សម្តេចតេជោ ហ៊ុន សែន៖ ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា

FN ៖ ប្រតិកម្មឆ្លើយតបភ្លាមៗពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះបានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។ ប្រសាសន៍ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ…

សម្តេចតេជោ ហ៊ុន សែន ប្រាប់ពីមូលហេតុដែលសម្តេច «គ្រេចស្មា»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានទម្លាយនូវអាថ៌កំបាំងដែលធ្វើឲ្យសម្តេចគ្រេចស្មា ហើយត្រូវចេញទៅពិនិត្យ និងព្យាបាលនៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗកន្លងមកនេះ។ បន្ទាប់ពីលាក់ទុកអស់ជាច្រើនថ្ងៃរួចមកនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចទម្លាយចេញនូវមូលហេតុដែលបណ្តាលឲ្យសម្តេចតេជោគ្រេចស្មា គឺដោយសារដួលកង់លើស្មៅ ក៏គ្រេចស្មាតែម្តងទៅ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់មនុស្សវ័យចំណាស់ដែលមានអាយុលើសពី៥០ឆ្នាំ សូមកុំជ្រើសរើសយកកីឡាជិះកង់ ព្រោះអាចនាំមកនូវគ្រោះថ្នាក់ ឬឈឺខ្លួនប្រាណដូចសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «មានបងប្អូនយើងមួយចំនួនមានការងឿងឆ្ងល់ថា ហេតុអ្វីបានខ្ញុំគ្រេចស្មា? ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំ រពឹស។ មកពីហ្សឺណែវ ប្រទេសស្វីសនៅព្រឹកថ្ងៃសៅរ៍ ត្រៀមទៅវាយកូនគោលនៅព្រឹកថ្ងៃអាទិត្យ។ ក្រោកពីសម្រាកថ្ងៃរសៀល នឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាត មានទាំងមួកសុវត្តិភាពផង។ ជិះកង់បានប្រហែល៥០នាទី ដល់ពេលត្រូវឈប់ព្រោះបែកញើសខ្លាំងហើយ ពេលកង់ស្ទើរតែអស់ល្បឿនបែរជាកង់ដួលទៅលើស្មៅធ្វើឱ្យ ខ្ញុំគ្រេចស្មាខាងស្តាំ។ សុំបញ្ជាក់ថាកង់ដែលខ្ញុំជិះនេះ ជាប្រភេទកង់ប្រណាំងដែលទើបទិញមក សម្រាប់ការហាត់របស់ខ្ញុំ…

សម្តេចតេជោ ហ៊ុន សែន៖ គណនី Facebook ប្រឌិតព័ត៌មានអាក្រក់ពីស្ថានភាពសុខភាពនាយករដ្ឋមន្ត្រី ជាបទល្មើសព្រហ្មទណ្ឌ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា គណនី Facebook ទាំងឡាយណាដែលប្រឌិតព័ត៌មានអាក្រក់លើស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីនៅក្នុងតំណែងនាំឱ្យមានការជ្រួលច្របល់មតិសាធារណៈប៉ះពាល់ដល់សន្តិសុខជាតិ គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។ ជាការកត់សម្គាល់ការដាក់ចេញវិធានការច្បាប់ចំពោះជនបំភ្លៃព័ត៌មានពាក់ព័ន្ធសុខភាពរបស់នាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងបន្ទាប់ពីមានជនទុច្ចរិតមួយចំនួននៅលើបណ្តាញសង្គម Facebook តែងតែបង្ហោះព័ត៌មានប្រឌិត និងប្រមាថមកលើអាយុជីវិតរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅនេះ គ្រាន់តែសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចេញទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី មានក្រុមជនទុច្ចរិតលើបណ្តាញសង្គមបង្ហោះព័ត៌មានបំភ្លៃការពិតជាច្រើនពាក់ព័ន្ធសុខភាពរបស់សម្តេច។ ការបង្ហោះសារប្រឌិតរបស់ក្រុមជនទុច្ចរិតនេះ ត្រូវបានគេចាត់ទុកជាការប្រមាថដល់អាយុជីវិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវបានមើលឃើញថា មានចេតនាបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសផងដែរ៕