សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រ សាលាភូមិន្ទរដ្ឋបាល

• […] ភាពឆ្មើងមិនត្រូវទទួលបានការស្វាគមន៍ណាមួយពីសំណាក់ប្រជាជនទេ។ ប៉ុន្តែ នៅពេលដែលមានភាពទន់ភ្លន់ ឱនលំទោនចំពោះប្រជាពលរដ្ឋ យើងបានទទួលនូវការសណ្ដោស និងការស្រលាញ់រាប់អានពីប្រជាពលរដ្ឋ សមតាមពាក្យមួយឃ្លាថា “ពេលនៅឱ្យប្រជាជនស្រលាញ់ ចេញទៅឱ្យប្រជាជននឹក” […]

• […] ប្រសិនបើសង្វាក់ផលិតកម្មរបស់យើង(ទទួលការ)ផ្គត់ផ្គង់មិនទាន់ពេលនូវវត្ថុធាតុដើមពីប្រទេសចិន ដែលកំពុងតែរាតត្បាតដោយជំងឺ Covid-19 ហើយបើសិនជារោងចក្រត្រូវព្យួរការងារ គេ(កម្មករ/ការនី)នឹងទទួលបានប្រាក់ ៦០% នៃបៀវត្សរ៍អប្បបរមា ដោយនិយោជក ដោយថៅកែរោងចក្រផ្ដល់ ៤០% និងរាជរដ្ឋាភិបាលផ្ដល់ ២០%។ ប៉ុន្តែ ក្នុងករណីដែលរោងចក្របិទតែម្ដង រាជរដ្ឋាភិបាលនឹងផ្ដល់ប្រាក់បៀវត្សឱ្យគេចំនួន ៦ ខែ ក្នុងមួយខែ ១២០ ដុល្លារ។ ប៉ុន្តែ ៤ ខែ ត្រូវតែយកទៅបណ្ដុះបណ្ដាល ដោយទទួលបានប្រាក់បៀវត្ស ១២០ ដុល្លារ/ខែ (រយៈពេលបួនខែ) នៅសល់ ២ ខែទៀត សម្រាប់ដោះស្រាយមុនគ្នាទៅរកការងារធ្វើបាន […]

• […] នៅពេលដែលកត្តាចៃដន្យកើតឡើង វានឹងលេចឡើងនូវមនុស្ស ២ ប្រភេទ។ ប្រភេទទី ១៖ រាយការណ៍ឱ្យថ្នាក់លើ និងបន្ទោសថ្នាក់ក្រោម។ ប្រភេទនេះ យកល្អមិនចាំបាច់ប្រើទេ ហើយយកគេឱ្យទៅរៀនសូត្រ ហើយដាក់គេទៅកាន់កន្លែងណាមួយ ដែលមិនចាំបាច់ឱ្យមានការទទួលខុសត្រូវទេ […] មន្ត្រីមួយទៀត ឈ្មុសឈ្មុលអនុវត្តការងារ ដោះស្រាយបញ្ហានៅនឹងកន្លែង រួមសុខរួមទុក្ខជាមួយថ្នាក់ក្រោម។ ពិតហើយការសុំជំនួយ ឬរាយការណ៍ឱ្យខាងលើត្រូវធ្វើ […] ត្រូវជម្រុញការបណ្តុះបណ្តាល ហើយនឹងតែងតាំងឱ្យសមស្របទៅតាមតួនាទីរបស់គេ […]

• […] វិធីសាស្ត្រដឹកនាំ និងធ្វើការងារ ដំបូងបំផុតរៀបចំផែនការឱ្យបានល្អ ឱ្យជាក់លាក់ ឱ្យសត្យានុម័ត ដោយគិតគូរគ្រប់ទិដ្ឋភាពទាំងអស់។ កុំរៀបចំផែនការប្រកបដោយមហិច្ឆតា តែធ្វើមិនបាន បន្ទាប់ពីការរៀបចំផែនការហើយ ត្រូវចាត់តាំងអនុវត្ត។ ទាំងពីរនេះ គឺមិនទាន់គ្រប់គ្រាន់ទេ ត្រូវត្រៀមរៀបចំដើម្បីឆ្លើយតបនឹងកត្តាចៃដន្យដែលវាកើតឡើង […]

សម្ដេចតេជោ ហ៊ុន សែន, ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល, ២៥ កុម្ភៈ ២០២០

សារ និងសេចក្ដីអធិប្បាយ ជូនជនរួមជាតិ ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវីដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធី «ទំនិញគ្រប់មុខ លើកលែងអាវុធ» (EBA)

គាំពារវិស័យទេសចរណ៍

… មន្រ្តីកម្ពុជាតាមក្រសួង-ស្ថាប័ននានា កាត់បន្ថយការចូលរួមការប្រជុំនៅក្រៅប្រទេស … ចាត់តាំងអគ្គរដ្ឋទូត … ចូលរួម … ត្រូវទៅ ១០ នាក់ កាត់បន្ថយនៅត្រឹម ៣ ទៅ ៤ នាក់ … ខ្ញុំគិតថា នឹងមានការបើកប្រជុំគណៈរដ្ឋមន្រ្តីនៅខេត្តសៀមរាប ដើម្បីឲ្យខេត្តអាចទទួលបានភ្ញៀវទេសចរក្នុងស្រុក … ថ្ងៃក្រោយ ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់របស់យើង (អាច)ទៅបើកប្រជុំនៅខេត្តសៀមរាបតែម្តង ដើម្បីឲ្យសណ្ឋាគារខេត្តសៀមរាប និងភោជនីយដ្ឋាននៅខេត្តសៀមរាបអាចទទួលបាននូវភ្ញៀវទេសចរ។

… ឥឡូវនេះ ជើងហោះហើរមួយចំនួនត្រូវបានផ្អាក … ហើយភាពមិនច្បាស់លាស់នៃជំងឺទៅតាមប្រទេសក៏ស្ថិតក្នុងស្ថានភាពត្រូវប្រុងប្រយ័ត្ន។ ដូច្នេះ សុំបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសក្នុងមួយឆ្នាំជាងមួយលាននាក់ ងាកមករិះរកការធ្វើដំណើរក្នុងស្រុករបស់យើង ទៅកាន់តំបន់ទេសចរណ៍នានា ក្នុងនោះឲ្យអាទិភាពខ្ពស់ទៅលើខេត្តសៀមរាប … ដើម្បីជួយស្រោចស្រង់នូវវិស័យទេសចរណ៍របស់យើង ចំពោះមុខការធ្លាក់ចុះនៃទេសចរបរទេស … … (ខ្ញុំ)សុំអំពាវនាវឲ្យម្ចាស់សណ្ឋាគារបន្ធូរបន្ថយថ្លៃតាមលទ្ធភាពដែលអាចធ្វើទៅបាន ជាជាងទុកបន្ទប់ចោល … ជាការបំពេញឲ្យគ្នា …។

… យើងធ្លាប់ធ្វើសង្រ្កាន្តថ្នាក់ជាតិ ប៉ុន្តែចាប់ពីឆ្នាំទៅមកដល់ឆ្នាំនេះ យើងមិនបានត្រៀមរៀបចំដើម្បីធ្វើអង្គរសង្រ្កាន្តទេ។ សង្រ្កាន្តអាចធ្វើបានគ្រប់ខេត្ត … សៀមរាបអាចធ្វើសង្រ្កាន្តនៅសៀមរាប ហើយក៏សុំឲ្យក្រុមហ៊ុនប្រគុំតន្រ្តីឧស្សាហ៍ទៅប្រគុំ តន្ត្រីនៅខេត្តសៀមរាប ដែលជាការទាក់ទាញសម្រាប់ការទទួលបានភ្ញៀវទេសចរ (រួមដោយ)កម្មវិធីមួយចំនួន ដែលអាចធ្វើទៅបាន ដូចជាកម្មវិធីសាសនា ការប្រកួតកីឡា … ហេតុអ្វីមិនលុបតម្លៃការលក់(សំបុត្រចូលទស្សនាប្រាសាទ)តែម្តងទៅ ដើម្បីទាក់ទាញភ្ញៀវទេសចរ? បើយើងមើលទៅក្នុងចំណុចនេះ វាហាក់ដូចជាការលុបពាក់កណ្តាលទៅហើយ ព្រោះសំបុត្រមួយថ្ងៃអាចចូលមើលបាន ២ ថ្ងៃ … លុបបាត់ពាក់កណ្តាលហើយ …។

សម្ដេច តេជោ ហ៊ុន សែន , សារជូនជនរួមជាតិ ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវីដ-១៩) និងការព្យួរEBA, ២៤ កុម្ភៈ ២០២០

សុន្ទរកថា និងសេចក្តីអធិប្បាយ បិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ ក្រសួងមហាផ្ទៃ

• […] សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៅលើបញ្ហាការអនុវត្ដនូវគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព»។ ខ្ញុំចង់ឲ្យចលនានេះក្លាយជាចលនារួមរបស់យើងទាំងអស់គ្នា […] ត្រូវប្រមូលផ្ដុំអនុវត្ដឲ្យបានល្អបំផុតនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព […] គ្មានឧក្រិដ្ឋកម្មណាមួយដែលវាមិនបានកើតឡើងនៅទឹកដីភូមិនោះទេ ទីតាំងមជ្ឈិមក៏ដោយ ទីតាំងខេត្ដក៏ដោយ ទីតាំងស្រុកក៏ដោយ ទីតាំងឃុំក៏ដោយ វានៅនឹងភូមិនោះឯង […]

• […] ៨៦% នៃការជឿទុកចិត្តលើសមត្ថភាពគ្រប់គ្រងរដ្ឋ និយាយមួយបែបជំនឿទុកចិត្តលើគណបក្សប្រជាជនក្នុងការរក្សាសន្ដិភាព និងសុវត្ថិភាពឲ្យពួកគេ […] ត្រង់ហ្នឹងហើយដែលយើងត្រូវប្រឹងបន្ដ […] បោសសម្អាតឧក្រិដ្ឋកម្ម […] កាត់បន្ថយការភ័យខ្លាចរបស់ពួកគាត់ទៅលើចោរលួចប្លន់ ទៅលើពួកគ្រឿងញៀន ហិង្សានានា […]

• […] (ស្តាប់)ដំបូង(ពីការស្នើឲ្យតម្លើងការផាកពិន័យ និងដកសិទ្ធិបើកបរ ក៏អាចមានការ)គិតថា នាយករដ្ឋមន្រ្តីដាក់ទណ្ឌកម្មចំពោះប្រជាពលរដ្ឋ […] (តាមពិត ធ្វើដូចនេះ គឺដើម្បី)ការពារជីវិតគាត់ផង ការពារចំពោះអ្នកធ្វើដំណើរដទៃទៀត […] ទីចុងបំផុត វាសុវត្ថិភាពទាំងអស់គ្នា […]

• […] មានការធ្វើអត្ថាធិប្បាយមួយចំនួន […] ថា (ជា)ជម្លោះការទូតតូចមួយរវាងកម្ពុជា និងម៉ាឡេស៊ី លើបញ្ហាទាក់ទងជាមួយស្ត្រីជនជាតិអាមេរិកាំងម្នាក់អាយុ ៨៣ ឆ្នាំ […] មិនមែនជាជម្លោះទេ។ សុំបញ្ជាក់។ គ្រាន់តែកម្ពុជាសុំការពន្យល់តែប៉ុណ្ណោះ […] បន្ទាប់ពីនាវា Westerdam មិនត្រូវឲ្យទទួលការចូលចតនៅកន្លែងណាទាំងអស់ (ការអនុញ្ញាតឲ្យចូលចត មានន័យថា)កម្ពុជាបានធ្វើកិច្ចការមួយនេះដោយមនុស្សធម៌សុទ្ធសាធ [… ]

សម្ដេចតេជោ ហ៊ុន សែន, បិទសន្និបាតក្រសួងមហាផ្ទៃ, ២០ កុម្ភៈ ២០២០