ការចាំបាច់ ៥ នៃការរុះរើគណរដ្ឋមន្ត្រី

ថ្ងៃ ៤ មេសា ២០១៦ សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់រដ្ឋសភាថា ការរុះរើគណៈ រដ្ឋមន្រ្តី ធ្វើឡើងដោយអនុលោមតាមការចាំបាច់ចំនួនប្រាំ ដូចជា (១) ការបញ្ចប់ ឬផ្លាស់ប្តូរមុខងារសមាជិកមួយចំនួន នៃរាជរដ្ឋាភិបាល ស្រមតាមសំណូមពររបស់សាមីឥស្សរជន, (២) ការផ្តល់មុខងារ និងភារកិច្ច​បន្ថែមដល់​សមាជិកមួយចំនួននៃរាជរដ្ឋាភិបាល, (៣) ការកែសម្រួល និងប្តូរសមាជិកមួយចំនួននៃរាជរដ្ឋាភិបាល ឲ្យទៅទទួលបន្ទុកការងារនៅក្រសួងស្ថាប័ន ដែលស័ក្តិសមនឹងបទពិសោធន៍ការងាររបស់សាមីឥស្សរជន​នីមួយៗ, (៤) ការប្រមូលរក្សា និងប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាព​នូវធនធាន​បញ្ញាញាណរបស់មន្រ្តីសំខាន់ៗមួយចំនួន ដែលមានបទពិសោធន៍ការងារយូរឆ្នាំ និងមានសុខភាពល្អមាំមួន, និង (៥) ការប្រគល់តំណែង និងភារកិច្ចដល់មន្រ្តីវ័យក្មេងមួយដែលមានសមត្ថភាពខ្ពស់ និងមាន​គុណ​វឌ្ឍល្អស័ក្តិសម។ សម្តេចតេជោ ជំរាបអង្គសភាថា បើទោះបីថា (មន្ត្រីចូលកាន់តំណែង)មុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារថ្មី(របស់ពួកគាត់) នឹងធ្វើអោយមានការផ្លាស់ប្តូរ, មិនចាំបាច់ទាល់តែមុខថ្មី ទើបហៅថា ការផ្លាស់ប្តូរនោះទេ៕

ការដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតក្រសួងអប់រំយុវជន និងកីឡា

បង្វិលឈើដែលចាប់បាន ឲ្យទៅក្រសួងអប់រំ ប្រើប្រាស់ក្នុងវិស័យអប់រំ … ខ្ញុំចង់យក​ឱកាស​នេះ ដើម្បីនិយាយបញ្ហាមួយចំនួន។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បាន​លើក​ឡើង​អំពីបញ្ហាប្រឈម ៣ ហើយក៏បានផ្ញើមកឲ្យខ្ញុំ។ ខ្ញុំចង់ឆ្លើយតបនៅទីនេះតែម្តង ហើយយកកន្លែងនេះ ធ្វើ​ជា​កន្លែងប្រកាសចេញចំណុចខ្លះ ដែលមិនធ្លាប់មានពីមុន។ ទី ១ ទាក់ទងនឹងបញ្ហាខ្វះសាលា ហើយចង់ឲ្យ​មាន​​បញ្ហាទាក់ទិននឹងសាលា​ឈើ។ ឥឡូវនេះ ធ្វើសាលាឈើ សាលាថ្ម ឬសាលាអី អាហ្នឹងរឿងមួយ រឿងធំ​ជាង​គេ ខ្ញុំសុំ​ប្រគល់ជូនឈើទាំងអស់ ដែលរឹបអូសបានពីការកាប់មិនស្របច្បាប់ ជូនក្រសួងអប់រំ យុវជន និង​កី​ឡា។​ មុន​មកនេះ ខ្ញុំបានទូរស័ព្ទសួរនាយឧត្តមសេនីយ សៅ សុខា តើឈើមានប៉ុន្មានឥឡូវហ្នឹង ឈើដែល​យើង​ឲ្យយុទ្ធ​នាការប៉ុន្មានខែនេះ? ថាមានប្រហែលជា ៣-៤ ម៉ឺនម៉ែត្រគូប។ បើអញ្ចឹង សូមឯកឧត្តម ហង់ ជួន​ណារ៉ុន ចាត់ចែងទៅ ចង់យកទៅធ្វើសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើទ្វារបង្អួចសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើតុ ធ្វើ​កៅ​​អី ក៏ធ្វើទៅ ចង់យកទៅធ្វើផ្ទះគ្រូ ក៏យកទៅ…

សង្កថា សម្តេចតេជោ ហ៊ុន សែន «ពិធីសម្ពោធវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័ន្តជំនីក និងស្ពានបេតុងប្រវែង ១៨០ ម៉ែត្រ»

សង់សាលា មិនមែនដោយសារធ្លាប់ជាសាលាដែលភរិយារៀននោះទេ … ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជារីករាយណាស់។ ទីនេះ គឺជាទីដែលភរិយារបស់ខ្ញុំព្រះ​ករុណាខ្ញុំ បាន​រៀន​កាល​វ័យកុមារ។ អម្បាញ់មិញ ក៏បានជួបជាមួយអ្នកដែលបានរៀនជាមួយ ប៉ុន្តែ សូម​បញ្ជាក់ថា មិនមែនដោយ​សារ​ហេតុផលដែលភរិយាខ្ញុំព្រះករុណាខ្ញុំធ្លាប់រៀននៅទីនេះ ទើបយើងធ្វើសាលានោះ​ទេ។ បើទោះបីថាគាត់​មិន​រៀន​នៅទីនេះ ក៏នៅតែធ្វើសាលានេះដែរ។ … សាលា​អម្ពវ័ន្តនេះ យើងបានធ្វើជាដំណាក់ៗ តាំងពីឆ្នាំ ១៩៩៦ ក៏​មាន​ការសាងសង់ ឆ្នាំ ២០០០ ក៏មានការសាងសង់ ក្រោយមកសំណង់យើងធ្វើនោះ​វាអន់​ពេក សិស្សរៀន​មិន​បាន។ … (កាលបាន)មកដេកពេទ្យនៅរកាខ្នុរនេះ ក៏ជួបគេ(លោកជំ​ទាវ) កាលនោះ មានទាន់បានការ​ជាមួយ​គ្នា​ឯណា គ្រាន់តែទៅដេកផ្ទះរបស់គេហ្នឹង ទៅជួបឪពុកម្តាយរបស់​គេនោះ ស្រាប់តែត្រឡប់ទៅវិញភ្លៀងខ្លាំង ដល់ទៅភ្លៀងខ្លាំង។ គេប្រាប់ថាបឹងធំក្រោយរកាខ្នុរមានត្រី។ អញ្ចឹងក៏ទៅចាប់ត្រី បានត្រីផ្ទក់ ត្រីរ៉ស់ ត្រី​អណ្តែង … អញ្ចឹងបានជាមានចម្រៀងមួយបទ។ សង្ឃឹមថា ថ្ងៃនេះវិទ្យុ​បាយ័ននឹងចាក់ផ្សាយបទបឹងធំជំរំស្នេហ៍។ ពេល​ខ្ញុំព្រះករុណាខ្ញុំមកលែងកូន​ត្រី ដូចជាកាលហ្នឹងថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១២ ខ្ញុំព្រះករុណាខ្ញុំ ក៏ឲ្យឯកឧត្តម…