សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា ចូលជួបសម្តែងការគួរសម

FN ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បន្តអនុញ្ញាឱ្យលោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា (Yoshiaki Ishizawa) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៉ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្សចូលជួបសម្តែងការគួរសម និងរំលឹកនូវរឿងរ៉ាវជាអនុស្សាវរីយ៍ពីអតីតកាលមួយចំនួន។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិតសាស្ត្រាចារ្យ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានលើកឡើងពីការងាររបស់លោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្របសម្រួលផ្នែកគាំពារ និងអភិរក្សតំបន់អង្គរ (ICC-Angkor) កាលពីឆ្នាំ២០១៨កន្លងទៅ។ លោកបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីការងារស្រាវជ្រាវ និងចងក្រងនូវសៀវភៅស្តីពីប្រាសាទអង្គរ ដែលនឹងបោះពុម្ពសៀវភៅក្នុងពេលឆាប់ៗនេះ។ លោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា បានជម្រាបសម្តេចតេជោផងដែរថា គាត់ពិតជាមាននិស្ស័យជាមួយប្រទេសកម្ពុជាណាស់ ហើយលោកបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយនិងការរាប់អានរបស់សម្តេចចំពោះលោកសាស្ត្រាចារ្យ។ លោកសាស្ត្រាចារ្យមានប្រសាសន៍ថា កន្លងមកនេះការស្រាវស្រាវនៅប្រាសាទអង្គរបានរកឃើញនូវវត្ថុបុរាណជាច្រើន។ លោកសាស្ត្រាចារ្យ ក៏បានរំលឹកពីទំនាក់ទំនងរវាងលោក ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកសាស្ត្រាចារ្យ បានលើកឡើងថា លោកបានស្គាល់សម្តេចរយៈពេល ៣៥ឆ្នាំហើយ ហើយលោកបានជួបសម្តេចលើកដំបូងនៅឆ្នាំ១៩៨៣ នៅពេលសម្តេចនៅធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឡើយ។ លោកសាស្ត្រាចារ្យបានរំលឹកថា នៅពេលនោះសម្តេចតេជោ បានណែនាំលោកឱ្យជួយធ្វើយ៉ាងណាផ្ទេរនូវចំណេះដឹងលើការស្រាវជ្រាវទៅដល់ប្រជាជនកម្ពុជា។ ឆ្លើយតបសំណូមពររបស់សម្តេចតេជោ ក្នុងរយៈពេល ៣៥ឆ្នាំនេះ…