ការដកស្រង់សេចក្តីអធិប្បាយក្នុងសង្កថា ជួបប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍
ខ្ញុំសុំអរគុណលោក គិនីសិ កូម៉ាសាតា ដែលបានធ្វើការចាប់អារម្មណ៍អម្បាញ់មិញនេះ។ អម្បាញ់មិញលោកក៏បាននិយាយថា កាលពីឆ្នាំ ២០០០ លោកក៏បានមកទីនេះកាលពី ១៧ ឆ្នាំមុន ហើយមិនបានជួបខ្ញុំ ប៉ុន្តែ ថ្ងៃនេះ យើងមានឱកាសបានជួបជុំគ្នា។ យ៉ាងណាក៏ដោយ កាលពីពេលមុន គឺយើងមានអាយុតិចជាងនេះ ១៧ ឆ្នាំ។ តែអាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ យើងសុទ្ធតែនៅជាអ្នកដែលអាចធ្វើការជាមួយគ្នាបាន។ ជាថ្មីម្ដងទៀត អនុញ្ញាតអោយខ្ញុំសម្ដែងនូវការស្វាគមន៍ ចំពោះអ្នកទាំងអស់គ្នាដែលបានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលជាមួយគ្នា ខ្ញុំមិនភ្លេចការថ្លែងទៅកាន់យុវជនសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួបប្រទះនូវគ្រោះមហន្ដរាយដ៏ធំមួយ ដែលបានផ្ដាច់ជីវិតមនុស្សប្រមាណជិត ១០០ នាក់ ហើយកំពុងបាត់ខ្លួននូវមនុស្សមួយចំនួនទៀត ព្រោះនៅពេលដែលប្រទេសមួយនេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចការដ៏ធំ នៃការប្រជុំ APEC និងបូកបន្ថែមដោយមានការប្រជុំកិច្ចសន្ទនា រវាង APEC និងអាស៊ានជាលើកដំបូង។ មុនការចាកចេញពីព្រះរាជាណាចក្រកម្ពុជា យុវជនកម្ពុជា ២៩ រូប ត្រូវបានទទួលដោយខ្ញុំ។ តាមធម្មតាយុវជនកម្ពុជាទាំងអស់ ចាប់តាំងពីដំណើរផ្លូវការរបស់ខ្លួននៅឆ្នាំ ២០០០ ខ្ញុំបានទទួលពួកគេ និងផ្ដល់ឱកាសអោយពួកគេបានចូលជួប ហើយនិងផ្ដាំផ្ញើពួកគេជាមួយនឹងកិច្ចការទាំងឡាយដែលពួកគេគប្បីធ្វើ។ ឥឡូវនេះ យុវជនកម្ពុជាមានប្រមាណជា ៥០០ នាក់ រួចទៅហើយ ហើយគេក៏បានបង្កើតនូវសមាគមយុវជននាវាអាស៊ានជប៉ុនមួយ។…