សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
ថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់ សុខសប្បាយទេក្មួយៗ? … អរគុណណាស់ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកកាន់ខេត្តកំពង់ចាម ហើយដែលជាទិសដៅមួយក្នុងចំណោមទិសដៅ ដែលខ្ញុំត្រូវធ្វើដំណើរចុះជួបកម្មករ/ការិនី។ ថ្ងៃនេះ អាចចាត់ទុកថា ជាជំនួបដ៏ធំមួយ ដែលយើងមានកម្មករ/ការិនីរហូតដល់ជាង ២ ម៉ឺន ២ ពាន់នាក់ មកចូលរួម។ អនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗជាកម្មករ/ការិនីទាំងអស់ ដែលបានចូលរួម ហើយសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលបានសហការជាមួយនឹងអាជ្ញាធរដែនដី សម្រាប់ការរៀបចំនូវជំនួបនេះ។ អរគុណចំពោះម្ចាស់រោងចក្រទាំង ៨ ដែលបានផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីបានមកជួបខ្ញុំនៅថ្ងៃនេះ ជាមួយនឹងការឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍ពេញមួយថ្ងៃ នៅថ្ងៃនេះបន្ថែមទៀត។ ធ្វើដំណើរដោយឧទ្ធម្ភាគចក្រ ព្រោះការងារនៅភ្នំពេញច្រើន ថ្ងៃនេះ ក្មួយៗពិតជាបានក្រោកពីយប់ ដើម្បីធ្វើដំណើរមកកាន់ទីនេះ ប៉ុន្តែពូក៏ត្រូវក្រោកពីព្រឹកដែរ។ ដោយសារតែឃើញថា កម្មវិធីនៅឯភ្នំពេញមមាញឹកខ្លាំងពេក ពូក៏ធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ ក្មួយៗអាចសួរថា ហេតុអ្វីចម្ងាយត្រឹមតែ ១ ម៉ោងកន្លះ ពីផ្ទះរបស់ពូ មកកាន់ទីនេះ ហើយចាំបាច់ធ្វើដំណើរមានឧទ្ធម្ភាគចក្រ? នោះក៏ជាសំណូមពរ នៃការងារដែលមានយ៉ាងច្រើន។ ពូក៏ចង់ពិនិត្យមើលផ្លូវដែលយើងបានសាងសង់ ចេញពីទីក្រុងភ្នំពេញមកថ្នល់បំបែក ហើយកាត់តាមស្រុកបាធាយ ជើងព្រៃ រហូតមកដល់ស្គន់…