កម្ពុជាទទួលឧបករណ៍តេស្តរកសារធាតុញៀន ចំនួន១៤០០ប្រអប់​ ដែលជាអំណោយរបស់ប្រទេសអូស្រ្តាលី

FN ៖ នៅថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៧​នេះ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំមន្រ្តីជំនាញទៅទទួលឧបករណ៍តេស្តរកសារធាតុញៀនចំនួន១៤០០ប្រអប់​ ដែលជាអំណោយប្រទេសអូស្រ្តលីតាមរយៈលោក​ Paul Robilliard ឯកអគ្គទូត​អូស្ត្រាលីប្រចាំប្រទេសថៃ​ ដែល ពិធីប្រគល់ទទួលសម្ភារធ្វើតេស្តគ្រឿងញៀនទទួលបានការអញ្ជើញចូលរួមជាកិត្តិយសពីលោក Sirinya Sithichai អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។ ក្នុងឱកាសនោះ​ ​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែងឲ្យដឹងថា​ នេះជាផ្នែកមួយនៃការគាំទ្រនិងរួមចំណែករបស់សហគមន៍អន្តរជាតិក្រោមគម្រោងប្រតិបត្តិការសុវត្ថិភាពទន្លេមេគង្គដែលទទួលបានការឯកភាពពីបណ្តាប្រទេសជាសមាជិកអាស៊ានជាមួយប្រទេសអ្នកផ្តល់ជំនួយក្នុងកិច្ចប្រជុំធ្វើឡើងនៅទីក្រុងឈៀងម៉ៃប្រទេសថៃនាឆ្នាំកន្លងទៅ​ ។ សូមបញ្ជាក់ថា​ សម្ភារតេស្តនោះដែលទទួលបាននៅពេលនេះរួមមានចំនួន៧០០០តេស្ត​ ចែកជា៤ប្រភេទ​ គឺ ១-តេស្តរកសារធាតុញៀនប្រភេទ​ម៉េតំហ្វេតាមី​ ហេរ៉ូ​អ៊ីន​ អិចស្តាស៊ី​ ២-តេស្តរកសារធាតុញៀនប្រភេទកូកាអ៊ីន​ ៣-តេស្តរកសារធាតុញៀនប្រភេទកញ្ឆា ៤-តេស្តរកសារធាតុញៀន​ ប្រភេទម៉េតំហ្វេតាមីន​ និងMDMA៕

រដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងថ្នាក់ក្រោមជាតិ ប្រារព្ធពិធីគោរពព្រះវិញ្ញាក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ «ព្រះបរមរនតកោដ្ឋ»

FN ៖ ខណៈប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននឹកស្តាយស្រណោះ អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុវរ្ម័ន «ព្រះបរមរនតកោដ្ឋ» ដែលបានសោយទីវង្គតកាលពី៥ឆ្នាំមុននោះ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ តាមបណ្ដាក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាព ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ត ពោលគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានដឹកនាំរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្តព្រះបរមរនតកោដ្ឋ ជាហូរហែផងដែរ។ អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុវរ្ម័ន ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានយាងចូលទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ពោលកន្លងទៅអស់រយៈពេល៥ឆ្នាំមកហើយ។ ជាការពិតណាស់ ដើម្បីសម្ដែងនូវការនឹករលឹកនូវព្រះរាជគុណដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាន ចំពោះស្នាព្រះហស្បដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ប្រជារាស្ត្រខ្មែររបស់ព្រះអង្គនោះ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ អង្គភាព-ស្ថាប័ន និងឥស្សរជន បានរៀបចំពិធីគោរពព្រះវិញ្ញាក្ខន្តព្រះអង្គយ៉ាងអធឹកអធ័ម។ សូមទស្សនាទិដ្ឋភាព នៃការរៀបចំការគោរពវិញ្ញាក្ខន្ធតាមបណ្តារាជធានីខេត្តមួយចំនួន៖ ១៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ រួមទាំងបណ្ដាខណ្ឌទាំង១២ទៀតផងដែរ។…

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអភិបាល​រាជធានី​ភ្នំពេញ ​កំពុង​ប្រារព្ធពិធី​ទទួល​ផ្លូវ និងស្ពាន​ព្រែក​ព្នៅ ពីក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ បន្ទាប់​ពី​រាជរដ្ឋាភិបាល ​​សម្រេច​ទិញ​យកមកគ្រប់គ្រងវិញ

FN ៖ នៅ​វេលារសៀល​ម៉ោង​២ជាង​ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧​នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ប្រារព្ធពិធី​ទទួល​ស្ពាន​ព្រែក​ព្នៅ បន្ទាប់​ពី​ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ​បាន​សម្រេច​ទិញ​ផ្តាច់​ពី​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ​វិញ និងឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ដោយឥតគិតថ្លៃ។ ពិធី​ប្រគល់​ទទួល​ស្ពាន​ព្រែក​ព្នៅ​នោះ ធ្វើ​នៅ​ចំណុច​បញ្ជរ​បង់ប្រាក់​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងលិច ដោយ​មានការ​ចូលរួម​ពីមន្ត្រី​រាជការនៃក្រសួងសាធារណការ រដ្ឋបាលរាជធានី​ភ្នំពេញ និង​តំណាង​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ សូមជម្រាបថា ចាប់ពីម៉ោង១២៖០០នាទី ឈានចូលថ្ងៃទី១៥ ខែតុលានេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងស្ពានព្រែកព្នៅ ដោយមិនមានបង់ប្រាក់ដូចមុនទៀតឡើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រេចទិញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនោះមកគ្រប់គ្រងវិញ៕