ចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យធនធានមនុស្ស

គោលនយោបាយវិស័យអប់រំត្រឹមត្រូវ ស្រាយបញ្ហាសង្គម និងចំណុចទាក់ទងយុវជន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយ ដែលបានមកចូលរួមប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្សវិជ្ជាជីវៈ និងនិស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស ដែលនេះ គឺជាលើកទី ១៦ ដែលខ្ញុំព្រះករុណាខ្ញុំចូលរួម នៅក្នុងពិធី(ចែកវិញ្ញាបនបត្រ/សញ្ញាបត្រ) នៃសាកលវិទ្យាល័យនេះ ចាប់តាំងពីកកើតពីវិទ្យាស្ថានរហូតដល់សាកលវិទ្យាល័យ។ អម្បាញ់មិញយើងបានស្តាប់ទាំងអស់គ្នា នូវរបាយការណ៍របស់សាកលវិទ្យាធិការ ឯក មនោសែន ដែលបានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយពង្រីកខ្លួនទៅជាសាកលវិទ្យាល័យ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយសារតែយើងបានដាក់ចេញនូវគោលនយោបាយវិស័យអប់រំត្រឹមត្រូវ ភាពត្រឹមត្រូវរបស់យើងនៅត្រង់ថា យើងដើរចេញពីជំហានមួយទៅកាន់ជំហានមួយ ហើយក្នុងនោះ ការអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជាវិធានការណ៍ ដែលត្រឹមត្រូវបំផុត។ យើងអាចពិនិត្យមើលថា សាកលវិទ្យាល័យរបស់រដ្ឋ មិនអាចទទួលយកអស់នូវចំនួនសិស្ស ដែលរៀនចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យចូលសាកលវិទ្យាល័យនោះទាំងអស់ទេ។ ដូច្នេះ ការអនុញ្ញាតឱ្យវិស័យឯកជន ដើម្បីចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជារបៀបដោះស្រាយបញ្ហាសង្គម ហើយចំចំណុចទាក់ទងជាមួយនឹងយុវជនតែម្តង។ ការសិក្សាបង់ថ្លៃ ជួយគ្រឹះស្ថានសិក្សារបស់រដ្ឋ ស្រាយបន្ទុកចំណាយ និងកសាងអគារសិក្សា ក្រោយពីការផ្តល់ឱកាសឱ្យវិស័យឯកជនវិនិយោគទៅលើវិស័យអប់រំ តាមរយៈការកសាងឡើងនូវសាលារៀនតាំងពីថ្នាក់មត្តេយ្យ បឋម…