FN ៖ រយៈពេល៣ថ្ងៃនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលទើបបញ្ចប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិផងសរុបប្រមាណ ៤លាននាក់ បាននាំគ្នាដើរលេងកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា ម្លប់នៃសន្តិភាពរបស់កម្ពុជា កំពុងធ្វើឲ្យប្រជាពលរដ្ឋកាន់តែសប្បាយរីករាយក្នុងឱកាសបុណ្យទាន ដែលផ្ទុយស្រឡះពីការលើកឡើងរបស់បក្សប្រឆាំងថា ពលរដ្ឋកម្ពុជាកាន់តែវេទនា។
ក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកាន់តំបន់ទេសចរណ៍នានាតាមបណ្តាខេត្ត គឺមានរហូតដល់ទៅ ៨០ម៉ឺននាក់ គឺកើនឡើងរហូតដល់ទៅ ២៣ភាគរយ។ ក្នុងនោះភ្ញៀវជាតិមាន ៧៣ម៉ឹននាក់ កើន ២៤ភាគរយ ហើយភ្ញៀវអន្តរជាតិមានប្រមាណ ៧ម៉ឺននាក់ កើន ១៦ភាគរយ។
ដោយឡែកក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីប្រណាំងទូក និងជាគោលដៅនៃការលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិផងដែរ គឺទទួលបានអ្នកចូលរួមរហូតដល់ទៅ ៣,២លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ។ នេះបើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍។
ក្រៅពីរាជធានីភ្នំពេញ ខេត្តដែលទទួលបានអ្នកទេសចរច្រើនជាងគេរួមមាន៖ សៀមរាប, ព្រះសីហនុ, កំពត, រតនគិរី និងមណ្ឌលគិរី…។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកត់សម្គាល់ថា គោលដៅទេសចរណ៍ទាំងអស់ អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ។ បញ្ហាបរិស្ថានអនាម័យ មានភាពល្អប្រសើរ ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង ប៉ុន្តែការគ្រប់គ្រងសំរាមនៅតែជាបញ្ហាស្មុគស្មាញនៅតាមគោលដៅទេសចរណ៍មួយចំនួន។
លោករដ្ឋមន្រ្តី បានកត់សម្គាល់ឃើញទៀតថា បញ្ហាសសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយសារកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានរក្សាសណ្តាប់ធ្នាប់សុវត្ថិភាព និងសហការយ៉ាងល្អជាមួយមន្ទីរទេសចរណ៍នានាតាមមូលដ្ឋាន ដោយមានក្រុមការងារប្រចាំនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ។
លោក ថោង ខុន បានថ្លែងបញ្ជាក់ជាមួយអង្គភាពព័ត៌មាន Fresh News ដែរថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរក្នុងអំឡុង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ ហើយក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលបានភាពសប្បាយរីករាយផងដែរ។
លោករដ្ឋមន្រ្តីបន្តថា សកម្មភាពនេះ គឺផ្ទុយស្រឡះពីការលើកឡើងរបស់គណបក្សប្រឆាំង ដែលថាប្រជាពលរដ្ឋខ្មែរកាន់តែវេទនាពីមួយថ្ងៃទៅមួយថ្ងៃ។ «តាមស្ថិតិនៃអ្នកដើរលេងដ៏ច្រើនកុះករ ហើយកើនឡើងជាងបណ្តាឆ្នាំកន្លងទៅយ៉ាងច្រើននេះ គឺបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់ទេសជាតិយើង ប្រជាពលរដ្ឋកម្ពុជាគាត់មានជីវភាពកាន់តែល្អប្រសើរមានលទ្ធភាពដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ វាយផ្ទុយស្រឡះពីក្រុមពួកប្រឆាំងដែលលើកឡើងទាំងបំពានថា ប្រជាពលរដ្ឋវេទនាណាស់ និងក្រទៅក្រទៅ»។
លោករដ្ឋមន្រ្តីទេសចរណ៍ បានគូសបញ្ជាក់ថា កត្តាដែលនាំឲ្យពលរដ្ឋដើរលេងកម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់… ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕