ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចេញផ្សាយធនប័ត្រ (ក្រដាសប្រាក់) ប្រភេទ១០០០រៀល និង៥០០០រៀល គំរូថ្មី

FN ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខួប នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រ (ក្រដាសប្រាក់) គំរូថ្មីប្រភេទ១០០០រៀល និង ៥០០០រៀល ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ។ ការចេញផ្សាយនូវ ធនប័ត្រគំរូថ្មីទាំង២ប្រភេទនេះ ក៏ជាផ្នែកមួយផងដែរនៃយុទ្ធសាស្រ្ត ជំរុញការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល ដោយធនប័ត្រគំរូថ្មីនេះមានសុវត្ថិភាពខ្ពស់ ព្រមទាំងមានការរចនាដ៏ល្អស្អាត ដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងនៃប្រទេសកម្ពុជាយើង។

សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅអំឡុងបុណ្យអុំទូក ដោយគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ

FN ៖ សម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅដើមខែវិច្ឆិកា ខាងមុខនេះ តាមរយៈការអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវ។

គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេច ប្រកាសទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើងតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ តាមសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយ ក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨»។ ជាមួយគ្នានេះ គណបក្សផ្សេងទៀត មិនទាន់ត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់នៅឡើយទេ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ៕