យព្រួយ ឬក៏ការប្រើនូវបណ្ដាញសង្គមលើកឡើងមួលបង្កាច់ទាក់ទងនឹងការធ្លាក់យន្តហោះអីជាដើម។ សមយុទ្ធរបៀបនេះ គឺជាសមយុទ្ធសភាពការណ៍ជាក់ស្ដែង (ក្នុងករណីមានហេតុការណ៍)របៀបនៃការធ្លាក់យន្តហោះ។ មិនមែនយកយន្តហោះបើកទៅឱ្យធ្លាក់នោះទេ ក៏ប៉ុន្តែធ្វើជាប្រភេទដែលអាចកើតមានរបៀបនោះ។…