សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកស្អាង និងកោះធំ ខេត្តកណ្តាល

… ថ្ងៃនេះ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងម្ចាស់រោងចក្រដែលបានវិនិយោគ ហើយដែលផ្តល់ការអនុញ្ញាតឲ្យកម្មករ/ការិនី នៅក្នុងស្រុកស្អាង ក៏ដូចជាស្រុកកោះធំ បានមកចូលរួមនៅក្នុងពិធីសំណេះសំណាល ហើយបានទទួលការឈប់សម្រាកក្នុងរយៈពេលល្ងាចនេះមួយល្ងាចទៀត។ ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្ត្រី ការជួបកម្មករ/ការិនីនៅតែបន្ត ខ្ញុំពិតជាមានការរីករាយដោយសារថ្ងៃនេះ យើងបន្តនៅក្នុងដំណើរឈានឆ្ពោះទៅជួបកម្មករ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ពិតហើយ សល់ជំនួបប៉ុន្មានលើកទៀតតែប៉ុណ្ណោះ នឹងត្រូវផ្អាកជាបណ្តោះអា​សន្ន នៅក្នុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតចប់ ខ្ញុំនឹងត្រូវបន្តដើរជួបកម្មករនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយអ្វីដែលខ្ញុំបាននិយាយរួចមកហើយនោះ នៅត្រង់ថា ដរាបណាខ្ញុំនៅបន្តជានាយករដ្ឋមន្ត្រីបន្តទៀត ការងារទាក់ទងជាមួយនឹងកម្មករនេះត្រូវបន្តធ្វើមិនចេះចប់។ ដំណាក់កាលសង្គ្រាម វត្តមាននៅតាមខ្សែត្រៀមជួរមុខ ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាទើបឃើញមុខពូមកថ្ងៃនេះ? នោះគឺជាចម្លើយដែលពូធ្លាប់និយាយទៅកាន់កម្មករ/ការិនី នៅទីកន្លែងផ្សេងៗ ជាង ៥០ ម៉ឺននាក់ … ប្រទេសរបស់យើងមានការវិវឌ្ឍដំណើរការពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ (ក្នុង)ស្ថានភាពមិនដូចគ្នាទេ។ ពេលប្រទេសរបស់យើងស្ថិតនៅក្នុងដំណាក់កាលនៃការលិចលង់ទៅក្នុងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ពេលនោះនៅឃើញសល់រូបភាពមួយចំនួន ដែលពូពាក់ឯកសណ្ឋានយោធាក្នុងសមរភូមិប្រយុទ្ធ ហើយនៅក្នុងរយៈ​ពេលនៃការគ្រប់គ្រងអំណាច ក្នុងឋានៈជានាយករដ្ឋមន្ត្រី ពេលនោះ ប្រទេសរបស់យើងមិនទាន់រួចចាកផុតពីសង្គ្រាមនៅឡើយទេ។ គេបានឃើញពូនៅខ្សែត្រៀមជួរមុខជាមួយនឹងកងទ័ព ដើម្បីដោះស្រាយការលំបាករបស់កងទ័ពយើងផង និងដោះស្រាយការលំបាកចំពោះប្រជាជននៅក្នុងតំបន់ប្រយុទ្ធផងដែរ។ ទៅក្រៅប្រទេស ចរចាស្វែងរកដំណោះស្រាយនយោ​បាយស្តីពីបញ្ហាកម្ពុជា បន្ថែមលើនោះ…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ថ្ងៃទី ២)

ជួបសំណេះសំណាលជាមួយនឹងកម្មករ និងអរគុណដល់ម្ចាស់រោងចក្រ ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ ដែលថ្ងៃនេះ ជាថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យរបស់ក្មួយៗ ហើយក៏ឆ្លៀតឱកាសមកជួបជុំគ្នានៅទីនេះ ដែលយើងខ្ចីកន្លែងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះម្សិលមិញនេះ គឺមានការជួបជុំគ្នាសម្រាប់កម្មករ/ការិនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះតែម្ដង។ ថ្ងៃនេះ ក៏មានការអញ្ជើញមកពីកន្លែងផ្សេងៗ ប៉ុន្តែយ៉ាងណាក៏ដោយ ជាមួយនឹងការស្វាគមន៍វត្តមានរបស់ក្មួយៗ ដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ ដូចដែលឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់អម្បាញ់មិញហើយថា ដើម្បីជំនួសអោយការឈប់សម្រាករបស់ក្មួយៗនៅថ្ងៃនេះ គឺនៅថ្ងៃស្អែក ខ្ញុំពិតជាមានការជំពាក់គុណចំពោះម្ចាស់រោងចក្រទាំងឡាយសាជាថ្មីម្ដងទៀត ដោយសារថ្ងៃស្អែកនេះ សូមអោយក្មួយៗបានសម្រាកក្នុងមួយថ្ងៃថែមទៀត ហើយដែលមានប្រាក់បៀវត្ស។ អញ្ចឹងថ្ងៃនេះ មិនបានទៅងូតទឹកសមុទ្រទេ ថ្ងៃស្អែកទៅងូតក៏មិនទាស់ខុសអីដែរ។​ នារីសម័យឥឡូវកម្ពស់ខ្ពស់ៗ … មានរឿងមួយនៅថ្ងៃនេះ ថ្ពាល់របស់ខ្ញុំក្លាយទៅជាថ្នាំព្យាបាលជំងឺ។ មកតាមនេះអម្បាញ់មិ​ញ មានក្មួយមួយថើបប៉ាច់ ហើយមកមុខបន្តិច ដល់មួយទៀតមក (គាត់ថា) បងថើបមួយទៅ ឈឺច្រើនពេក ថើបទៅអោយឆាប់ជា។ អាហ្នឹងរឿងមួយទៅ ប្រហែលជាអញ្ចឹង បើថាថើបទៅជាមែន ថ្ងៃក្រោយដើរអោយគេថើបតែម្ដង ឆាប់ជា។ ប៉ុន្តែ រឿងមួយទៀត ខ្ញុំថា កម្ពស់របស់ខ្ញុំដូចជាខ្ពស់គួរសមដែរ អាមួយនេះ…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ថ្ងៃទី ១)

… (និយាយលេងជាមួយកម្មករ/ការិនី) … ជំនួបធំទី ១ មានអ្នកចូលរួមជាង ២ ម៉ឺននាក់ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនឹងក្មួយៗសាជាថ្មីម្ដងទៀត បន្ទាប់ពីឆ្នាំ ២០១៦ កន្លងទៅ ដែលបានមកកាន់ទីនេះ ដើម្បីបា្ររព្វពិធីទទួលនូវរោងចក្រទី ១០០។ ការជួបជុំនៅថ្ងៃនេះ ក៏សុំបញ្ជាក់មុនបន្តិចថា គម្រោងដើមថា ធ្វើនៅក្នុង ខែឧសភា ឯណោះ គឺចំទិវាពលកម្មអន្តរជាតិ ក៏ប៉ុន្តែក៏បានគិតថា ខែឧសភានៅតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់(ច្រើន)។ ក្រោយមកក៏បានគិតថា នឹងយកថ្ងៃទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ ធ្វើជាថ្ងៃជួបជុំគ្នាជាមួយនឹងកម្មករ/ការិនីនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ប៉ុន្តែក៏បានគិតទៅ​ដល់ការលំបាកជាមួយនឹងមន្រ្តីរាជការរបស់យើង ក្នុងហ្នឹងក៏មានកងអង្គរក្សផងដែរ ដែលក្នុងមួយឆ្នាំគឺមានតែមួយពេលទេ នៃការឆ្លងឆ្នាំ។ ដូច្នេះ ក៏ផ្អាកកម្មវិធីនោះទុកវិញ។ ថ្ងៃនេះ ជួបកម្មករ/ការិនី ដែលមានទំហំធំបំផុតនៅក្នុងពេលវេលា ដែលបានជួបកន្លងទៅ។ យើងជួបត្រឹមតែ ១៥.០០០-១៧.០០០ នាក់ ប៉ុន្តែថ្ងៃនេះ យើងជួបរហូតទៅដល់ជាង ២០.០០០ នាក់ ឯណោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។…