សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបើកសន្និសីទថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»

ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ ឯកឧត្តម ប្រធានវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ លោក លោកស្រី អ្នកនាងកញ្ញា និងអង្គសន្និសីទ ទាំងមូល ជាទីមេត្រី ! ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពីធីបើកសន្និសីទ ថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាឱកាសនេះ។ នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដើម្បីលើកកម្ពស់ការងារវិស័យសុខាភិបាលនៅក្នុងកម្រិតតំបន់។ អង្គសន្និសីទនេះបានផ្តល់ឱកាសឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រសួងសុខាភិបាលកម្ពុជា រួមទាំងប្រទេសជាសមាជិកក្នុងតំបន់ រួមមានប្រទេសចិន ភូមា ថៃ ឡាវ និងវៀតណាម ព្រមទាំងដៃគូនានា ដូចជាវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ តំណាងអង្គការសុខភាពពិភពលោក តំណាងយូនីតៃដ និងតំណាងនគរបាលអន្តរជាតិប្រចាំតំបន់ បានរួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាពដែលជាបញ្ហាសកល ហើយកំពុងកើតមានក្នុងតំបន់ និងក្នុងមហាអនុតំបន់មេគង្គ។ ជាការពិត ឱសថត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយនៃប្រព័ន្ធការពារ និងព្យាបាលសុខភាពប្រជាជនដែលមិនឤចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែវត្តមានឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ។ ក្នុងនោះផលិតផលឱសថមួយចំនួនកំពុងធ្វើឤជីវកម្មតាមប្រព័ន្ធអនឡាញ…

សេចក្ដីដកស្រង់ប្រសាសន៍ ជួបថ្នាក់ដឹកនាំគណបក្សនយោបាយ និងពិសារបាយសាមគ្គី

ដំបូង ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការថ្លែងអំណរគុណចំពោះសម្តេច អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ​ ដែលបានអញ្ជើញតាមការអញ្ជើញរបស់ខ្ញុំ មកចូលរួមពិគ្រោះយោបល់នៅថ្ងៃនេះ។ ទុកបញ្ហាប្រកួតប្រជែងមួយអន្លើ មករួមគ្នាកសាងប្រទេស នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយ ដែលបង្ហាញឲ្យឃើញថា បន្ទាប់ពីការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីដណ្តើមនូវ​សមានចិត្តរបស់ប្រជាពលរដ្ឋ យើងទុកបញ្ហានោះមួយអន្លើ ហើយចាប់ផ្តើមរៀបចំនូវកិច្ចដំ ណើរការតាមរបៀបមួយ ដែលយើងអាចចូលរួមជាមួយគ្នាក្នុងការកសាងប្រទេសរបស់យើង។ វាមិនយូរប៉ុន្មានទេ នៅដើមឆ្នាំ ២០២២ ដែលនឹងត្រូវធ្វើការបោះឆ្នោតនៅថ្នាក់ឃុំ ហើយឆ្នាំ ២០២៣ ដែលនឹងត្រូវធ្វើការបោះឆ្នោតថ្នាក់ជាតិសាជាថ្មីម្តងទៀត។ ក៏ប៉ុន្តែ ខ្ញុំគិតថា វាជាវិធីល្អមួយប្រសិនបើមានការចូលរួមកាន់តែច្រើន សំដៅកសាងប្រទេសរបស់យើង ដោយមិនរង់ចាំថា យុទ្ធនាការបោះឆ្នោតបានមកដល់ ទើបយើងចាប់ផ្តើម ហើយទុកឲ្យគណបក្សកាន់រដ្ឋាភិបាលធ្វើការតែឯងនោះ។ ទោះបីមានលើសពី ១ គណបក្សនយោបាយក្នុងសភា ក៏នឹងមានការរៀបចំវេទិកាពិគ្រោះយោបល់ ការចូលរួមពីបណ្តាបក្សនយោបាយពិតជាមានសារសំខាន់សម្រាប់ជួយទៅដល់កិច្ចអភិវឌ្ឍន៍ប្រទេស។ ក្នុងន័យនេះ ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជូនសម្តេច អង្គម្ចាស់ ឯកឧត្តម លោកជំទាវ ថា បើសិនជាសភាលើកនេះ មាន ៤ ឬ ៥ គណបក្ស(វិញ)ក៏ដោយ វេទិកាបែបនេះ កិច្ចពិគ្រោះយោបល់បែបនេះ ក៏ខ្ញុំនៅតែធ្វើ។ មូលហេតុអ្វីទៅ? យើងធ្លាប់បានការចូលរួមបោះឆ្នោតរាប់សិបគណបក្ស…

សុន្ទរកថា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ » របស់ក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១ ថ្ងៃកន្លះ កន្លងទៅនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតមៃ្លខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៃក្រសួងមហាផ្ទៃ ដែលបានខិតខំរួមគ្នាបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ។ ពាក់ព័ន្ធកិច្ចការក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ខ្ញុំបានធ្វើការកត់សម្គាល់នូវសមទិ្ធផលសំខាន់ៗមួយចំនួនរួមមាន៖ ១. ស្របពេលដែលបរិការណ៍ពិភពលោក ទាំងក្នុងទិដ្ឋភាព ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច សង្គម ជាពិ​សេសស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍប្រែប្រួលកាន់តែស្មុគស្មាញ ដែលផ្តើមដោយការរីករាលដាលនៃអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាឤវុធនុយក្លេអ៊ែរ ជម្លោះប្រដាប់ឤវុធ កំណើននៃជនភៀសខ្លួន និងបញ្ហាប្រឈមនានាជាច្រើនទៀត ក៏កម្ពុជាយើងនៅតែរក្សាការពារបាននូវសន្តិសុខជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមទាំងមូលយ៉ាងល្អប្រសើរ។ ២. ទន្ទឹមនេះ យើងបានខិតខំរួមគ្នាបន្តរក្សាការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពារស្ថាប័ននានារបស់ជាតិ…