សុន្ទរកថា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ » របស់ក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១ ថ្ងៃកន្លះ កន្លងទៅនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតមៃ្លខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៃក្រសួងមហាផ្ទៃ ដែលបានខិតខំរួមគ្នាបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ។ ពាក់ព័ន្ធកិច្ចការក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ខ្ញុំបានធ្វើការកត់សម្គាល់នូវសមទិ្ធផលសំខាន់ៗមួយចំនួនរួមមាន៖ ១. ស្របពេលដែលបរិការណ៍ពិភពលោក ទាំងក្នុងទិដ្ឋភាព ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច សង្គម ជាពិសេសស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍប្រែប្រួលកាន់តែស្មុគស្មាញ ដែលផ្តើមដោយការរីករាលដាលនៃអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាឤវុធនុយក្លេអ៊ែរ ជម្លោះប្រដាប់ឤវុធ កំណើននៃជនភៀសខ្លួន និងបញ្ហាប្រឈមនានាជាច្រើនទៀត ក៏កម្ពុជាយើងនៅតែរក្សាការពារបាននូវសន្តិសុខជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមទាំងមូលយ៉ាងល្អប្រសើរ។ ២. ទន្ទឹមនេះ យើងបានខិតខំរួមគ្នាបន្តរក្សាការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពារស្ថាប័ននានារបស់ជាតិ…