សេចក្តីដកស្រង់ប្រសាសន៍ សំណួរ/ចម្លើយសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃជំងឺ Covid-19

ទូរទស្សន៍ក្រសួងមហាផ្ទៃ NiceTV៖ ខ្ញុំមានពីរសំណួរជូនសម្ដេចនៅពេលនេះ។ សំណួរទី ១ តាមការព្យាករណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា វិស័យសេដ្ឋកិច្ចជាតិរបស់យើង មានឱនភាពខ្លាំងដោយសារតែជំងឺ COVID-19 នៅឆ្នាំ ២០២០ នេះ។ តើសម្ដេចមានយុទ្ធសាស្រ្តបែបណា ដើម្បីទប់ស្ដាត់ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិរបស់យើង? សំណួរទី ២ រវាងផលប៉ះពាល់ EBA និងជំងឺ COVID-19 តើមួយណាមានផលប៉ះពាល់ធ្ងន់ធ្ងរជាង? អរគុណសម្រាប់ការសួរនូវសំណួរនេះ។ ពិភពលោកបច្ចុប្បន្ននេះ គ្មានប្រទេសណាមួយដែលមិនរងផលប៉ះពាល់ទេ។ គ្រាន់តែផលប៉ះពាល់ហ្នឹង វាមានទំហំប៉ុនណា មិនទាន់វាយតម្លៃបាន ដោយសារជំងឺ COVID-19 វាមិនកម្រិតបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ ផលប៉ះពាល់ វាកើតមានហើយ។ កំណើនសេដ្ឋកិច្ចពិភពលោក និងគ្រប់ប្រទេសទាំងអស់សុទ្ធតែធ្លាក់ចុះ។ ម្សិលម្ង៉ៃ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជូនមកខ្ញុំ នូវផ្នែកនានាដែលទទួលផលប៉ះពាល់ និងផ្នែកដែលមានកាលានុវត្តភាព។ នៅក្នុងផ្នែកដែលមានកាលានុវត្តភាព គេមានដាក់ផ្នែកកសិកម្មនៅខាងលើប្រេង បន្ទាប់ទៅមានអីទៀត(អញ្ចឹងទៅ)។ ខ្ញុំបាននិយាយលេងជាមួយកូនៗ របស់ខ្ញុំ។ ខ្ញុំប្រាប់ថា ចង់ឆ្លើយទៅឯកឧត្តម ប្រាក់ សុខុន (ដឹងថា)មិនមែនជារបស់ឯកឧត្តម ប្រាក់…

សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

[…] ការគ្រោងប្រជុំ អាស៊ាន-អាមេរិក ត្រូវធ្វើនៅថ្ងៃទី ១៤ មីនា ប៉ុន្តែក្នុងសភាពការណ៍ដ៏ពុះកញ្ជ្រោលនៃបញ្ហាទាក់ទិនជាមួយនឹងវីរុស Covid-19 ថ្មី តម្រូវឱ្យមានការលើកពេលដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump […] ខ្ញុំព្រះករុណាខ្ញុំ យល់ថា Covid-19 គឺជាមូលហេតុចម្បង […] ខ្ញុំគាំទ្រនឹងទង្វើរបស់ប្រធានាធិបតី Donald Trump […] មិនថាគាត់ មិនថាពួកយើងអាស៊ានទេ មានកិច្ចការរវល់លើការគ្រប់គ្រងសភាពការណ៍ជំងឺនេះ (Covid-19) […]

[…] ខ្ញុំព្រះករុណាខ្ញុំ បានដើរដល់ចំណុចថា នៅ(ពេល)ខាងមុខខ្ញុំនឹងចាត់ទុកថា អ្នកបំផុសព័ត៌មាន ដូចជាការដួលស្លាប់ (ដោយ)ជំងឺ Covid-19 នេះ ជាពួកភេរវករ […] (សួរថាដែល)ជនទុច្ចរិត(ធ្វើដូចនេះ) អ្នកឯងទទួលបានអីមកវិញ ពីការដែលអ្នកឯងបំផុសព័ត៌មាន […] ដែលបង្កការភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ក្រុមគ្រួសាររបស់អ្នកឯង […]

[…] ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សុំអំពាវនាវកុំឱ្យ(ស្លៀកពាក់សិចស៊ី) […] ខ្ញុំបាននិយាយ រកស៊ីទៅអាអនឡាញហ្នឹង អាណិតសុំតែកុំ live លក់(សិចស៊ី)។ រួចហើយគេថា យើងហ្នឹងរំលោភសិទ្ធិមនុស្ស ប៉ុន្តែ អ្នកឯងបានមើលច្បាប់ អំពីបញ្ហាទាក់ទងនឹងការជួញដូរមនុស្ស ការការពាររក្សាប្រពៃណីទំនៀមទម្លាប់ទេ? […] និយាយឡើងថា វប្បធម៌ខ្មែររលំរលាយហើយ ចុះបើឯងទៅធ្វើអញ្ចឹងវាមិនរលំរលាយ? […]

សម្តេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រដល់ដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប, ថ្ងៃទី ២ មីនា ២០២០

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធ និងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារ

“… សូមថ្លែងការអរគុណចំពោះការឧបត្ថម្ភរបស់ប្រិយមិត្ត និង រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ឱ្យកម្ពុជានូវផ្សារព្រំដែននេះ ដែលជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ … ផ្សារព្រំដែននេះនឹងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋរបស់យើងរកស៊ីជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបាននូវស្ថានភាពឈ្នះឈ្នះនៃទំនាក់ទំនងរវាងពាណិជ្ជកម្មព្រំដែន … រវាងប្រទេសជិតខាង …”

“… សូមឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ពិនិត្យមើល(ទំហំទំនិញ)ដែលវៀតណាមនាំចូលមកកម្ពុជា និងទំនិញដែលកម្ពុជានាំចូលទៅវៀតណាម … ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើនការទិញពីកម្ពុជា ក្នុងនោះវៀតណាមបាន និងកំពុងទិញអង្ករពីកម្ពុជាចំនួន ៣០ ម៉ឺនតោន និងផលិតផលមួយចំនួនផ្សេងទៀត ដែលកម្ពុជាមាន …”

“… ពីមុននេះ ផ្លោងដាក់គ្នាទៅវិញទៅមកដោយគ្រាប់កាំភ្លើង ហើយទល់ដែនទាំងសងខាងសម្បូរគ្រាប់មីន។ ឥឡូវនេះ ផ្លោងទៅវិញទៅមកដោយទំនិញ ខាងវៀតណាមបញ្ជូនទំនិញមកលក់ឱ្យកម្ពុជា កម្ពុជាបញ្ជូនទំនិញទៅលក់ឱ្យវៀតណាម ហើយយើងខិតខំបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ … បន្តទៅទៀត ខ្ញុំចង់ចង្អុលបង្ហាញគ្រោងធ្វើ(ផ្សារ)នៅក្នុង ខេត្តកំពត និងស្វាយរៀង ២ ខេត្តនេះ គប្បីប្រើថវិកាជាតិធ្វើតែម្តងទៅ។ កាលពីមុនយើងអត់មាន(លទ្ធភាព) អញ្ចឹងយើងសុំមិត្ត …”

សម្ដេចតេជោ ហ៊ុន សែន, សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារដារ) នៅខេត្តត្បូងឃ្មុំ, ២៤ ធ្នូ ២០១៩