សន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបពិសេស ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន

ដំបូង ខ្ញុំសូមថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តម អាបេ ដែលបានថ្លែងពាក់ព័ន្ធជាមួយជំនួបអម្បាញ់មិញនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលបានមកទស្សនកិច្ចសាជាថ្មីម្តងទៀត  ចំខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយជប៉ុន។ វាសារសំខាន់ខ្លាំងណាស់នៅក្នុងការកសាងនូវទំនាក់ទំ​នង​នេះ តាមរយៈនៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ កាលពីឆ្នាំកន្លងទៅនេះ ខ្ញុំក៏មកទស្សនកិច្ចនៅទីនេះ ហើយថ្ងៃនេះជាថ្មីម្តងទៀត យើងទស្សនកិច្ចដើម្បីពង្រឹងចំណងទាក់ទងរបស់យើងក្នុងភាពជាដៃគូយុទ្ធ​សាស្ត្រ។ ខ្ញុំជាមួយឯកឧត្តម អាបេ បានពិភាក្សាគ្នា​យ៉ាងស៊ីជម្រៅទៅលើទំនាក់ទំនង ក៏ដូចជាបញ្ហាអន្តរជាតិ និងបញ្ហាតំបន់មួយចំនួនទៀត។ ចំណុចទាក់ទងជាមួយនឹងកម្ពុជា ខ្ញុំពិតជាមានការពេញចិត្ត ជាមួយនឹងអ្វីដែលឯកឧត្តម អាបេ បានលើកឡើងទាក់ទងនឹងការអញ្ចើញយុវជន អ្នកដឹកនាំវ័យក្មេងនៃបណ្តាបក្សនយោបាយ ក៏ដូចជាស្ថាប័នយុត្តិធម៌ ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកទស្សនកិច្ចដកពិសោធន៍នៅប្រទេសជប៉ុន។ នេះជាវិធីសាស្ត្រនៃការកសាងលទ្ធិប្រជាធិបតេយ្យសម្រាប់អនាគតវែងឆ្ងាយរបស់កម្ពុជា។ អ្នកនយោបាយចាស់ៗ អាចផុតទៅ ក៏ប៉ុន្តែសម្រាប់អ្នកនយោបាយក្មេងៗ គេអាចកសាង​វប្បធម៌ប្រជាធិបតេយ្យមួយរយៈពេលយូរ ហើយមានសុខដុមរមនាជាមួយគ្នាផងថែមទៀត។ នៅក្នុងពេលចរចា ខ្ញុំក៏បានស្នើសុំឯកឧត្តម អាបេ ដើម្បីបន្តការជួយគាំទ្រទៅដល់ការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ព្រោះការបោះឆ្នោតនៅកម្ពុជា មិនមែនគ្រាន់តែធ្វើ ដូចរយៈពេលបញ្ចប់នៅឆ្នាំ ២០១៨ ទេ យើងត្រូវធ្វើតាមការកំណត់តទៅទៀត។ ដូចជាពេលបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលក្នុងមួយឆ្នាំៗ ត្រូវធ្វើមួយដង។ នោះហើយដែលជាលទ្ធផលសម្រាប់ឈានទៅ​រកដំណើរការប្រជាធិបតេយ្យជាបន្តទៀតរបស់យើង។ នៅថ្ងៃស្អែក នឹងមានការប្រជុំរវាងជប៉ុនជាមួយមេគង្គ។ ខ្ញុំគិតថា ប្រហែលជាលើកដំបូង ដែលបណ្តា​​ប្រ​ទេសមេគង្គស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាក់ទងនឹងតំបន់ប៉ាស៊ីហ្វិកសេរី…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា និងរស់នៅប្រទេសជប៉ុន

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី អ្នកនាងកញ្ញា! វឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ត្រូវបានលើកកម្រិតបន្តិចម្តងៗ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនិស្សិតរបស់ យើងសារជាថ្មីម្តងទៀត។ ប្រហែលជាមួយចំនួនសារជាថ្មី ព្រោះដោយសារកាលពីឆ្នាំ ២០១៦ ក៏មានការជួបជុំនិស្សិតរបស់យើងដែលរៀនសូត្រនៅទីនេះផងដែរ។ ឥឡូវ(ឆ្នាំ) ២០១៨ អញ្ចឹងអាចមាននិស្សិតមួយចំនួន ដែលមិនទាន់បញ្ចប់ការសិក្សាប្រ​ហែលជាមកជួបសាជាថ្មីម្តងទៀត ឯនិស្សិតមួយចំនួនក៏ទើបនឹងមកសិក្សាថ្មី។ អ្វីដែលពិសេសនោះនៅត្រង់ថា នេះហើយជាវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលយើងបានសង្កេតឃើញអំពីនិស្សិតជាទាហានរបស់យើង។ អញ្ចឹងបានយើងមើលឃើញអំពី បញ្ហាពាក់ព័ន្ធទៅលើបញ្ហាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងកម្ពុជា-ជប៉ុន ត្រូវបានលើកកម្រិតបន្តិចម្តងៗ ពីទំនាក់ទំនងធម្មតា ឡើងបន្តិចម្តងៗរហូតទៅដល់ប្រកាសភាពជាដៃគូយុទ្ធសាស្រ្ត ដូចជាឆ្នាំ ២០១៣។ ហ្នឹងហើយដែលហៅថា ការលើកកម្រិតនៃទំនាក់ទំនង ដែលមុនយើងមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌ ប៉ុន្តែ យើងអត់មានវិស័យសន្តិសុខ និងការពារជាតិទេ។ ឥឡូវនេះ យើងបានឃើញនៅទីនេះ គឺជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ នៃការលើកកម្រិតទំនាក់ទំនងរវាងកម្ពុជា ជាមួយជប៉ុន។ គំនិតផ្តួចផ្តើមត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ផ្តើមពីនយោបាយការបរទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលយើងបានធ្វើជាមួយដៃគូ ក្នុងហ្នឹងដៃគូជា​មួយជប៉ុននេះ…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិក និងពលរដ្ឋខ្មែរមកពីប្រទេសកាណាដា

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ! បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹក! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជួបជាមួយបងប្អូនទាំងអស់ ដែលបានធ្វើដំណើរពីចម្ងាយ នៅក្នុងក្របខណ្ឌសហរដ្ឋអាមេរិកក្ដី និងមកពីកាណាដាក្ដី។ អ្នកថា អាមេរិកមិនឲ្យ ហ៊ុន សែន ជាន់ដី ព្យួរអាសនៈនៅ អសប សូមបកស្រាយប្រាប់អ្នកគាំទ្រ ខ្ញុំកំពុងសួរខ្លួនឯងថា តើខ្ញុំកំពុងសិ្ថតនៅលើទឹកដីអាមេរិក ឬនៅទីណា? ច្បាស់ជាទឹកដីអាមេរិក។ នេះមិនមែនជាការចាក់ដោត ឬការឆ្លើយតបតាមបែបបញ្ឈឺចិត្តទេ។ ក៏ប៉ុន្តែ ខ្ញុំគួរតែត្រូវបាននិយាយបន្ដិច ដើម្បីយើងបើកចំ​ហនៃទស្សនៈ ការយល់ឃើញ ឬក៏របៀបបោកប្រាស់ខ្លះ​ ដែលធ្វើឲ្យមនុស្សមួយចំនួនភ័ន្តច្រឡំ។ ឧទាហរណ៍៖ ម្សិលមិញ នៅពេលដែលខ្ញុំជួបនាយករដ្ឋមន្រ្តីប៊ុលហ្គារីរួចហើយ ខ្ញុំចូលទៅកាន់អាសនៈរបស់កម្ពុជា។ ពេលនោះ ខ្ញុំវាយភា្លមៗ ដើម្បី post ចេញពីកណ្ដាលអង្គការសហប្រជាជាតិ តាមហ្វេសប៊ុករបស់ខ្ញុំ។ គ្រាន់តែបានទទួលដំណឹងថា ខ្ញុំមកកាន់ទឹកដីអាមេរិក មានអ្នកឃោសនាថា អាមេរិកមិនឲ្យជាន់ដីគេទេ។ អញ្ចឹង​ឥឡូវនេះ ខ្ញុំកំពុងនៅលើទឹកដីអាមេរិក តើអ្នកបកស្រាយថាម៉េចវិញ? សូមអ្នកដែលធ្វើអត្ថាធិប្បាយរឿងនេះ ចេញម​កបកស្រាយ ពន្យល់ចំពោះអ្នកគាំទ្រខ្លួន។ មិនចាំបាច់ពន្យល់ដល់អ្នកគាំទ្ររាជរដ្ឋាភិបាល គាំទ្រ…