សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
… (និយាយរឿងបាល់) ថ្ងៃនេះ បានជួបជុំក្មួយៗសាជាថ្មីម្ដងទៀត ប៉ុន្តែអ្នកនិយាយមុខដដែល ឯចំពោះអ្នកស្ដាប់មុខខុសពីមិ្សលមិញ។ មិ្សលមិញចំនួនជាង ២ ម៉ឺន ៤ ពាន់នាក់ ថ្ងៃនេះចំនួន ២ ម៉ឺន ១ ពាន់នាក់ជាង … មានមន្រ្តីរាជការ ក៏ដូចជាក្រុមគ្រូពេទ្យ និងកងសន្ដិសុខចូលរួមដែរ។ ឯថ្ងៃនេះ ក្មួយៗមកពីកន្លែងផ្សេងៗគ្នា ក្នុងនោះមានស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាផ្អៀរ ក្រុងកំពង់ឆ្នាំង ហើយក៏មានក្រុមបើកបររថយន្ត ដើម្បីដឹកកម្មករ/ការិនីផងដែរ។ កាល ៣២ ឆ្នាំមុន ប្រវត្តិនៅតំបន់ខ្លាគ្រហឹម ខេត្តកំពង់ឆ្នាំង ខ្ញុំចង់សួរបន្ដិចថា មានក្មួយៗណានៅម្ដុំ ខ្លាគ្រហឹម? ពូនៅចាំប្រវត្តិនៅខ្លាគ្រហឹមកាលពីឆ្នាំ ១៩៨៦។ បើគិតមកដល់ឥឡូវ ៣២ ឆ្នាំ។ កាលពេលនោះ ពូធ្វើដំណើរតាមទឹក។ ក្នុងរដូវវស្សា ទឹកឡើងខ្ពស់ ហើយកងទ័ពរបស់យើងបោះជំរុំនៅទីទួលមួយនៅវត្តខ្លាគ្រហឹមហ្នឹង។ បន្តទៅទៀត ទៅដល់ពាមឆ្កោក ទៅដល់ព្រៃគ្រីឯណោះ។ កាលហ្នឹង ពេលដែលមកពេលយប់។ ពួកអាពត ស្ទាក់បាញ់ស្លាប់កងទ័ពយើងប៉ុន្មាននាក់។ ខ្ញុំធ្វើដំណើរតាមកូនម៉ារីនតូច កាត់ទន្លេសាប។…