FN៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មុននឹងអញ្ជើញនិវត្តមកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។
លោកអនុរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូមកកាន់ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ លោកមានភាពជឿជាក់ថា នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ជាពិសេសការជម្រុញអ្នកវិនិយោគជប៉ុនមកកម្ពុជា។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងអរគុណ រដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងតែរក្សាចំណង មិត្តភាព ល្អជាមួយកម្ពុជាជាប់រហូតមក។
លោកក៏បានគាំទ្រចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយក្រុមហ៊ុនតែងបានគោរពច្បាប់ និងអនុវត្តការលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតបានយ៉ាងល្អប្រសើរ។ ក្នុងជំនួបនេះភាគីទាំងពីរ បានព្រមព្រៀង ក្នុងការសិក្សាលើលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃ កិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ដើម្បីបង្កើនឱ្យមានសកម្មភាពទំនាក់ទំនងកាន់តែខ្លាំងក្លាទ្បើង៕