សេចក្តីដកស្រង់សារសំឡេង ស្តីពី ការទប់ស្កាត់ការចល័តរបស់ប្រជាជន ចេញពីខេត្តព្រះសីហនុ ទៅរាជធានី-ខេត្តផ្សេងទៀត

ពិនិត្យមើលទាក់ទិនជាមួយករណីកើនឡើងនៃអ្នកមានវិជ្ជមាន(កូវីដ១៩) នៅខេត្តព្រះសីហនុ គប្បីយកវិធានការបន្ទាន់ ។ វិធានការទី ១ គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេង​ គឺធ្វើម៉េចកាត់បន្ថយ ខិតខំដើម្បីចលនាមនុស្សកុំឲ្យចេញ។ តាមវិធី(ស្តីពី)ការគ្រប់គ្រងដែលយើងបានកំណត់នៅតាមទីតាំងនានា ហ្នឹងគឺយើងបិទរួចទៅហើយ ប៉ុន្តែអ្នកដទៃទៀតដែលមិនទាន់បានពិនិត្យ គួរតែត្រូវមានការរារាំងកុំឲ្យការធ្វើដំណើរ។ យើងមិនអាចបិទបានទាំងស្រុងទេ ដោយសារតែវាពាក់ព័ន្ធជាមួយការនាំចេញនាំចូលទំនិញ ប៉ុន្តែអាចតម្រូវឲ្យមានការខិតខំទប់ស្កាត់(ចរាចរណ៍មនុស្ស ដើម្បីទប់ស្កាត់)ការរីករាលដាលទៅកាន់ខេត្តផ្សេង ចម្លងទៅខេត្តផ្សេង។ អញ្ចឹង ក៏សុំឲ្យគេស្នាក់នៅខេត្តព្រះសីហនុ កុំឲ្យចេញមកក្រៅដូចជាកែប កំពត ឬក៏មកតាមផ្លូវជាតិលេខ ៤ អាហ្នឹងវិធានការទី ១។ វិធានការទី ២ គឺជម្រុញការចាក់វ៉ាក់សាំង ហើយនឹងបន្តវ៉ាក់សាំងសម្រាប់អ្នកមានអាយុពី ៥៩ ឆ្នាំចុះ និងថែមទៅ(ដោយវ៉ាក់សាំង) AstraZeneca សម្រាប់ប្រជាពលរដ្ឋផង និងសម្រាប់មន្រ្តីរាជការផង ដែលមានអាយុលើសពី ៦០ ឆ្នាំ រាប់ទាំងជនចូលនិវត្តន៍។ ជម្រុញការបង្កើនការចាក់វ៉ាក់សាំងហើយត្រូវគ្រប់គ្រងឲ្យបាននូវសភាពការណ៍ទាំងឡាយដែលបាន និងកំពុងវិវឌ្ឍអាក្រក់នៅទីនោះ។ ឥឡូវនេះបញ្ហាសំខាន់ (រាំងស្កាត់)កុំឲ្យរីកចេញពីខេត្តព្រះសីហនុទៅខេត្តផ្សេង។ អញ្ចឹង រកវិធីដោះស្រាយបញ្ហាហ្នឹងតាមរយៈការរៀបចំរបៀបណាកុំឲ្យរថយន្ត(ទាំងឡាយ) ក្រៅពីរថយន្តដឹកទំនិញ វាមានរថយន្តអ្នកធ្វើដំណើរ(ចេញពីខេត្ត)។ ឥឡូវរកវិធីទៅ។ សំខាន់រកវិធីខ្ទប់មាត់ច្រក ហាមឃាត់រថយន្ត។ សំខាន់ពល​រដ្ឋចិនមួយចំនួនដែលធ្វើការនៅទីនោះ។ យើងត្រូវគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក។ យើងគ្រប់គ្រងបានហើយ (តែ)ក្រែងលោមានអ្នកដែលយើងមិនទាន់បានពិនិត្យ។…

វ៉ាក់សាំង ៣២៤ ០០០ ដូស ជំនួយបឋមពីមជ្ឈមណ្ឌលកូវ៉ាក់ នឹងមកដល់កម្ពុជា នារាត្រីថ្ងៃ ២ មីនា ២០២១

បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤ ០០០ ដូស ក្នុងចំណោម១ ១០៤ ០០០ ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី ១ ឆ្នាំ ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង ១៩:៥០ ល្ងាច ថ្ងៃទី ២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា នៅយប់ថ្ងៃទី ២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិ ដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគម្រោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ ភាគរយ នៃចំនួនប្រជាជន ១៦ លាននាក់ ដែលស្មើនឹង ៣ លាន ២សែន នាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦ លាន ៤ សែន ដូស។…

ដកស្រង់សារសំឡេងពិសេសទាក់ទងស្ថានភាពជំងឺកូវីដ-១៩ និងវិធានការបន្ទាន់

ក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំមានសារបន្ទាន់មួយទៀតដើម្បីផ្ញើជូនសម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ កាលពីថ្ងៃទី ២០ នោះ ខ្ញុំព្រះករុណាខ្ញុំមិនបានឱ្យប្រកាន់យកវិធានការតឹងតែងហួសហេតុពេកទេ ដោយសារតែ(យើងកំពុង)តាមដានពិនិត្យមើលព្រឹត្តិ​ការណ៍(និងការ)វិវត្ត។ ក្នុងរយៈកាលបីថ្ងៃកន្លងទៅនេះ ចំនួនអ្នកឆ្លងគឺនៅបន្ត ចំនួនទីកន្លែងដែលត្រូវបិទ និងស្រាវជ្រាវក៏កាន់តែមានការលំបាក បូករួមទៅដោយភាពរាយប៉ាយដែលធ្វើឱ្យយើងត្រូវប្រកាន់យកនូវវិធានការចាំបាច់មួយចំនួនផ្សេងទៀត ដែលក្នុងនោះ វិធានការទី ១ ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា សូមបិទនូវសាលារៀនទាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន ២ សប្តាហ៍ យ៉ាងតិច។ នេះគឺជាវិធានការដើម្បីឆ្លើយតបការពារសម្រាប់គ្រូបង្រៀន សិស្សា​នុសិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ។ ទាំងសាលារដ្ឋ និងឯកជនត្រូវធ្វើដូចគ្នា ដែលរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសក្នុងពេលបន្តិចទៀតនេះ។ ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលការ គឺប្រសិនបើអាចពន្យារបាន គឺសូមពន្យារ(ពេលសិន) ប្រសិនមិនអាចពន្យារបានទេ សូមមេត្តាកាត់បន្ថយចំនួនមនុស្សឱ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។ នេះគឺជាវិធានការដើម្បីឆ្លើយតបចំ​ពោះ​ការរីករាយដាលទ្រង់ទ្រាយធំ ដែលមកដល់ពេលនេះទំហំប្រតិបត្តិការបស់យើងកាន់តែធំទៅៗ។ មុខសញ្ញាដែលត្រូវគ្រប់គ្រងក៏កាន់តែច្រើន។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការយល់នូវការលំបាក(របស់)អ្នកដែលត្រូវរៀបការកូន ចំពោះការរើសពេលវេលាក្នុងការរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី។ ដូច្នេះ ប្រសិនបើពន្យារបានគឺពន្យារ ប៉ុន្តែប្រសិនបើមិនអាចពន្យារបានទេ…