កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧

FN ៖ តាមការស្រាវជ្រាវ និងវាយតម្លៃរបស់ Global Peace Index 2017 បានបង្ហាញថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានចំណាត់ថ្នាក់លេខ៨៩ នៅលើពិភពលោក។ យោងតាមស្ថិតិរបស់ Global Peace បានបញ្ជាក់ថា នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កម្ពុជា ឈរនៅលេខរៀងទី៦ ខណៈប្រទេសសិង្ហបុរីឈរនៅលេខ១ ម៉ាឡេស៊ីលេខ២ ឡាវលេខ៣ ឥណ្ឌូនេស៊ីលេខ៤ វៀតណាមលេខ៥ មីយ៉ាន់ម៉ាលេខ៧ ថៃលេខ៨ ហ្វីលីពិនលេខ៩ និងចិនលេខ១៦។ Global Peace បានបញ្ជាក់ដែរថា នៅ​ឆ្នាំ២០១៧ នេះ កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​​ភាព​ល្អ​ប្រសើរ​​បំផុតក្នុងការរក្សានូវសុខសន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈ​ឥណ្ឌូនេស៊ី មាន​ការ​ធ្លាក់​ចុះ​​ខ្លាំង។

លោក កែវ រតនៈ អះអាងថា តាំងពីឆ្នាំ២០០៨មក អគ្គិសនីកម្ពុជា គ្មានគោលការណ៍ផ្ដាច់ភ្លើងរបស់ពលរដ្ឋ នៅពេលបងប្អូនប្រជាពលរដ្ឋមិនបង់ថ្លៃសំរាមនោះទេ

FN ៖ ស្របពេលថ្មីៗមានការលេចលឺព័ត៌មានថា ការដែលបងប្អូនប្រជាពលរដ្ឋមិនបង់លុយថ្លៃសំរាម នឹងត្រូវមន្រ្តីអគ្គិសនីកម្ពុជាផ្តាច់ចរន្តអគ្គិសនីនោះ, នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ​ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News យ៉ាងដាច់ណាត់ថា អគ្គិសនីកម្ពុជា គ្មានគោលការណ៍ណាមួយ ផ្ដាច់ចរន្តអគ្គិសនីរបស់បងប្អូនប្រជាពលរដ្ឋណាមួយទេ នៅពេលដែលពួកគាត់ មិនបានបង់ថ្លៃប្រមូលសំរាមនោះឡើយ។ អគ្គនាយកអគ្គិសនីកម្ពុជា បានអះអាងទៀតថា «ចាប់តាំងពីរូបលោកមកកាន់តំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា ឆ្នាំ២០០៨មក លោកមិនបានដែរបាន ដាក់គោលការណ៍ឲ្យផ្តាច់ចរន្តអគ្គិសនីបងប្អូនប្រជាពលរដ្ឋនោះទេ ពាក់ព័ន្ធជាមួយថ្លៃសំរាម ពោលគ្មានការកាត់ភ្លើងនៅពេលមិនបង់សំរាមនោះទេ»។ ការចេញមកប្រកាសបែបនេះ របស់លោក កែវ រតនៈ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់និងយល់ច្រឡំថា នៅពេលដែលពលរដ្ឋមិនបង់ថ្លៃប្រមូល សំរាមនោះ អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើងមិនឲ្យប្រើប្រាស់ជាបណ្ណោះអាសន្នសិន លុះត្រាតែពលរដ្ឋបានបង់ថ្លៃប្រមូលសំរាមរូចរាល់ទើប បើកភ្លើងឲ្យប្រើប្រាស់ធម្មតាវិញ។ ជាមួយគ្នានោះ អគ្គនាយកអគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបឈ្ឈប់ការយល់ច្រឡំចំពោះអគ្គិសនីកម្ពុជាអំពីការផ្ដាច់ភ្លើងដោយ មិនបង់សំរាមនោះទេ។ ជាមួយនោះដែរ គិតមកទល់ពេលនេះមានរយៈពេលជាង២ឆ្នាំហើយ ក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញសេចក្ដីជូនដំណឹងឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបិរស្ថាន និងអគ្គិសនីកម្ពុជា ពិនិត្យសិក្សាអំពីនីតិវិធីប្រមូលថ្លៃសេវាសំរាមតាមមធ្យោបាយណាមួយ…

រដ្ឋមន្រ្តី ថោង ខុន អះអាងថា ទោះបីប្រទេសកាតា មានវិបត្តិការទូតជាមួយពិភពអារ៉ាប់ តែ Qatar Airways នៅបន្តហោះហើរមកកម្ពុជា

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ទោះបីជាប្រទេសកាតា កំពុងមានវិបត្តិការទូតជាមួយប្រទេសក្នុងពិភពអារ៉ាប់ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលជាកម្មសិទ្ធិរបស់ប្រទេសសម្បូរប្រេងមួយនេះ មិនបានកាត់ផ្ដាច់ជើងហោះហើរត្រង់មកកម្ពុជានោះឡើយ ពោលនៅតែបន្តដឹកជញ្ជូនភ្ញៀវទេសចរ ចូលមកទស្សនា «ព្រះរាជាណាចក្រអច្ឆរិយៈ និងផ្ដល់ភាពកក់ក្ដៅ» មួយនេះដដែល។ លោកដ្ឋមន្រ្តីបានបន្តថា ប្រទេសកម្ពុជា និងប្រទេសកាតា មានជើងហោះហើរត្រង់ ដូហា-ហូជីមិញ-ភ្នំពេញ-ភ្នំពេញ-ហូជីមិញ-ដូហា របស់ក្រុមហ៊ុន Qatar Airways តាំងតែពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ មកម្ល៉េះ៕