សេចក្ដីដកស្រង់ សារជាសម្លេង ស្តីពីការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ និងការប្រុងប្រៀបវិធានការបង្ការការឆ្លងចូលសហគមន៍នៅកម្ពុជា
ព្រះករុណាខ្ញុំសូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ, បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់, ថ្ងៃនេះគឺ ខ្ញុំព្រះករុណាខ្ញុំមានសារបន្ទាន់សម្រាប់ប្រគេនជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាក់ទងនឹងការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រថៃ ដែលគិតមកដល់ពេលនេះ គឺមានចំនួន ៥៧៦ នាក់ តែក្នុងរយៈពេល ១ ថ្ងៃ ហើយនៅក្នុងតំបន់មួយ។ សភាពការណ៍ នៅប្រទេសថៃនេះមិនជាធ្ងន់ធ្ងរទេ បើប្រៀបធៀបទៅនឹងប្រជាជនដែលមានរហូតទៅដល់ជាង ៦០ លាននាក់ ប៉ុន្តែហេតុការណ៍នេះបានមកកើតជាបញ្ហាចិត្តសាស្ត្រ បង្កការភ័យខ្លាចដល់កម្មករ ជាពិសេសដល់គ្រួសារកម្មករ/ការិនីយើង ដែលកំពុងធ្វើការនៅប្រទេសថៃ។ សូមបងប្អូនកម្មករ/ការិនី ការពារខ្លួននៅនឹងកន្លែង ទុកចិត្តលើការដោះស្រាយនៃរាជរដ្ឋាភិបាលថៃ ក្នុងសភាពការណ៍បែបនេះខ្ញុំព្រះករុណាខ្ញុំសូមធ្វើការអំពាវនាវចំពោះបងប្អូនកម្មករ/ការិនី ដែលកំពុងធ្វើការក្នុងប្រទេសថៃ សូមទុកចិត្តចំពោះរាជរដ្ឋាភិបាលថៃ ដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះ។ រឿងនេះគឺព្រះរាជាណាចក្រថៃ ក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងសភាពការណ៍កាលពីពេលមុន ដែលមកដល់ពេលនេះគឺប្រទេសថៃទើបតែមានមនុស្សឆ្លង ៤៩០៧ នាក់ ហើយអ្នកស្លាប់មានត្រឹមតែ ៦០ នាក់តែប៉ុណ្ណោះ ដែលអាចចាត់ថាជាប្រទេសដែលគ្រប់គ្រងបានល្អ។ សង្ឃឹមថា បងប្អូនកម្មករ/ការិនីរបស់យើង ដែលធ្វើការក្នុងប្រទេសថៃ ជឿទុកចិត្តលើសមត្ថភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃ របស់សមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលធ្វើការនៅទីនោះ។ (បងប្អូន)មិនគួររត់ចាកចេញពីប្រទេសថៃក្នុងពេលដែលថៃមានការលំបាក ដូចដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយហើយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ ដូច្នេះ យើងគួរតែស្ថិតនៅទីនោះ ម្ខាងគឺដើម្បីការពារខ្លួននៅនឹងកន្លែង ដោយមានការការពារជាចាំបាច់ពីសំណាក់រាជរដ្ឋាភិបាលថៃ ផ្តល់នូវលទ្ធភាពក្នុងការការពារខ្លួន និងមួយផ្នែកទៀតចៀសវាងនូវការវិលត្រឡប់…