៦ខែឆ្នាំ២០១៧ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅលក់នៅក្រៅប្រទេសបានជិត ៤ពាន់លានដុល្លារ

FN ៖ របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា រយៈពេល ៦ខែឆ្នាំ២០១៧ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅលក់នៅទីផ្សារក្រៅប្រទេសគិតជាទឹកប្រាក់ជិត ៤ពាន់លានដុល្លារអាមេរិក ខណៈការបញ្ជាទិញពីបរទេសក៏នៅតែបន្តមាន និងមានការបង្កើនផងដែរ។ របាយការណ៍របស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា រយៈពេល ១ឆមាស (៦ខែ) ឆ្នាំ២០១៧ បើគិតជាទឹកប្រាក់មានចំនួន ៣,៧៣០.៣លានដុល្លារអាមេរិក កើនឡើង ៦.៩ភាគរយ បើធៀបឆ្នាំ២០១៦។ របាយការណ៍ក៏បានឲ្យដឹងដែរថា តាំងពីឆ្នាំ២០០០មក ការចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ដោយចាប់ពីជិត ១ពាន់លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ៧,៣២១.៨លានដុល្លារ នៅឆ្នាំ២០១៦។ ទន្ទឹមការកើនឡើងជាលំដាប់នៃការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកម្ពុជា ដែលបម្រើការក្នុងវិស័យកាត់ដេរនេះ ក៏មានការកើនឡើងជាលំដាប់ផងដែរ ចាប់ពី ៤៥ដុល្លារ នៅឆ្នាំ១៩៩៧ រហូតដល់…

រយៈពេល២៥ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាជាង ៦៣២លានដុល្លារ ព្យាបាលជំងឺកុមារ និងស្រ្តីមានផ្ទៃពោះជិត ១៧លានករណី

FN ៖ គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផាបានបើកទ្វារផ្តល់សេវាព្យាបាលកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះ។ រយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុប ១៦,៨២២,២២៥ករណី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល ២៥ឆ្នាំនេះ ខ្លួនចំណាយថវិកាសរុប ៦៣២លានដុល្លារ។ ២៥ឆ្នាំនេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១,៨៥៣,៥១០ករណី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ២៤៥,៥៩១នាក់ បានសម្រាលកូននៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣)។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ មន្ទីរពេទ្យគន្ធបុប្ផាបានគូសបញ្ជាក់ថា រយៈពេល ២៥ឆ្នាំនេះ ខ្លួនបានក្លាយទៅជាមន្ទីរពេទ្យគំរូមួយ ហើយកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងអរគុណ ដល់សកម្មភាពដ៏ជោគជ័យរបស់មន្ទីរពេទ្យគន្ធបុប្ផាថា បានចូលរួមដល់ការកាត់បន្ថយ «អត្រាស្លាប់របស់មាតា និងកុមារ» នៅកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណដល់ការគាំទ្ររបស់សប្បុរសជនទាំងអស់ ដែលញ៉ាំងឲ្យបុគ្គលិកកម្ពុជាប្រមាណ ២៥០០នាក់ សម្រេចបានស្នាដៃធំធេងនេះ៕

៣ថ្ងៃបុណ្យអុំទូក ពលរដ្ឋប្រមាណ ៤លាននាក់បានដើរលេងកម្សាន្ត, រដ្ឋមន្រ្តីទេសចរណ៍ថ្លែងថា ពលរដ្ឋកម្ពុជាកំពុងតែរីករាយខ្លាំងក្រោមម្លប់សន្តិភាព ផ្ទុយពីការអះអាងរបស់ក្រុមបក្សប្រឆាំង

FN ៖ រយៈពេល៣ថ្ងៃនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលទើបបញ្ចប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិផងសរុបប្រមាណ ៤លាននាក់ បាននាំគ្នាដើរលេងកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា ម្លប់នៃសន្តិភាពរបស់កម្ពុជា កំពុងធ្វើឲ្យប្រជាពលរដ្ឋកាន់តែសប្បាយរីករាយក្នុងឱកាសបុណ្យទាន ដែលផ្ទុយស្រឡះពីការលើកឡើងរបស់បក្សប្រឆាំងថា ពលរដ្ឋកម្ពុជាកាន់តែវេទនា។ ក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកាន់តំបន់ទេសចរណ៍នានាតាមបណ្តាខេត្ត គឺមានរហូតដល់ទៅ ៨០ម៉ឺននាក់ គឺកើនឡើងរហូតដល់ទៅ ២៣ភាគរយ។ ក្នុងនោះភ្ញៀវជាតិមាន ៧៣ម៉ឹននាក់ កើន ២៤ភាគរយ ហើយភ្ញៀវអន្តរជាតិមានប្រមាណ ៧ម៉ឺននាក់ កើន ១៦ភាគរយ។ ដោយឡែកក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីប្រណាំងទូក និងជាគោលដៅនៃការលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិផងដែរ គឺទទួលបានអ្នកចូលរួមរហូតដល់ទៅ ៣,២លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ។ នេះបើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្រៅពីរាជធានីភ្នំពេញ ខេត្តដែលទទួលបានអ្នកទេសចរច្រើនជាងគេរួមមាន៖ សៀមរាប, ព្រះសីហនុ,…