គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា

FN៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តឧត្តរមានជ័យ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានលើកឡើង ចំពោះមុខសកម្មជនគណបក្សប្រជាជនជាច្រើនរូបថា «គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសតែមួយគត់ សម្រាប់ប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនមានប្រភពពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន»។ ការលើកឡើងបែបនេះ គឺចំពេលដែលប្រទេសកម្ពុជា កំពុងទទួលបានការកោតសរសើរខ្លាំង ចំពោះការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ។ ក្នុងដំណាក់កាល នៃការលំបាកបែបនេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃគណបក្សប្រជាជនកម្ពុជាតែងតែនៅកៀកក្បែរ ប្រជាពលរដ្ឋ ស្គាល់ទុក្ខធុរៈគ្រប់កាលៈទេសៈទាំងអស់។ លោក ហ៊ុន ម៉ានី បានបន្ថែមប្រកបដោយភាពជឿជាក់ថា «គ្រប់ពេលដែលមានការលំបាក ឬពេលប្រទេសជាតិមានវិបត្តិ មន្ត្រីនៃគណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមាននៅជាមួយប្រជាជនកម្ពុជាជានិច្ច»។ ក្នុងជំនួបនារសៀលនេះ លោក ប៉ែន កុសល្យ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ក៏បានលើកឡើងក្នុងរបាយការណ៍របស់លោកដែលមានខ្លឹមសារថា នៅខេត្តឧត្តរមានជ័យ ឲ្យតែមានការខ្វះខាត មានបញ្ហា តែងតែមានមន្ត្រីគណបក្សប្រជាជនកម្ពុជា មិនថាជនរងគ្រោះមាននិន្នាការទៅខាងណាក៏ដោយ។ ឆ្លៀតក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណដល់មន្ត្រីរាជការ ក្រុមការងារទាំងអស់ ដែលបានចុះជួយប្រជាពលរដ្ឋ…

យុវជនជំនាន់ក្រោយ ត្រូវរក្សាអ្វីដែលអ្នកជំនាន់មុនបន្សល់ទុក និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តែឈរលើមូលដ្ឋានសាមគ្គី និងតម្កល់ប្រយោជន៍ជាតិជាធំ

FN៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តសៀមរាប។ ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជាជំនាន់មុន បានបន្សល់នូវគំរូវីរភាព និងសមិទ្ធផលច្រើនអនេក បន្តទុកឲ្យយុវជនជំនាន់នេះ ដូច្នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ។ បន្ថែមពីនេះ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។ នេះជាអ្វីដែលលោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់។ លោកបន្ដថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ដូចស្តែងឡើងតាមរយៈគំរូវីរភាពក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ការយកអាយុជីវិតធ្វើជាដើមទុន ក្នុងការរំដោះពីការសម្លាប់រង្គាលរបស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាមដើម្បីអនុវត្តនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពពសពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយណាមួយទ្បើយ…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គាំទ្រសំណើរបស់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងការសម្លឹងមើលលទ្ធភាព នៃការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការបន្ថែមទៀត

FN៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មុននឹងអញ្ជើញនិវត្តមកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។ លោកអនុរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូមកកាន់ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ លោកមានភាពជឿជាក់ថា នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ជាពិសេសការជម្រុញអ្នកវិនិយោគជប៉ុនមកកម្ពុជា។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងអរគុណ រដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងតែរក្សាចំណង មិត្តភាព ល្អជាមួយកម្ពុជាជាប់រហូតមក។ លោកក៏បានគាំទ្រចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយក្រុមហ៊ុនតែងបានគោរពច្បាប់ និងអនុវត្តការលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតបានយ៉ាងល្អប្រសើរ។ ក្នុងជំនួបនេះភាគីទាំងពីរ បានព្រមព្រៀង ក្នុងការសិក្សាលើលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃ កិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ដើម្បីបង្កើនឱ្យមានសកម្មភាពទំនាក់ទំនងកាន់តែខ្លាំងក្លាទ្បើង៕