សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា! ដោយសារតែការចូលឆ្នាំមិនទាន់ផុតរលត់ ហើយទើបនឹងឆ្លងផុតប៉ុន្មានថ្ងៃ ក៏មិនទាន់យឺតពេល ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមទទួលបាននូវសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការតភ្ជាប់ផ្លូវគោក និងផ្លូវដែក រវាងកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃនេះ ពិតជាមានការរីករាយ បន្ទាប់ពីដើមសប្ដាហ៍ ហើយក៏ជាការចាប់ផ្ដើមឆ្នាំថ្មី ដែលម្សិលមិញនេះ ខ្ញុំព្រះករុណាខ្ញុំ ប្រហែលជាបងប្អូននិស្សិតរបស់យើង ក៏ដូចជាសាស្ត្រាចារ្យបានដឹងហើយថា ម្សិលមិញនេះ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់មួយ ពីការតភ្ជាប់ផ្លូវគោកផង និងផ្លូវដែកផង​ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នោះគឺយើងត្រូវធ្វើស្ពាន និងផ្លូវផ្សេង ដើម្បីមួយផ្នែកដោះស្រាយបញ្ហាទំនិញ មួយផ្នែកដោះស្រាយបញ្ហាទេសចរណ៍។ តែផ្លូវដែកដែលបានកាត់ផ្ដាច់ជាង ៤០…