សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៨-២០១៩

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ] ការយឺតយ៉ាវដោយជាប់ដោះស្រាយបញ្ហាអគ្គិសនី ខ្ញុំសូមអភ័យទោសពីសំណាក់អង្គសន្និបាត ដែលខ្ញុំមកយឺតប្រហែលជា ៧ នាទី។ ការយឺតយ៉ាវបញ្ហាធំជាងគេ គឺរឿងការដោះស្រាយអគ្គិសនី។ យប់មិញនេះ ខ្ញុំនៅរហូតទៅដល់ម៉ោងជិត ១ យប់ ដើម្បីឆ្លើយឆ្លងជាមួយប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា។ ពេលដែលចុះមកអម្បាញ់មិញនេះ ការសម្រេចមួយចំនួនក៏ត្រូវដោះស្រាយធ្វើឱ្យមានការយឺតយ៉ាវនៅទីនេះ។ ក្នុងនោះ ប្រហែលជាមានព្រះរាជាណាចក្រថៃនៅទីនេះហើយ​។ ការចុះហត្ថលេខាផ្គត់ផ្គង់បន្ថែម ក៏សុំមេត្តាថាធ្វើម៉េចជួយជម្រុញមកឱ្យកម្ពុជា បើបានមុនកាលកំណត់ក៏ជាការល្អ។ ខាងឡាវក៏បានចុះហត្ថលេខាហើយ បើសិនជាបានបញ្ជូនកាន់តែលឿនកាន់តែល្អ។ អម្បាញ់មិញខ្ញុំចុះហត្ថលេ​ខា​ជូនទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើសុំឱ្យមានការផ្គត់ផ្គង់បន្ថែម ក្នុងចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ បន្ថែមទៀត។ គ្រោះរាំងស្ងួត និងកំណើននៃសំណង់ ធ្វើឱ្យជួបបញ្ហាកង្វះអគ្គិសនីមិនធ្លាប់ជួប យើងកំពុងតែធ្វើការជាមួយទួគី ហើយថ្ងៃស្អែកនេះ គណៈប្រតិភូទួគីនឹងមកចរចានៅទីក្រុងភ្នំពេញនេះ។ ប្រ​ហែលជាយើងចៀសមិនផុតពីការត្រូវអូសនាវាផ្ទុកដោយម៉ាស៊ីនភ្លើងដើរដោយប្រេងខ្មៅ ចូលមកកាន់រាជធា​នីភ្នំពេញតែម្តង ប្រមាណជា ២០០ មេហ្គាវ៉ាត់បន្ថែម។ រឿងនេះ វាជាអកុសលសម្រាប់យើង។ ឆ្នាំនេះ គឺ​​ជាឆ្នាំដែលមានការហួតហែង ធ្វើឱ្យអគ្គិសនីរបស់យើងជួបកង្វះ(អគ្គិសនី)ប្រមាណ ៤០០ មេហ្គាវ៉ាត់។ នេះជារឿងយើងមិនធ្លាប់(ជួបប្រទះ)។ ឯរឿងមួយទៀត សំណង់កើនឡើងខ្លាំងណាស់ ដែលធ្វើឱ្យការវាយតម្លៃកាលពីពេលមុនវាអត់ត្រូវទេ។ យើងត្រូវការអគ្គិសនីបន្ថែម តែមុនទៅដល់ការបន្ថែមនោះ គឺមានតម្រូវការយកនាវារបស់ទួគីយកមកដាក់ប្រមាណជា ៣​ ឆ្នាំសិន។…

សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រនិស្សិត គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថាន ជាតិអប់រំ

កម្ពុជា ប្រទេសមាតាធិបតេយ្យ ថ្ងៃនេះ មានមុខទៀតហើយ។ កាលពីថ្ងៃច័ន្ទយើងជួបគ្នាម្តង ជាមួយនឹងនិស្សិត នៃសាកលវិទ្យាល័យភ្នំ​ពេញអន្តរជាតិ ហើយថ្ងៃនេះ ​គឺជួបជុំគ្នានៅពេលព្រឹក នូវការចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ របស់យើងនេះ និងពេលល្ងាចក៏ត្រូវចូលរួមក្នុងសន្និបាត នៃក្រសួងអប់រំ ទាក់ទងនឹងវិស័យអប់រំដដែល។ ខ្ញុំពិតជាមានការរីករាយ ដោយសារតែរៀងរាល់ឆ្នាំ គឺបានមកជួបជុំគ្នានៅទីនេះ។ អម្បាញ់មិញ ឯកឧត្តម ពិត ចំណាន បានអាននូវចំណុចមួយ ប្រហែលជាចាប់អារម្មណ៍ទេថា ទេវតាឆ្នាំចាស់តាមថែរក្សាទេវតាឆ្នាំថ្មី។ ក្រែងលោខ្ញុំស្តាប់ច្រឡំ។ អញ្ចឹង ឱ្យទេវតាមួយទៅតាមថែទេវតាមួយទៀត? ប៉ុន្តែ យើងឆ្ងល់ដែរម៉េចបានទេវ​តាសុទ្ធតែស្រីៗ ដូចជាមិនមានប្រុសសោះ? ចាត់ទុកថា ប្រទេសរបស់យើងនេះជាប្រទេសមាតាធិបតេយ្យ​ពិតប្រាកដហើយ។ អញ្ចឹង ៨ មីនា មិនមែនរឿងដាច់ដោយឡែកមួយទេ ក៏ប៉ុន្តែ គេអាចកត់សម្គាល់បានអំពីប្រទេសមួយដែលយកតួនាទីស្រ្តីជាធំ។ គេមិនដែលហៅ បាភូមិទេ គេហៅមេភូមិ មេឃុំ មេស្រុក មេខេត្ត មេបញ្ជាការ សុទ្ធតែមេទាំងអស់។ ប៉ុន្តែ យើងនាំធ្វើបុណ្យសម្រាប់ស្រ្តី ហ្នឹងគឺជារឿងមួយហើយ។ ពីអតីតកាល បណ្តុះបណ្តាលវគ្គខ្លីៗ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកជួបជុំជាមួយនឹងនិស្សិតគ្រប់ផ្នែក ដែលបញ្ចប់ការសិក្សា…

សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយនៅដើមសប្តាហ៍ក៏ចាប់ផ្តើមមកកាន់ទីនេះទៀត ដែលកាលពីអាទិត្យមុន គឺពីរដង អាទិត្យនេះត្រូវពីរដងទៀត ដែលទាក់ទងនឹងវិស័យអប់រំ ហើយដែលសាកលវិទ្យាល័យនានា ក៏ចង់បានអោយខ្ញុំព្រះករុណាខ្ញុំ មកចែកជូនសញ្ញាបត្រសម្រាប់និស្សិតជ័យលាភី។ ការបណ្តុះបណ្តាលធនធានមនុស្ស ការងារជាអាទិភាព ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយថ្ងៃនេះ យើងបានទទួលធនធានមនុស្សបន្ថែមទៀត សម្រាប់ប្រទេសជាតិរបស់យើង ដែលវាស្ថិតនៅក្របខណ្ឌនៃការងារអាទិភាព ទាក់ទងជាមួយនឹងបញ្ហាការបណ្តុះបណ្តាលនេះ​។ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិថ្ងៃនេះ ក៏បានបញ្ចេញនិស្សិតដែលបានបញ្ចប់ការសិក្សា ១ ២៤៥ នាក់ ដូចដែលសាកលវិទ្យាធិការ ទេព កុលាប បានធ្វើរបាយការណ៍ អម្បាញ់មិញ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជាកិច្ចការមួយដ៏សំខាន់ទៅលើការគ្រប់គ្រង និងបណ្តុះបណ្តាល។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហា។ បើពិនិត្យរឿងអតីតកាលបន្តិច គឺមិនគួរថា សាកលវិទ្យាល័យនេះអាចឈរដល់សព្វថ្ងៃនេះបានទេ។ នៅក្នុងកាលៈទេសៈដ៏លំបាក ដែលកូន ទេព កុលាប បានជួបប្រទះនូវរឿងបញ្ហាក្តីក្តាំនៅក្នុងតុលាការ។ ក៏ប៉ុន្តែ អ្នកទាំងឡាយដែលនៅទីនេះ ជាសាស្រ្តាចារ្យ ជាបុគ្គលិក និងអតីតនិស្សិតរបស់សាកលវិទ្យាល័យនេះ ក៏បាននៅបន្តខិតខំដើម្បីធ្វើអោយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនេះ បន្តឈរជើងរហូតមកដល់ពេលនេះ។ នេះអាចចាត់ទុកថា…