FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខណ្ឌដូនពេញ (នៅជាប់សាលារាជធានីភ្នំពេញ)។
អគារទីស្តីការក្រសួងប្រៃសណីយ៍ ដែលជាអគារស្រស់ស្អាតប្លែកភ្នែកមួយ ត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមានជាង៧.៦លានដុល្លារអាមេរិក។ ចំពោះអគារ A ខាងមុខ មានកម្ពស់៤ជាន់, អគារ B មានកម្ពស់ ៥ជាន់, អគារ C មានកំពស់៤ជាន់៕
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដីទីតាំងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ថ្មី ប្រសិនបើសម្តេចមិនម៉ឹងម៉ាត់ទេ មិនអាចរក្សាបាននោះទេ ព្រោះមានក្រុមហ៊ុនជាច្រើន បានព្យាយាមទិញយកដីនេះ តែសម្តេចមិនព្រម ព្រោះរក្សាទុកសម្រាប់ធ្វើអគាររបស់រដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរ ចំពោះការរីកចម្រើន និងការវិវឌ្ឍន៍ជាបន្តបន្ទាប់លើវិស័យប្រៃសនីយ៍ និងទូរគមនាគមន៍នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមោទនាភាពលើការដឹកនាំរបស់សម្តេច តាមរយៈការដាក់ចេញទស្សនៈវិស័យថា កម្ពុជា មិនមែនជាធុងសំរាមសម្រាប់ការបោះចោល នៃបច្ចេកវិទ្យាហួសសម័យនោះទេ។ បើតាមសម្តេចតេជោ ហ៊ុន សែន ព្រោះតែការដាក់ចេញទស្សនវិស័យនេះ បានធ្វើឲ្យបច្ចេកវិទ្យានៅកម្ពុជា មានការវិវឌ្ឍន៍ជាបន្តបន្ទាប់។
* សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកឧកញ៉ាគិតម៉េង ពិចារណាចាប់ដៃជាមួយក្រុមហ៊ុនបរទេសបាញ់បង្ហោះផ្កាយរណប នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថា បើមានការបាញ់បង្ហោះផ្កាយរណបដោយខ្លួនឯង គឺអត់ខាតនោះទេ ព្រោះទូគមនាគមន៍កម្ពុជា ព្រមទាំងស្ថានីយទូរទស្សន៍នានា នឹងទិញសេវានេះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការតែងតាំងមន្រ្តីត្រូវទាមទារឲ្យចេះប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងបច្ចេកវិទ្យាមួយចំនួនជាមុនសិន ប្រសិនបើមិនចេះទេ ត្រូវតែរៀនឲ្យចេះសិន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះការរីកចម្រើនលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផងដែរ។ សម្តេចគូសបញ្ជាក់ថា តាមរយៈការរីកចម្រើននេះ បានឲ្យទំព័រហ្វេសប៊ុករបស់សម្តេច និងសារព័ត៌មាន Fresh News អាចផ្សព្វផ្សាយបានភ្លាមៗនូវកម្មវិធី ក៏ដូចជាប្រសាសន៍របស់សម្តេចនៅក្នុងវេទិកានានា ដោយមិនរង់ចាំយូរ ហើយអាចឲ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងលើពិភពលោកអាចទស្សនាបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការជឿជាក់លើប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្រុមយុវជនថា មានការរីកចម្រើន និងមានចំណេះដឹងខ្ពស់លើបច្ចេកវិទ្យា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យមានការពង្រឹងបន្ថែមទៀតទៅលើប្រព័ន្ធបច្ចេកវិទ្យា ដោយមិនអាចបណ្តែតបណ្តោយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញមោទនភាពផងដែរ ចំពោះការរីកចម្រើនលើប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញអ៉ីនធើណេត ខណៈដែលប្រទេសមួយចំនួនពេលសម្តេចអញ្ជើញ បំពេញទស្សនកិច្ចរកអ៉ីនធើណេតធ្វើការមិនបាន។
* អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ខ្សែកាប្លិ៍អ៊ុបទិចបង្កប់ក្រោមបាតសមុទ្រ នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
* សម្តេចតេជោ ហ៊ុន សែន ថា ការចរចា និងពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពិន លោក រ៉ូឌ្រីហ្គោ ឌុយតឺតេ ទទួលបានលទ្ធផលល្អ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចបានស្នើឲ្យលោក ប៉ាក់គីអាវ មកទស្សនកិច្ចនៅកម្ពុជាម្តងទៀត ហើយឲ្យលោកជួយផ្សព្វផ្សាយ និងធ្វើជាសារអប់រំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសារអប់រំពីសុវត្ថិភាពចរាចរណ៍នៅកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ការរីកចម្រើន នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា ក៏ជាការចូលរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិផងដែរ អាស្រ័យលើអ្នកប្រើប្រាស់ចេះប្រើ ដើម្បីទាញយកប្រយោជន៍។
* ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារថ្មី នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរ ឲ្យបានជួបតែសេចក្តីសុខ នៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០១៧ខាងមុខនេះ។