សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ក្រោយចប់កិច្ចប្រជុំសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្ដ និងបក្សនយោបាយលើពិភពលោក

FN ៖ ក្រោយចប់នៃការចូលរួមកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្ដ និងបក្សនយោបាយលើពិភពលោករួចមក នៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីមហាយក្សចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង។ បើទោះបីពុំទាន់មានលទ្ធផល នៃជំនួបទ្វេភាគីរវាងមេដឹកនាំកំពូល កម្ពុជា-ចិន តែប្រធានបទដែលត្រូវបានគេដឹងជាទូទៅនោះ គឺការពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត ដូចអ្វីដែលមេដឹកនាំទាំង២ បាននិងកំពុងអនុវត្ត។ សូមបញ្ជាក់ថា កិច្ចសន្ទនារវាងបក្សកុម្មុនីស្តចិន និងបក្សនយោបាយនានាមកពីលើពិភពលោក គឺជាកិច្ចសន្ទនាមួយដែលរៀបចំឡើងដោយប្រទេសចិន ហើយនេះក៏ជាកិច្ចសន្ទនាលើកដំបូងផងដែរ។ កិច្ចសន្ទនានេះធ្វើឡើងក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ និងពិភពលោកដ៏ស្រស់ត្រកាល៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។ សម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះផងដែរ។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាអញ្ជើញ ទៅចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។ តាមការគ្រោងទុកសម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ដោយហោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបតែម្តង ដើម្បីចូលរួមពិធីបួងសួងសូមសេចក្តីសុខ និងសេចក្តីចម្រើនជូនជាតិកម្ពុជានៅមុខប្រាសាទអង្គរ ដែលនឹងធ្វើឡើងនៅមុខប្រាសាទអង្គរ៕

សុន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន សន្ទនាជាមួយគណបក្សនយោបាយនៅលើពិភពលោក (ពេញអង្គលើកទី ១) ក្រោមប្រធានបទ៖ រូមគ្នាកសាងសហគមន៍នៃអនាគតរួម សម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ស្អាត

ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping), អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ឯកឧត្តម, លោកជំទាវ, សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ឯកឧត្តម, លោកជំទាវ, តំណាងគណបក្សនយោបាយ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង កិច្ចប្រជុំជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន សន្ទនាជាមួយគណបក្សនយោបាយនៅលើពិភពលោក ក្រោមប្រធានបទ រួមគ្នាកសាងសហគមន៍នៃអនាគតរួម សម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ស្អាត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ និងគណៈប្រតិភូ។ ប្រធានបទសម្រាប់កិច្ចពិភាក្សាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយក្នុងរយៈពេលប្រមាណមួយទសវត្សរ៍ចុងក្រោយនេះ យើងទាំងអស់គ្នាបានឃើញកាន់តែច្បាស់នូវការប្រែប្រួលយ៉ាងខ្លាំង នូវនិម្មាបន​កម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ ទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេស គឺការប្រែប្រួលភូមិសាស្រ្តនយោបាយ ពីឯកប៉ូល មកកាន់ពហុប៉ូល និងការលេចឡើងនៃមហាអំណាចសេដ្ឋកិច្ចថ្មី ជាអាទិ៍ ប្រទេសចិន។ ជាមួយនឹងការអភិវឌ្ឍឈានទៅមុខជាលំដាប់ ពិភពលោកក៏កំពុងតែប្រឈមនឹងការកើនឡើងនៃវិសមភាពសង្គម ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ ទន្ទឹមនេះ យើងក៏បានសង្កេតឃើញនូវការកើនឡើងនៃអំពីហឹង្សា អំពើភេរវកម្ម និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់មហាអំណាចខ្លះ ដែលបង្កជាជម្លោះផ្ទៃក្នុង…