ប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានក្រោយពិធីបិទកិច្ចប្រជុំ CLMV លើកទី៩
នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ បន្ទាប់ពីពិធីបិទនៃកិច្ចប្រជុំ CLMV រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ CLMV និងផែនការសកម្មភាពសំខាន់ៗ។ ថ្លែងទៅកាន់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ ដោយបានធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី ៩ នេះ ហើយកិច្ចប្រជុំនេះ គឺទទួលបាននូវភាពជោគជ័យ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា” ។ សម្តេចតេជោបន្តថា នេះគឺជាលើកទីមួយហើយដែលកិច្ចប្រជុំ CLMV ត្រូវបានរៀបចំឡើងដោយប្រទេសថៃ និងដឹកនាំដោយកម្ពុជា។ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃសម្រាប់ការសម្របសម្រួលក្នុងកិច្ចប្រជុំនេះ។ ក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅ បន្ទាប់ពីការបង្កើត CLMV ប្រទេស CLMV បានទទួលនូវវឌ្ឍនភាពជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ…