កម្ពុជាផ្តល់ម៉ាស ២ លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួន ដល់ មិត្ត ឡាវ

សារលិខិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះ នាយករដ្ឋមន្រ្ តីឡាវ, តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២ លាន និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើទៅទីក្រុងវៀងច័ន្ទន៍ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕

បទអន្តរាគមន៍ ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ៣

ឯកឧត្ដម លី​ កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាសហប្រធាននៃអង្គប្រជុំ ឯកឧត្ដមថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសតំបន់មេគង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំមានក្ដីសោមនស្សជាអនេក ដែលយើងអាចរៀបចំ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ៣ (MLC) នេះឡើងបាន តាមរយៈប្រព័ន្ធវីដេអូ ខណៈដែលសកម្មភាពនានា ក្នុងសកលលោកត្រូវបានបង្អាក់ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។ ក្នុងបរិបទនេះ ខ្ញុំយល់ឃើញថាប្រធានបទ៖ «ការលើកកម្ពស់ភាពជាដៃគូដើម្បីវិបុលភាពរួម» គឺមានសារៈសំខាន់ណាស់ ស្របពេលដែលយើងមានភាពចាំបាច់ក្នុងការពន្លឿននូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបញ្ជាក់សាជាថ្មីនូវឆន្ទៈដ៏មោះមុតរបស់យើង ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងទៀត ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម​ និងសេដ្ឋកិច្ចប្រកបដោយក្ដីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់។ ក្នុងបរិការណ៍ ដែលយើងកំពុងតែបន្តប្រឈមនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈជាសកលនេះ ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺពិតជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់យើងរួមគ្នាលើកកម្ពស់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាការពិត…

សន្និសីទសារព័ត៌មានរួម រវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ

ឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកសារព័ត៌មាន! លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជម្រុញទំនាក់ទំនងមានស្រាប់ ពង្រឹងទំនុកចិត្ត ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលយើងបានធ្វើនៅថ្ងៃនេះ ដំបូង ខ្ញុំគួរតែបញ្ជាក់ថា ភាគីទាំងពីរបានចុះហត្ថលេខាអម្បាញ់មិញទៅលើសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះមានការចែងអំពី ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលចាត់ទុកថាជាសមិទ្ធផលដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងបានប្រឹងប្រែងធ្វើការច្រើនហើយ ដើម្បីទទួលមរតកប្រវត្តិសាស្រ្ត ដែលដូនតានៃប្រទេសទាំងពីរបានបន្សល់ទុក ក្នុងឋានៈជាប្រទេសជិតខាងភូមិផងរបងជាមួយ និងប្រកបដោយមិត្តភាព។ ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អនុញ្ញាតឱ្យយើងជម្រុញបន្ថែមទៀតនូវទំនាក់ទំនងដែលមានស្រាប់ ហើយកាន់តែពង្រឹងនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។ រៀបចំសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ លើសមិទ្ធផលសម្រេចបាន ៨៦%, ដូរបង្គោលព្រំដែនចាស់/តូច យើងបានពិភាក្សាគ្នាយ៉ាងច្រើនទៅលើបញ្ហាមួយចំនួន នៅក្នុងនោះ ក៏សូមបញ្ជាក់ជូនអ្នកសារព័ត៌មានឱ្យបានជ្រាប ទាក់ទងជាមួយនឹងបញ្ហាព្រំដែន នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នា ដើម្បីធ្វើការរៀបចំឱ្យមានសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ ពាក់ព័ន្ធទៅនឹងសមិទ្ធផលដែលយើងសម្រេចបាន ៨៦% រួចមកហើយ​។ នេះជាកិច្ចការសំខាន់ណាស់ ដែលកាលមុននេះ ព្រំដែននៃប្រទេសទាំងពីរពុំមានភាពច្បាស់លាស់នោះទេ ក៏ប៉ុន្តែពេលនេះ ដោយសារយើងបានធ្វើកិច្ចការច្រើនហើយ យើងព្រមព្រៀងគ្នាឱ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ​ព្រៀងនូវសន្ធិសញ្ញា ដើម្បីទទួលយកនូវលទ្ធផល ៨៦%។ យើងក៏បានព្រមព្រៀងគ្នាផងដែរ អំពីការដូរបង្គោលព្រំដែន…