សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំអាស៊ី-អឺរ៉ុបថា កម្ពុជាស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អាមេរិក និងកូរ៉េទាំងពីរ ដើម្បីនាំមកនូវសុខសន្តិភាព

FN ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ នៅចំពោះមុខមេដឹកនាំអាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជារីករាយ និងស្វាគមន៍ចំពោះការវិវត្តន៍ជាវិជ្ជមានថ្មីៗនៅឧបទ្វីបកូរ៉េ។ ជាពិសេសកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក។ សម្តេចតេជោ បានលើកឡើងថា កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តទាំងនោះ គឺជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកយុគសម័យនៃភាពធូរស្រាល អំណោយផលដល់កិច្ចពិភាក្សាបន្ត ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតជាបណ្តើៗ នូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា «ច្បាស់ណាស់ថា ដំណើរការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្ថិតនៅលើផ្លូវមួយវែងឆ្ងាយនៅឡើយ និងទាមទារឲ្យមានការអត់ធ្មត់ពីសំណាក់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិក។ កម្ពុជាជឿជាក់ថា អភិក្រមបដិការគួរតែត្រូវបានប្រកាន់យកឲ្យបានខ្ជប់ខ្ជួន ហើយភាគីទាំងពីរគួរតែធ្វើការជាមួយគ្នា ក្នុងភាពស្មោះត្រង់ ដើម្បីបង្កើនទំនុកចិត្តនិងភាពជឿជាក់រវាងគ្នានិងគ្នាទៅវិញទៅមក»។ សម្តេចតេជោ បន្ថែមថា «យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អាមេរិក និងកូរ៉េទាំងពីរ ជាពិសេសគោលនយោបាយថ្មីរបស់សាធារណរដ្ឋកូរ៉េ ដើម្បីឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិភាព»។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យរក្សាការអត់ធ្មត់ និងបន្តប្តេជ្ញាប្រកាន់យកការសន្ទនាប្រកបដោយស្មារតីស្ថាបនា និងសន្តិវិធី ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងសម្រេចបានការរំសាយទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យបាន និងមិនវិលត្រឡប់ថយក្រោយឡើយនៅលើឧបទ្វីបកូរ៉េ៕

៩ខែឆ្នាំនេះ អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបានជិត១.៧ពាន់លានដុល្លារ

FN ៖ រយៈពេល៩ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ​​ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦,‌៧៦៦.៣៧ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩លានដុល្លារអាមេរិក) កើនឡើង១៧.៥៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលានេះ។ លោក គង់ វិបុល ដែលអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ នៅថ្ងៃទី១៨ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល បានសរុបចំនួន ៦,‌៧៦៦.៣៧ ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩ លានដុល្លារអាមេរិក) ស្មើនឹង៨៧.៩៥% នៃផែនការ។ ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូល បាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន៧៥៣.១៧ ប៊ីលានរៀល (ប្រមាណជា១៨៨.២៩លានដុល្លារអាមេរិក) ស្មើនឹង៩.៧៩% នៃផែនការច្បាប់។…

រដ្ឋបាលខេត្តព្រះសីហនុ៖ បឹងព្រែកទប់ត្រូវកែច្នៃជាកន្លែងទេសចរណ៍ លែងជាប្រភពផ្គត់ផ្គង់ទឹកស្អាតទៀតហើយ

FN ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសនៅយប់ថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៨នេះថា បឹងព្រែកទប់កណ្តាលក្រុងព្រះសីហនុ ដែលធ្លាប់ប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកសាបជូនប្រជាពលរដ្ឋនោះ នឹងត្រូវកែច្នៃជាកន្លែងទេសចរណ៍ លែងប្រើប្រាស់ជាប្រភពផ្គត់ផ្គង់ទឹកសាបទៀតហើយ។ ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មនានាជុំវិញការលុបបឹងមួយនេះ ក៏ដូចជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាត់ផ្ទៃដីជាង ១១ហិកតាចេញពីតំបន់អភិរក្សបឹងព្រែកទប់។ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន កាត់ផ្ទៃបឹងមួយចំណែកសម្រាប់ធ្វើការអភិវឌ្ឍន៍ និងមួយភាគធំទៀតកែលម្អរឲ្យទៅជាសួនរមនីយដ្ឋានទេសចរណ៍។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដែរថា នៅក្នុងគម្រោងដែលបានគ្រោងទុក គឺមានសាងសង់នូវផ្លូវកាត់បឹងព្រែកទប់ ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងឲ្យក្លាយទៅជារមនីយដ្ឋានទេសចរណ៍កម្សាន្ត ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រភពទឹកស្អាតដែលត្រូវផ្គត់ឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ​ នឹងត្រូវយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់​ ដែលពីមួយឆ្នាំទៅមួយឆ្នាំបានការគោករាក់ និងបាត់បង់គុណភាព៕